Johnson & Johnson ផ្អាក​ផលិត​វ៉ាក់សាំង​កូ​វីដ-១៩ ដោយស្ងាត់ៗតាំងពី​ឆ្នាំមុន

ក្រុមហ៊ុន Johnson & Johnson របស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​គេ​ជឿថា បាន​ផ្អាក​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ កាលពី​ចុងឆ្នាំ ២០២១ ក្នុង​គ្រា​ដែល រដ្ឋាភិបាល​អាម៉េរិក កំពុង​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​យ៉ាងខ្លាំង​ក្លា។

សារព័ត៌មាន New York Times (អាម៉េរិក) ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយចំនួន កាលពី​ថ្ងៃទី ៨ កុម្ភៈ ឱ្យដឹងថា នេះ​គឺជា​ផ្អាក​បណ្ដោះអាសន្ន ប៉ុន្តែ រោងចក្រ​ផលិត​វ៉ាក់សាំង​មួយ​របស់ Jonson & Johnson នៅ ទីក្រុង Leiden របស់ ប្រទេស​ហូ​ឡង់ ច្បាស់​ណាស់ បាន​ងាក​ទៅ​ផ្ដោតលើ​ការផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេង​ដែល​អាច​រកបាន​ប្រាក់ចំណេញ​ខ្ពស់ជាង​វ៉ាក់សាំង​កូ​វីដ-១។

មិនទាន់​ច្បាស់​ថា ការផ្អាក​ផលិត​វ៉ាក់សាំង​កូ​វីដ-១៩ របស់ Jonson & Johnson បង្ក​ផលប៉ះពាល់​ដល់​បរិមាណ វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែលមាន​ស្រាប់​របស់​ក្រុមហ៊ុន​នេះដែរ ឬ​យ៉ាងណា​នៅឡើយ ព្រោះថា ក្រុមហ៊ុន​នេះ​តែងតែមាន​ឃ្លាំង​បម្រុង។

ប្រភពព័ត៌មាន​មួយ​ដែល​គួរឱ្យ​ទុកចិត្ត បាន​និយាយថា ការផ្អាក​ការផលិត​អាច​មានន័យថា Jonson & Johnson នឹង​កាត់បន្ថយ​បរិមាណ​ខ្ទង់​រាប់រយ​លាន​ដូ​ស។ តាម​គម្រោង ក្រោយពី​ការផ្អាក​បាន​ប៉ុន្មាន​ខែ រោងចក្រ​នឹង​ផលិត​ក្នុង​បរិមាណ​ច្រើនជាង​មុន។

រោងចក្រ​នានា​របស់ Jonson & Johnson កំពុង​រង់ចាំ​ការយល់ព្រម​ពី​អាជ្ញាធរ ខណៈ Johnson & Johnson កំពុង​ត្រៀមខ្លួន​ដើម្បី​អាចឱ្យ​រោងចក្រ Leiden ដំណើរ​ការផលិត​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ឡើងវិញ នៅ​ខែមីនា។

អ្នកនាំពាក្យ​របស់ Jonson & Johnson លោក Jake Sargent បាន​ប្រាប់ BNBC ថា ក្រុមហ៊ុន​នេះ​កំពុង «ផ្ដោតទៅលើ​ការធានា​ឱ្យបាន​ប្រាកដថា វ៉ាក់សាំង​របស់​យើង​មាន​ជានិច្ច​នៅ​គ្រប់កន្លែង​ដែល​គ្រប់គ្នា​ត្រូវការ» ហើយ​ថា Jonson & Johnson កំពុង​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​បណ្ដា​អង្គការ​អន្តរជាតិ​ដែល​កំពុង​ប្រឹងប្រែង​ជំរុញឱ្យមាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ កាន់តែច្រើន។

មិន​ដូច​ទៅនឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ដទៃ វ៉ាក់សាំង​របស់ Jonson & Johnson គឺជា​ប្រភេទ​ចាក់​តែមួយ​ដូ​សប​ណ្ណោះ​គឺ​គ្រប់គ្រាន់។ ថ្វីបើ​កន្លងមក មាន​មន្ទិល​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ ប៉ុន្តែ ការស្រាវជ្រាវ​បានបង្ហាញ​ថា Jonson & Johnson មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​អាការ​ធ្ងន់ធ្ងរ​ដែល​អាច​ត្រូវ​ចូល​ពេទ្យ ឬ​បាត់​បង់ជីវិត​ដោយសារ​កូ​វីដ-១៩ ហើយ​ដូ​ស​ជំរុញ​ក៏​ត្រូវបាន​បញ្ជាក់ថា មាន​ប្រសិទ្ធភាព​ទប់ស្កាត់​អាការ​ធ្ងន់ធ្ងរ​នៅពេល​ឆ្លង អូ​មី​ក្រុង ផងដែរ។

កាលពី​ឆ្នាំ ២០២១ ក្រុមហ៊ុន Jonson & Johnson បានប្រកាសថា រកបាន​ប្រាក់ចំណូល ២.៣៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ក្នុង​ឆ្នាំ ២០២។ ក្រុមហ៊ុន​នេះ​ក៏បាន​ព្យាករ​ថា នឹង​រកបាន​ចំណូល ៣.៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២៕

Advertisement