ក្រសួង​សាធារណការ​៖ ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម Evs សម្រាប់​រថយន្ត​អគ្គិសនី កំពុង​ត្រូវ​បានរៀបចំ​​ដំឡើង

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្តេជ្ញាចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ជំរុញ​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​ដូចខាងលើ នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) ដឹកនាំ​ដោយ​លោក​បណ្ឌិត តាន់ មុនី​វណ្ណ ប្រធាន​សហព័ន្ធ និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា។

ក្នុងជំនួប​ខាងលើ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​មិញ នៅ​ទីស្ដីការក្រសួង​សាធារណការ ក៏មាន​វត្តមាន​របស់​តំណាង​របស់​ក្រុមហ៊ុន HGB Group, តំណាង​របស់​ក្រុមហ៊ុន Mercedes, តំណាង​ក្រុមហ៊ុន HGB Group និង នាយក​ប្រតិបត្តិ​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ផងដែរ។

រាជរដ្ឋាភិបាល​គាំទ្រ​ដល់​ការវិនិយោគ​លើ​សម្ព័ន្ធ​សម្រាប់​ដំណើរការ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី នេះ​បើតាម ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល។ លោក​បន្ថែមថា សេចក្តីព្រាង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី កំពុង​ត្រូវ​បានរៀបចំ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​កំពុង​សហការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​សហប្រជាជាតិ (UNDP)ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម Evs ចំនួន ៥ ទីតាំង ទៀតផង។ ទីតាំង​ដែល​គ្រោង​នឹងត្រូវ​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម រួមមាន ទី​ស្តី​ក្រសួង​សាធារណការ និង​បណ្តា​រាជធានី-ខេត្ត​មួយចំនួន គម្រោង​ដំឡើង​ស្ថានីយ​ថ្ម EV នៅតាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ដែល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ខែកញ្ញា ឆ្នាំ២០២២ និង​គម្រោង​ដំឡើង​ស្ថានីយ​សាក​ថ្ម EV នៅក្នុង​រាជធានី​ចំនួន ១០ ទីតាំង ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន។

គណៈប្រតិភូ CAIF បាន​សំណូមពរ​ឱ្យ​ក្រសួង​ជួយ​សម្រួល​លើ​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការដំឡើង​ឧបករណ៍​ស្តង់ដារ​រួម ដែល​អនុញ្ញាតឱ្យ​រថយន្ត​អគ្គិសនី​គ្រប់​ប្រភេទ អាច​ប្រើប្រាស់​រួមគ្នា​បាន៕

Advertisement