ក្រុមហ៊ុន​ចិន សាងសង់​សាលារៀន ១,០០០ ខ្នង ដើម្បី​ប្ដូរ​យក​ប្រេង​នៅ ប្រទេស​អ៊ីរ៉ាក់

ក្រុមហ៊ុន​ចិន ចំនួន ២ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី​សាងសង់​អគារ​សាលារៀន ១,០០០ ខ្នង​នៅ​ប្រទេស​នេះ ក្នុង​រយៈពេល ២ ឆ្នាំ បន្ទាប់មក អ៊ីរ៉ាក់ នឹង​សង​ត្រលប់​ទៅវិញ​ដោយ​ផលិតផល​ប្រេង។

កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​សប្ដាហ៍​មុន ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ Mustafa al-Kadhemi។

កិច្ចព្រមព្រៀង​នេះ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចិន Power China សាងសង់​អគារ​សាលារៀន​ចំនួន ៦៧៩ ខ្នង ចំណែក​ក្រុមហ៊ុន Sinotech នឹង​សាងសង់ ៣២១ ខ្នង។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​នៃ​ក្រសួង​លំនៅឋាន​អ៊ីរ៉ាក់។

អ៊ីរ៉ាក់ គឺជា​ប្រទេស​ដែល​សម្បូរ​ធនធាន​ប្រេង ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​ជួបប្រទះ​នឹង​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រុឌទ្រោម ខ្ទេចខ្ទាំ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​ដោយ​សារ​តែ​សង្គ្រាម​ជា​បន្តបន្ទាប់ និង​បញ្ហា​អំពើពុករលួយ។ ប្រទេស​អ៊ីរ៉ាក់ ត្រូវការ​អគារ​សាលារៀន​សរុប ៨,០០០ ខ្នង ដើម្បី​អាច​ស្ដារ​វិស័យ​អប់រំ​ឡើងវិញ។

ក្រសួង​លំនៅឋាន​របស់ អ៊ីរ៉ាក់ បញ្ជាក់ថា អគារ​សាលារៀន​នានា​នឹង​សាងសង់​រួចរាល់​ក្នុងអំឡុង ២ ឆ្នាំ ក្នុងនោះ​អគារ​សាលារៀន​ដំបូង​គេ​នឹងត្រូវ​បានប្រគល់​មកឱ្យ​អាជ្ញាធរ ក្រោយពី​គម្រោង​នេះ​ចាប់ផ្ដើម​ការសាងសង់​បាន ១ ឆ្នាំ។ ប្រទេស​អ៊ីរ៉ាក់ នឹង​សងបំណុល​លើ​គម្រោង​នេះ​ដោយ​ផលិតផល​ប្រេង៕

Advertisement