OPEC+ ឯកភាពគ្នា បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ

អង្គការ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង និង​ដៃគូ​សហការ (POEC+) ទើបតែ​បាន​យល់ព្រម​បង្កើន​ការផលិត​ប្រេង​ឆៅ​ឡើងដល់ ៦៤៨,០០០ ធុង/ថ្ងៃ នៅក្នុង​ខែកក្កដា និង​សីហា​ខាងមុខ។

តួលេខ​ខាងលើនេះ​ខ្ពស់ជាង​ច្រើន​ធៀប​នឹង​អត្រា​នៃ​ការបង្កើន​ទិន្នផល​ប្រចាំខែ​ដែល​គ្រោងទុក​មុន​នោះ គឺ ៤៣២,០០០ ធុង/ថ្ងៃ។ ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល សហភាព​អឺរ៉ុប កាត់បន្ថយ​ការនាំ​ចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី ដែល​ប្រការនេះ​បានដាក់​សម្ពាធ​ទៅលើ​ទីផ្សារ និង​បន្ត​រុញ​តម្លៃ​ប្រេង​ឡើង​កាន់តែ​ខ្ពស់។

សមាជិក​ចំនួន ៣ របស់ OPEC ដែល​នាំមុខ​ដោយ អា​រ៉ា​ប៊ី​សា​អូឌីត និង​ដៃគូ​សហការ​ចំនួន ១០ របស់​អង្គការ​នេះ ដែល​នាំមុខ​ដោយ រុស្ស៊ី បាន​កាត់បន្ថយ​ទិន្នផល​ប្រេង​ឆៅ​កាលពី​ឆ្នាំ ២០២០ ក្នុងពេលដែល​តម្រូវកា​រ​ថយចុះ​ដោយសារ កូ​វីដ-១៩។

នៅ​ចំពោះមុខ​ការជំរុញ​ពី​បណ្ដា​ប្រទេស​ប្រើប្រាស់​ប្រេង​ឆៅ​លំដាប់កំពូលៗរបស់​ពិភពលោក បណ្ដា​ប្រទេស​ជា​សមាជិក OPEC+ បាន​បង្កើន​ការផលិត​ឡើងដល់ ៤០០,០០០ ធុង/ថ្ងៃ ជា​រៀងរាល់ខែ ចាប់ពី​ឆ្នាំ​កន្លង។ យោងតាម Interfax ប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី និង រុស្ស៊ី នឹង​អាច​បង្កើន​ការផលិត​ប្រេង​ក្នុង​ខែកក្កដា ថែម ១៧០,០០០ ធុង/ថ្ងៃ ធៀប​នឹង​ខែមិថុនា ឡើងដល់ ១០,៨៣៣ ធុង/ថ្ងៃ។

Advertisement