មហាសេដ្ឋី Elon Musk បន្ត​លក់​ភាគហ៊ុន Tesla តម្លៃ​រាប់ពាន់​លាន​ដុល្លារ​បន្ថែមទៀត ក្នុង​ថ្ងៃទី ២៨ មេសា

នាយកប្រតិបត្តិរបស់ Tesla លោក Elon Musk

អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក បាន​លក់​ភាគហ៊ុន Tesla ជាង ៥ លាន​ហ៊ុន​ទៀត ក្នុងអំឡុង​ការជួញដូរ​នៅ​ផ្សារ​ហ៊ុន ថ្ងៃទី ២៨ មេសា។

យោងតាម​ទិន្នន័យ​កាលពី​ថ្ងៃទី ២៩ មេសា នៃ គណៈកម្មការ​មូល​ប​ត្រ (SEC) របស់ សហរដ្ឋ​អាម៉េរិក នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk បាន​លក់​ភាគហ៊ុន Tesla ចំនួន​ជាង ៥ លាន​ហ៊ុន ដែលមាន​តម្លៃ ៤.៥ ពាន់​លាន​ដុល្លារ ក្នុង​ថ្ងៃទី ២៨ មេសា ២០២២។ ប្រការនេះ​បានធ្វើឱ្យ​ភាគហ៊ុន​ដែល​លោក​បាន​លក់​ចេញ បន្ទាប់ពី​បានប្រកាស​ទិញ Twitter ឡើងដល់​ជាង ៨.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

មុន​នោះ ឯកសារ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី ២៨ មេសា បង្ហាញថា លោក Musk បាន​លក់​ភាគហ៊ុន Tesla ចំនួន ៤.៤ លាន​ហ៊ុន នៅក្នុង​ថ្ងៃទី ២៦ និង ២៧ ខែមេសា។ ជារួម ក្នុងអំឡុង ៦ ខែ​កន្លងទៅ លោក Musk បាន​លក់​ភាគហ៊ុន Tesla សរុប ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

នាយក​ប្រតិបត្តិ​របស់ Tesla លោក Elon Musk កាលពី​ថ្ងៃទី ២៥ មេសា បាន​ឯកភាព​ទិញ​បណ្ដាញ​សង្គម Twitter ក្នុងតម្លៃ ៤៤ ពាន់​លាន​ដុល្លារ។ គម្រោង​ប្រមូល​ទុន​សម្រាប់​ទិញ Twitter របស់លោក Musk រួមមាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ពី​ហោប៉ៅ​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដោយ​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

កាលពី​ម្សិលមិញ លោក Musk បាន​សរសេរ​លើ Twitter ថា «មិនមាន​គម្រោង​លក់​ភាគហ៊ុន​ណាមួយ​ទៀតឡើយ ក្រោយពី​ថ្ងៃនេះ»។

ភាគហ៊ុន Tesla ម្សិលមិញ​​បាន​បាត់បង់ ០.៨% នាំឱ្យ​កំណើន​នៃ​ការថយចុះ​សរុប​រាប់​ចាប់ពី​ថ្ងៃទី ២២ មេសា ឡើងដល់ ១៣%។ សប្ដាហ៍​នេះ​គឺជា​ពេលដែល Tesla ធ្លាក់​ថ្លៃ​ធ្ងន់ធ្ងរ​បំផុត​រាប់​ចាប់ពី​ខែវិច្ឆិកា ២០២១។

Advertisement