ហេតុអ្វី Tesla មាន​តម្លៃ​​​មូលធន​​ទីផ្សារ​​​​ឡើង​ដល់​​ជាង ​១​ ទ្រី​លាន​​ដុល្លារ ​គ្រា​​ដែល​​ចំនួន​​រថយន្ត​​​បាន​​លក់​​ចេញ​​មិន​​ដល់​ ១ ​លាន​​គ្រឿង​/​ឆ្នាំ?

បច្ចុប្បន្ន មូលធន​ទីផ្សារ (market capitalization) របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla មានតម្លៃ​រហូតដល់​ជាង ១លាន​លាន (១,០០០,០០០,០០០,០០០ ឬ ១ ទ្រី​លាន) ដុល្លារ​អាម៉េរិក ខ្ពស់ជាង ៣ ដង ធៀប​នឹង​ក្រុមហ៊ុន Toyota។

បើទោះជា​មានការ​ប្រែប្រួល​ឡើង-ចុះ​ច្រើន​ នាពេលថ្មីៗនេះ ប៉ុន្តែ តម្លៃ​ភាគហ៊ុន​របស់ Tesla បាន​លោត​ឡើង​ខ្ពស់ ក្នុង​ល្បឿន​យ៉ាង​លឿន​ពេញ​មួយឆ្នាំ ២០២១ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​មានតម្លៃ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភព​លោក ជាមួយនឹង​តម្លៃ​មូលធន​ទីផ្សារ​ឡើងដល់​ជាង ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​ខ្ពស់ជាង​ជិត ៣ ដង ធៀប​នឹង​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Toyota និង​ក្ដោប​ក្ដោប​ចំណែក​ទីផ្សារ​រហូតដល់ ៣៥% ធៀប​នឹង​តម្លៃ​មូលធន​ទីផ្សារ​សរុបរ​បស់​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្តផ្សេងៗនៅ​ទូទាំង​សកលលោក។

ភាគហ៊ុន​របស់ Tesla គួរតែ​មានតម្លៃ​ដូច្នេះ ឬ​អត់? ជាទូទៅ ករណី​ដែល​តម្លៃ​ភាគហ៊ុន​កើនឡើង​ត្រង់​ទៅលើ​ដូច្នេះ គឺ​តែងតែមាន​អត្រាកំណើន​ខ្ពស់​ខ្លាំង​ជាច្រើន​ឆ្នាំ រួមជាមួយ​នឹង​អត្រា​ប្រាក់ចំណេញ​លើ​រថយន្តនីមួយៗ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ក្រុមហ៊ុន​ដទៃ។ ក៏ប៉ុន្តែ ចំពោះ Tesla វិញ អត្រា P/E (តម្លៃ​ភាគហ៊ុន/ចំណូល) កំពុងស្ថិត​នៅក្នុង​កម្រិត ២០៥.៨ នេះ​បើតាម​ការ​គណនា​ប៉ាន់ស្មាន​ស្ដីពី​លទ្ធផល​ជំនួញ​ឆ្នាំ ២០២២។ ចំណែក Toyota ដែលមាន​លទ្ធផល​ជំនួញ​ល្អ​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​បុរាណ មាន​អត្រា P/E ត្រឹមតែ ៩.៩៨ ប៉ុណ្ណោះ។

កាលពី​ឆ្នាំ ២០២១ ក្នុង​កម្មវិធី Fast Money របស់ CNBC Adam Jonas ដែលជា​អ្នកវិភាគ និង​ជា​ភ្ញៀវ​អញ្ជើញ​មកពី Morgan Stanley បានបង្ហាញ​អំពី​ការយល់ឃើញ​របស់ខ្លួន​ចំពោះ​ភាគហ៊ុន Tesla ដែល​ការបកស្រាយ​របស់គាត់ ពិតជា​ធ្វើឱ្យ​យើង «ភ្លឺភ្នែក»។ អ្នកវិភាគ​រូបនេះ​និយាយថា កម្រិត​ខ្ពស់​នៃ​តម្លៃ​របស់ Tesla មិន​ស្ថិតនៅលើ​លទ្ធផល​ជំនួញ​នាបច្ចុប្បន្ន​នោះទេ ប៉ុន្តែ​វា​ស្ថិតនៅត្រង់​ការរំពឹងទុក​របស់​ទីផ្សារ ស្ដីពី​អនាគត​ធំធេង​របស់​ក្រុមហ៊ុន​នេះ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ខាងមុខ។

Jonas បាន​ព្យាករ​ថា តម្លៃ​ភាគហ៊ុន​របស់ Tesla ក្នុង​ឆ្នាំ ២០៣០ នឹង​ឡើងដល់ ១,០១៥ ដុល្លារ/ហ៊ុន គ្រា​ដែល Tesla អាច​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន ៥.៨ លាន​គ្រឿងក្នុង​ឆ្នាំ​នោះ។

បច្ចុប្បន្ន បើ​ទោះ​បរិមាណ​រថយន្ត​របស់ Tesla មិនទាន់​ឡើងដល់​កម្រិត​ដែល Jonas បាន​ព្យាករ​ក៏ពិតមែន ប៉ុន្តែ តម្លៃ​ភាគហ៊ុន​របស់ Tesla បាន​ឡើងដល់ ១,០០៨.៧ ដុល្លារ/ហ៊ុន​រួចទៅហើយ៕

Advertisement