​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​មិនទាន់​គ្រប់គ្រាន់ Elon Musk គិត​ចង់​ទិញយក​ Twitter ទាំងមូល?

មហាសេដ្ឋី​លំដាប់​លេខ ១ របស់​ពិភពលោក ទំនងជា​គិតថា ត្រឹម​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​នៅ Twitter មិនអាច​ធ្វើ​អ្វី​បាន​ច្រើន ដូច្នេះ លោក Elon Musk ក៏​សម្រេចចិត្ត​មិន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​បណ្ដា​ញ​សង្គម​នេះ។

ការសម្រេច​ខាងលើនេះ មានន័យថា លោក Musk មិន​ជាប់ជំពាក់​អ្វី​ទៅនឹង​ការកំណត់​របស់​ក្រុមហ៊ុន​នេះ​ ដែល​កំណត់​ថា​ លោក​មាន​​សិទ្ធិ​​​កាន់កាប់​ភាគហ៊ុនច្រើន​បំផុត​​ត្រឹមតែ ១៤.៩% ប៉ុណ្ណោះ នៅក្នុង​ក្រុមហ៊ុន Twitter។ បច្ចុប្បន្ន អ្នកវិភាគ​នានា​និយាយថា នាយក​ប្រតិបត្តិ​របស់ Tesla អាច​នឹង​ទិញ​ភាគហ៊ុន Twitter បន្ថែមទៀត ហើយ​ចុងក្រោយ​លោក​នឹង​សាកល្បង​ឡើង​គ្រប់គ្រងបណ្ដាញ​សង្គម​នេះ។

«ការដែល Musk មិន​ស្ថិតក្នុង​ក្រុមប្រឹក្សាភិបាល អាចជួយ​ឱ្យ​ក្រុមហ៊ុន​មិនត្រូវ​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការពិភាក្សា​នៅ​ថ្នាក់​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុន ត្រូវ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ប៉ុន្តែ Twitter ត្រូវ​ទប់​ទល់នឹង​អ្នកវិនិយោគ​មួយរូប​ដែល​ពិបាក​ឱ្យគេ​ស្មាន​ត្រូវ ​កំពុង​កាន់កាប់​ភាគហ៊ុន​ជាង ៩% របស់​ក្រុមហ៊ុន និង​មាន​ប្រភពធនធាន​គ្រប់គ្រាន់​ដើម្បី​ទិញ​ភាគហ៊ុន ៩១% ទៀត។ ហានិភ័យ​ត្រូវ​ទិញ​គឺ​ពិតជា​ប្រការ​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់ Twitter នាពេល​បច្ចុប្បន្ន» លោក Don Bilson អ្នកវិភាគ​មកពី​ក្រុមហ៊ុន Gordon Haskett Research Advisor យល់​ឃើញ​ដូច្នេះ​។

លោក Don Bilson អះអាងថា សារ​របស់​ក្រុមហ៊ុន Twitter បង្ហាញថា ជា «សញ្ញា​អាក្រក់» នៅពេល CEO របស់ Twitter គឺ Parag Agrawal ប្រកាសថា Musk នឹង​លែង​ចូលរួមក្នុង​​ក្រុមប្រឹក្សាភិបាល​របស់​បណ្ដា​ញ​សង្គម​នេះ​ទៀតហើយ។

ចុងក្រោយ Twitter អាច​សម្រេចចិត្ត​ទទួលយក «ថ្នាំពុល ១ ដូ​ស» ឬ​ផែនការ​ស្ដីពី​សិទ្ធិ​របស់​ភាគ​ហ៊ុ​និក ដើម្បី​ប្រឆាំងនឹង​លទ្ធភាព​នៃ​ការ​ទិញយក​ទាំងស្រុង។ ប៉ុន្តែ លោក Bilson ឱ្យដឹងថា វិធានការ​បែបនេះ​នឹង​អាចធ្វើឱ្យលោក​ Musk ខឹង។

ចំណែក​អ្នកវិភាគ Dan Ives ក៏មាន​យោបល់​ប្រហាក់ប្រហែល​នឹង​លោក Bilson ផង​ដែរ​។ «នេះ​ពិតជា​ស្ថានការណ៍​មិន​​មាន​អំណោយ​ផល​ល្អ​។ ជំនួស​ឱ្យ​ការដែល Musk នៅក្នុង​ក្រុមប្រឹក្សាភិបាល និង​អាចនិយាយបាន​ត្រឹមតែ «យល់ព្រម» ឬ «មិន​យល់ព្រម» នៅក្នុង​កិច្ចពិភាក្សា​នានា ខ្ញុំ​គិតថា នៅ​រយៈពេល​ខាងមុខ យើង​នឹង​ចាប់ផ្ដើម​ឃើញ​គាត់​មានការ​ជំទាស់​កាន់តែខ្លាំង​ក្លា» Ives សរសេរ​បញ្ជាក់​ដូច្នេះ។

យោងតាម CNBC ភាគហ៊ុន Twitter បានឃើញ​ការឡើង​ថ្លៃ​ខ្ពស់​រាប់​ចាប់ពីការ​ធ្វើ​ IPO ក្រោយពី Musk ប្រកាសថា កំពុង​កាន់កាប់​ភាគហ៊ុន​ជាង ៩%។ ភាគហ៊ុន​នេះ​បាន​កើនឡើង ២% ទៀត បន្ទាប់ពី Musk បន្ត​និយាយថា លោក​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ភាគហ៊ុន Twitter នឹង​បន្ត​មានការ​ប្រែប្រួល និង​ពិបាក​ប៉ាន់ស្មាន​ក្នុង​សប្ដាហ៍​នេះ។

ក៏ប៉ុន្តែ Gene Munster មកពី​ក្រុមហ៊ុន Loup Ventures វិញ និយាយថា «វគ្គ​សំខាន់​នៃ​ល្ខោន​នេះ​បានបញ្ចប់​ហើយ»។ លោក ជឿថា បើសិនជា លោក​ Musk មានបំណង​ទិញយក Twitter នោះ​លោក​ប្រាកដជា​ធ្វើ​តាំងពី​ដំបូង​មកម្ល៉េះ។ ការទិញ Twitter យកមក​គ្រប់គ្រង​គឺជា​រឿង​ដែល​លោក Musk មិន​ចង់​ចំណាយ​ពេលធ្វើ។ «ខ្ញុំ​គិតថា ការទិញ​នេះ​មិនមែនជា​របស់​ដែល Musk ចាប់អារម្មណ៍» អ្នកវិភាគ Gene Munster បញ្ជាក់​ដូច្នេះ៕

Advertisement