ទិដ្ឋភាព​ក្រុង​ខាងលិច​នៃ រាជធានី​បាងកក ក្រោយ​ការបើកទ្វារ​ទទួល​ទេសចរ

ផ្លូវ Khaosan ដែល​ធ្លាប់ជា​តំបន់​អ៊ូអរ​ដោយសារ​វត្តមាន​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស នៅ រាជធានី​បាងកក នៅតែមាន​សភាព​ស្ងាត់ជ្រងំ បើទោះជា ប្រទេស​ថៃ បានប្រកាស​បើកទ្វារ​ទទួល​ទេសចរ​ឡើងវិញ​ក៏ដោយ។

យោងតាម​សារព័ត៌មាន Reuters របស់ អង់គ្លេស ផ្លូវ Khaosan ក្នុង​រាជធានី​បាងកក លែងមាន​សភាព​អ៊ូអរ​ដូច​មុន​ទៀតហើយ ចាប់តាំងពី COVID-19 ផ្ទុះ​ឆ្លង​រាលដាល​កាលពី​ឆ្នាំទៅ។ ប៉ុន្តែ ម្ចាស់​អាជីវកម្ម​នានា កំពុងតែ​សង្ឃឹមថា ការដែល ប្រទេស​ថៃ បើកទ្វារ​ទទួល​អ្នកទេសច​រណ៍​ក្នុង​សប្ដាហ៍​នេះ នឹង​ជួយ​ស្ដារ​ស្ថានការណ៍​របស់​ក្រុង​នេះ​ឡើងវិញ។

ប្រទេស​ថៃ ដែលជា​ទីតាំង​ទេសចរណ៍​ល្បីឈ្មោះ​មួយ​នៅ ទ្វីបអាស៊ី បាន​អនុវត្ត​វិធានការ​ទប់ស្កាត់ COVID-19 យ៉ាង​តឹងរ៉ឹង ដោយ​ផ្អាក​ការទទួល​ភ្ញៀវទេសចរ​ណ៍​បរទេស​ក្នុង​រយៈពេល 18 ខែ​កន្លងទៅ។ ប៉ុន្តែ ចាប់ពី​ថ្ងៃទី 1 ខែវិច្ឆិកា ប្រទេស​នេះ​បាន​បើកទ្វារ​ទទួលភ្ញៀវ​បរទេស​ទាំងឡាយណា​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ និង​ជា​ពលរដ្ឋ​មកពី​ប្រទេស និង​ដែនដី​ជាង 60 ដែលមាន​ហានិភ័យ​ទាប ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក។

Thapanee Pansodsaicharoenkit ម្ចាស់​ភោជនីយដ្ឋាន Rocco នៅលើ​បណ្ដោយ​ផ្លូវ Khaosan ឱ្យដឹងថា៖ «ផ្លូវ Khaosan គឺជា​ទីតាំង​ល្បីឈ្មោះ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​នៅពេល​ពួកគេ​មកលេង បាងកក។ ចំពោះ​យើង និង​អ្នក​ទាំងឡាយ​ដែលជា​ម្ចាស់​អាជីវកម្ម ពួកគេ​គឺជា​ក្ដីសង្ឃឹម​តែមួយគត់​នៅពេលនេះ»។

នៅពេល​អ្នកយកព័ត៌មាន​របស់ Reuters មកកាន់​ទីនេះ​កាលពី​ព្រលប់​ថ្ងៃទី 2 វិច្ឆិកា បើទោះជា​ភោជនីយដ្ឋាន​ចាប់ផ្ដើម​មាន​ភ្ញៀវ ប៉ុន្តែ ផ្លូវ​ក្នុង​ក្រុង​នៅតែ​ស្ងប់ស្ងាត់ ក្នុងនោះ​មាន​ហាង​លក់ទំនិញ​ប្រមាណ 90% បាន​បិទទ្វារ​ដោយ​មិនមាន​កាលកំណត់។

ផ្លូវ​ Khaosan មុន​ពេល​ COVID-19 មក​ដល់

Prasit Singhdamrong ប្រធាន​សមាគម​ពាណិជ្ជកម្ម Khaosan ថ្លែងថា អាជីវកម្ម​នៅតាម​បណ្ដោយ​ដងផ្លូវ Khaosan ត្រូវបាន​ផ្អាក​រយៈពេល 18 ខែ​កន្លងទៅ ហើយ​មាន​អាជីវកម្ម 10% ប៉ុណ្ណោះ ដែល​អាច​បន្ត​រកស៊ី។ ទោះជា​បាន​បើកទ្វារ​នា​សប្ដាហ៍​នេះ ប៉ុន្តែ វិធានការ​រឹង​បន្តឹង​មួយចំនួន នៅតែមាន។ ភោជនីយដ្ឋាន​ទាំងឡាយ​ដែល​ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​ទេសចរណ៍​ទទួលស្គាល់ អាច​បម្រើ​ស្រា​ដល់​អតិថិជន​ត្រឹម​ម៉ោង 21 ប៉ុណ្ណោះ ខណៈ​ហាង​ស្រា នៅតែ​ត្រូវ​បិទទ្វារ៕

Advertisement