វៀតណាម បាន​បើក​ឡើងវិញ​​ទាំង​ស្រុង​​នូវ​​ជើង​ហោះ​ហើរ​​អន្តរ​ជាតិ

ចាប់ពី​ថ្ងៃទី ១៥ កុម្ភៈ នេះ នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម ចាប់ផ្ដើម​បើក​ដំណើរការ​ជើងហោះហើរ​អន្តរជាតិ​ជា​ប្រក្រតី​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ជិត ២ ឆ្នាំ។

ដើម្បី​ត្រៀម​សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​បរទេស​ឱ្យបាន​មុន​ថ្ងៃទី ៣១ មីនា វៀតណាម បានសម្រេច​ដកចេញ​រាល់​ការកំណត់​លើ​ចំនួន​ជើងហោះហើរ​អន្តរជាតិ។ រាល់​ការហោះហើរ​ត្រលប់​មករក​ធម្មតា​ដូច​កាលពីមុន​កូ​វីដ-១៩ មកដល់។

វៀតណាម នឹង​ផ្ដល់​ការអនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ ធ្វើការ​ហោះហើរ​ចេញចូល​ប្រទេស​នេះ បន្ទាប់ពី​ទទួលបាន​ការឯកភាព​ពី​បណ្ដា​ប្រទេស។

មុន​នោះ ចាប់ពី​ថ្ងៃទី ១ មករា ២០២២ វៀតណាម បាន​បើក​ជើងហោះហើរ​អន្តរជាតិ​ទៅកាន់​ទីក្រុង​មួយចំនួន​ក្នុងដំណាក់កាល​ទី ១ រួមមាន តូ​ក្យូ សេ​អ៊ូ​ល តៃប៉ិ បាងកក សិង្ហ​បុរី វៀងចន្ទន៍ ភ្នំពេញ សាន​ហ្វ្រា​ន​ស៊ី​ស្កូ/ឡូ​សអាន់​ជ័រ​លេស ប្រទេស​ចិន (ចិន មិនទាន់​អនុញ្ញាត) និង​បន្ត​បើក​ជើងហោះហើរ​ទៅកាន់ អូស្ត្រាលី រុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់ នៅក្នុង​ខែកុម្ភៈ ២០២២។

អ្នកដំណើរ​លើ​យន្តហោះ​អន្តរជាតិ​ដែល​ចេញចូល វៀតណាម នឹងត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ-១៩ ក្នុងនោះ ពេល​ឡើង​យន្តហោះ អ្នកដំណើរ​ត្រូវមាន​លិខិតបញ្ជាក់​អំពី​លទ្ធផល​តេស្ត PCR អវិជ្ជមាន​នឹង កូ​វីដ-១៩ ក្នុង​រយៈ ៧២ ម៉ោង, លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង ឬ​លិខិតបញ្ជាក់​អំពី​ការ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ-១។

បន្ទាប់ពី​ចុះ​ពី​យន្តហោះ អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​អ្នក​ដែល​បានជា​សះស្បើយ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ ៣ ថ្ងៃ ប៉ុន្តែ បើ​ចាក់​វ៉ាក់សាំង​មិនទាន់​គ្រប់​ដូ​ស ត្រូវធ្វើ​ច​ត្តា​ឡី​ស័​យ ៧ ថ្ងៃ។ អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​មិនទាន់​ពេញលេញ ឬ​មិនទាន់​ត្រូវបាន​ទទួលស្គាល់ថា បានជា​ពី​ជំងឺ នឹងត្រូវ​មាន​លិខិត​បញ្ជាក់ថា មាន​លក្ខណៈ​គ្រប់​គ្រាប់​ដែល​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​លិខិត​បញ្ជាក់ថា បាន​កក់​បន្ទប់​សណ្ឋាគា​រ (តិច​បំផុត ៧ ថ្ងៃ) រួចហើយ។ នៅពេល​អ្នកដំណើរ​បំពេញបែបបទ​ឡើង​យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ពិនិត្យ​លិខិត​ទាំងនេះ៕

Advertisement