ប្រេង​ធ្លាក់​ថ្លៃ​ច្រើន​​ភាគ​​រយ​ ក្រោយ​ពី​​សហ​ភាព​​អឺរ៉ុប​ មិន​​ព្រម​​ដាក់​ទណ្ឌ​កម្ម​​លើ​​វិស័យ​​ប្រេង​​​របស់​ ប្រទេស​រុស្ស៊ី

តម្លៃ​ប្រេង បាន​ថយចុះ ២% បន្ទាប់ពី សហភាព​អឺរ៉ុប (EU) មិន​យល់​ស្របគ្នា​ក្នុង​ផែនការ​ដាក់​បម្រាម​លើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី ខណៈ​សកម្មភាព​នាំចូល​ប្រេង​ពី​បំពង់​បង្ហូរ​ប្រេង Caspian Pipeline Consortium (CPC) នៅ កា​ហ្សា​ក់​ស្ថាន អាច​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​បន្ត។

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៤ មីនា ប្រេង​ឆៅ Brent ធ្លាក់​ថ្លៃ ២.៥៧ ដុល្លារ ប្រហែល ២.១% ចុះមក​នៅត្រឹម ១១៩.០៣ ដុល្លារ/ធុង ចំណែក​តម្លៃ​ប្រេង​ឆៅ WTI ក៏ ថយចុះ ២.៥៩ ដុល្លារ ប្រហែល ២.៣% ចុះមក​នៅត្រឹម ១១២.៣៤ ដុល្លារ/ធុង។ ក្នុងការ​ជួញដូរ​មួយថ្ងៃ​មុន​នោះ ប្រេង​ទាំងពីរ​ប្រភេទ​នេះ សុទ្ធតែ​ឡើងថ្លៃ​ខ្ពស់បំផុត រាប់​ចាប់ពី​ថ្ងៃទី ៨ មីនា ២០២២។

ក្រុម​មេដឹកនាំ EU នឹង​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​កំពូល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៤ មីនា ដើម្បី​រក​វិធី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការ​នាំចូល​ប្រេង​ពី រុស្ស៊ី។ ប៉ុន្តែ បណ្ដា​ប្រទេស​នៅ សហភាព​អឺរ៉ុប នៅតែ​ខ្វែងគំនិត​គ្នា ទាក់ទិន​នឹង​ការសម្រេច​ថា គួរ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី ដែរ ឬ​អត់ បន្ទាប់ពី កងទ័ព​ប្រទេស​នេះ បាន​ចូល​ឈ្លានពាន​លើ ប្រទេស​អ៊ុយ​ក្រែ​ន តាំងពី​ថ្ងៃទី ២៤ កុម្ភៈ រហូតដល់​បច្ចុប្បន្ន៕

Advertisement