តម្លៃ​មាស និង​​តម្លៃ​ប្រេង​អន្តរជាតិ «សហការគ្នា» ដាំ​ក្បាល​ចុះ​កាលពី​ម្សិលមិញ

មាស​ធ្លាក់​ថ្លៃ​ជិត ៤០ ដុល្លារ​អាម៉េរិក ក្នុង ១ អោន ខណៈដែល​តម្លៃ​ប្រេង​ឆៅ​ក៏​បាត់បង់​ជាង ៥% ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ១៤ មីនា ២០២២។

តម្លៃ​មាស​ពិភពលោក​ប្រភេទ​ប្រគល់​ភ្លាម ធ្លាក់​ថ្លៃ ៣៨ ដុល្លារ​អាម៉េរិក ពេល​បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១៤ មីនា ចុះមក​នៅត្រឹម ១,៩៥៣ ដុល្លារ ក្នុង ១ អោន (១ អោន (ounce) ប្រហែល ៨.៣ ជី)។ និន្នាការ​ធ្លាក់​ថ្លៃ​នេះ ក៏បាន​អូសបន្លាយ​មក​ដល់​ព្រឹក​ថ្ងៃទី ១៥ មីនា ហើយ​បច្ចុប្បន្ន ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១,៩៥១ ដុល្លារ ក្នុង ១ អោន។

មូលហេតុ​​ដែល​នាំ​ឱ្យ​មាន​ការធ្លាក់​ថ្លៃ​នេះ ត្រូវបាន Jim Wyckoff ដែលជា​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Kitco Metals បកស្រាយ​ថា៖ «ព័ត៌មាន​ល្អ​ស្ដីពី​សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន បាន​ជួយ​ឱ្យ​ទីផ្សារ​មូល​ប​ត្រ​មា​នស​ន្ទ​ស្សន៍​កើនឡើង បង្ក​ជា​សម្ពាធ​លើ​ទីផ្សារ​លោហធាតុ​មានតម្លៃ»។

អត្រា​ការប្រាក់​នៃ​​​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​​សហរដ្ឋ​អាម៉េរិក ប្រភេទ ១០ ឆ្នាំ ក៏​ជា​ចំណែក​​ធំ​មួយ​​ដែល​ធ្វើឱ្យ​មាស​ធ្លាក់​ថ្លៃ។ ធនាគារកណ្ដាល​អាម៉េរិក (FED) សប្ដាហ៍​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រកាស​ដំឡើង​ការប្រាក់​សម្រាប់​មូល​ប​ត្រ​បំណុល​របស់​រដ្ឋាភិបាល។

ចំណែក​ទីផ្សារ​ប្រេង​វិញ តម្លៃ​នា​ថ្ងៃនេះ​ក៏​ទទួលរង​សម្ពាធ​ដោយមាន​ដំណឹង​ថា សហរដ្ឋ​អាម៉េរិក កំពុងធ្វើការ​ជាមួយ វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុង​បំណង​បង្កើន​ប្រភព​ផ្គត់ផ្គង់​ប្រេង ជំនួស​ឱ្យ រុស្ស៊ី។ ទន្ទឹមនឹងនេះ ការដែល ចិន ដាក់​បម្រាម​គោចរ​លើ​ទីក្រុង​មួយចំនួន​ជាថ្មី ដោយសារ កូ​វីដ-១៩ ក៏​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង​ប្រចាំថ្ងៃ។ ជាង​នេះ សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​ល្អប្រសើរ​ឡើងវិញ ក៏​ជួយ​ទាញ​តម្លៃ​ប្រេងសាំង ឱ្យ​ធ្លាក់ចុះ​មួយកម្រិត​ផងដែរ។

បញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី ១៤ មីនា តម្លៃ​ប្រេង​ឆៅ​អាម៉េរិក WTI ធ្លាក់​ថ្លៃ ៦% ដោយ​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១០៣ ដុល្លារ/ធុង​បារ៉ែល។ កាលពី​ម្សិលមិញ មានពេលខ្លះ តម្លៃ​ប្រេង​ធ្លាក់​មក​នៅក្រោម ១០០ ដុល្លារ/ធុង៕

Advertisement