ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយ​មាន​មន្ត្រី​ជំនាញ​ចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹង​ចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។

កាល​ពី​រសៀល​ថ្ងៃទី 04 ខែ​មីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266  ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការ​ហៅ​ចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុង​នោះ លេខ 1 គឺជា​ភាសាខ្មែរ និង​លេខ 2 គឺ​ជា​ភាសាអង់គ្លេស។

បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់​ក្រសួង​ដោយ​ផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖

– លេខ (1) សម្រាប់ព័ត៌មានទូទៅ

– លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម

– លេខ (3) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីម៉ាក

– លេខ (4) សម្រាប់ព័ត៌មានអំពីការនាំចេញ-នាំចូលទំនិញ ឬ CO

– លេខ (5) សម្រាប់ព័ត៌មានអំពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)

– លេខ (6) សម្រាប់ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។

មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 8 ព្រឹក ដល់ម៉ោង 5 រសៀល។

Advertisement