Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

យីហោរថយន្ត​អគ្គិសនី Neta Auto របស់​ក្រុម​ហ៊ុន​ចិន Hozon Auto បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី ឈ្មោះ Neta X ដែល​មានតម្លៃ​ទាប​ និង​ប្រើប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ​លំដាប់​ខ្ពស់​។

Neta បាន​បង្ហាញ Neta X ដែល​ជា​កំណែ​ថ្មី​របស់ Neta U-II ដែល​បាន​បង្ហាញ​ខ្លួន​មុន​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នា​ថ្ងៃ​នេះ​។ នេះ​គឺ​ដូច​ទៅ​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Neta Aya ដែល​ជា​កំណែ​បន្ទាប់​របស់ Neta V កាល​ពី​ខែ​សីហា​។

រថយន្ត​អគ្គិសនី Neta X មាន​បួន​កំណែ​ ដែល​មាន​តម្លៃ​ចាប់​ពី 17,340 ដុល្លារ​អាម៉េរិក​។ អតិថិជន​ដែល​កក់​ 273 ដុល្លារ​ដើម្បី​ទិញ Neta X មុន​ថ្ងៃ​ទី 30 វិច្ឆិកា 2023 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 2,460 ដុល្លារ​អាម៉េរិក​។

Neta X មាន​បណ្ដោយ 4,619 មិល្លីម៉ែត្រ, ទទឹង​ 1,860 មិល្លីម៉ែត្រ និង​កម្ពស់ 1,628 មិល្លីម៉ែត្រ​ ខណៈ​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,770 មិល្លីម៉ែត្រ​។

រថយន្ត​នេះ​បំពាក់​ម៉ូទ័រសមកាលកម្មមេដែកអចិន្រ្តៃយ៍ (Permanent Magnet Synchronous Motor – PMSM) ដែល​មាន​កម្លាំង​ 120 សេះ និង​ល្បឿន​ 150 គីឡូម៉ែត្រ​/ម៉ោង​។ រយៈចម្ងាយ​ផ្លូវ​ដែល​ Neta X អាច​ធ្វើ​ដំណើរ​ដល់​គឺ​ 401 និង 501 គីឡូម៉ែត្រ​។

Neta X ប្រើ​ប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ Qualcomm Snapdragon 8155 ក៏ដូចជា​ឈីប​សម្រាប់​ការ​បើកបរ​ឆ្លាត​វៃ Journey 3 របស់​ក្រុម​ហ៊ុន​ចិន Horizon Robotics។

ក្រុម​ហ៊ុន Neta បាន​ប្រគល់​រថយន្ត​ដល់​ដៃ​អតិថិជន​ចំនួន 13,211 គ្រឿង​ក្នុង​ខែ​កញ្ញា 2023 កើន​ 9.15% ធៀប​នឹង​ខែ​សីហា ប៉ុន្តែ​ថយ​ចុះ 26.63% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​៕

Advertisement