និស្សិត MBA ប្រែក្លាយ​ការងារ «ធ្វើ​ដើម្បី​សប្បាយ» ឱ្យទៅជា​ក្រុមហ៊ុន​ដែលមាន​ចំណូល​រាប់លាន​ដុល្លារ

នៅពេល​ទើបតែ​បាន​បង្កើត​យីហោ​កាបូបដៃ​ប្រណិត Anima Iris កាលពី ២ ឆ្នាំមុន នាង Wilglory Tanjong គិតថា គ្រាន់តែ​ដើម្បី​ជាការ​សប្បាយ​ប៉ុណ្ណោះ។

នាង Wilglory Tanjong វ័យ ២៥ ឆ្នាំ កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត បាន​បង្កើត​យីហោ​កាបូបដៃ​ប្រណិត Anima Iris កាលពី ២ ឆ្នាំមុន។ កាលណោះ នាង​ចាត់ទុកថា Anima Iris គ្រាន់តែ​ការសប្បាយ​របស់​នាង​ប៉ុណ្ណោះ ប៉ុន្តែ ពេលនេះ យីហោ​របស់​នាង​បង្ហាញខ្លួន​នៅ​ស្ទើរ​គ្រប់កន្លែង ទាំង​នៅលើ​បណ្ដាញ​សង្គម ទាំង​នៅក្នុង​ហាង​លក់រាយធំៗដូចជា Nordstrom និង Revolve ឬ​នៅក្នុង​ខ្សែភាពយន្ត Insecure របស់ HBO លើ​កញ្ចក់​ទូរទស្សន៍។ល។

នាង Wilglory Tanjong គឺជា​អ្នក​រចនា​រូបរាង​កាបូប​សម្រាប់​យីហោ​ផ្ទាល់ខ្លួន​នេះ មុនពេល​ពួកវា​ត្រូវបាន​កាត់ដេរ​ដោយ​ដៃ​នៅឯ រដ្ឋធានី ដា​កា (Dakar) នៃ​ប្រទេស សេ​ណេ​ហ្គា​ល់។

«ខ្ញុំ​គឺជា​មនុស្ស​ដែល​ចេះ​ស្លៀកពាក់​តាមបែប​ម៉ូ​ដែល​ទាន់សម័យ។ គ្រប់គ្នា​តែង​សួរ​ខ្ញុំ​ថា ទិញ​របស់​នេះ របស់​នោះ​ពី​កន្លែង​ណា។ ហើយ​ខ្ញុំ​ក៏បាន​ដឹងថា ជួនកាល​គ្រប់គ្នា​អាច​ទិញ​របស់របរ​ពី​ខ្ញុំ» នាង Wilglory Tanjong បាន​ប្រាប់ CNBC Make It ដូច្នេះ។

ចាប់តាំងពី​បានបង្ហាញ​វត្តមាន​ដំបូង​កាលពី​ខែកុម្ភៈ ២០២០ Anima Iris រកបាន​ចំណូល​ប្រមាណ ៧០០,០០០ ដុល្លារ​អាម៉េរិក ក្នុងនោះ ឆ្នាំ ២០២១ យីហោ​នេះ​រកបាន​ជាង ៦០០,០០០ ដុល្លារ។ ថ្មីៗនេះ Anima Iris រកបាន​ចំណូល​ប្រហែល ១០០,០០០ ដុល្លារ ក្នុង ១ ខែ។

កត្តា​ជំរុញ​ឱ្យ នាង Wilglory Tanjong ចាប់ផ្ដើម​ការ​ងារ​ប្រកប​ដោយ​ការ​ប្រឹង​ប្រែង

នាង Wilglory Tanjong បានដឹងថា ឪពុកម្ដាយ​របស់​នាង ថ្ងៃ​ណា​ក៏ត្រូវ​ធ្វើការ​យ៉ាង​មមាញឹក។ ក្រោយពី​បាន​រើ​ពី ប្រទេស​កា​មេ​រូ​ន (Cameroon) ទៅកាន់​រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក នៅពេល​នាង​មាន​អាយុ ២ ឆ្នាំ គ្រួសារ​នាង​បាន​ឆ្លងកាត់​មុខរបរ​មួយចំនួន និង​បាន​ក្លាយជា​ម្ចាស់​ហាង​បោក​អ៊ុត​មួយ។

នាង និង​បងប្អូន​ស្រី​របស់​នាង ធ្លាប់ជួយ​ឪពុក​នៅក្នុង​ការលេង flip នៅក្នុង​វិស័យ​អចលនទ្រព្យ ពោលគឺ​ទិញ​អចលនទ្រព្យ និង​លក់​ទៅវិញ​ក្នុង​រយៈពេល​ខ្លី​ដើម្បី​បាន​ចំណេញ។ ចំណែក​ម្ដាយ​របស់​នាង​វិញ គឺជា​គ្រូពេទ្យ​ម្នាក់ និង​ធ្លាប់​គ្រប់គ្រង ស្ទូ​ឌី​យោ ផ្នែក​ថែទាំ​សម្រស់​តូច​មួយ​នៅក្រោយ​ផ្ទះ។

ពួកគេ​ជួប​ការលំបាក​ខ្លាំង ពិសេស​គឺ​នៅពេល​ម្ដាយ​របស់​នាង​កើត​ជំងឺមហារីក ក្នុង​គ្រា Tanjong មាន​អាយុ ៨ ឆ្នាំ។ ពេល​មាន​អាយុ ១៤ ឆ្នាំ ឪពុកម្ដាយ​របស់​នាង​ក៏បាន​លែងលះគ្នា ធ្វើឱ្យ​គ្រួសារ​ជួប​បញ្ហា​ហិរញ្ញវត្ថុ។

«ខ្ញុំ​នឹងមិន​ភ្លេច​ថ្ងៃ​ដែល​ម្ដាយ​របស់ខ្ញុំ​ប្រាប់​ពួក​ខ្ញុំ​ថា ចុងក្រោយ​ពួកយើង​ក៏​ទទួលបាន​ប័ណ្ណ​អាហារ។ បទពិសោធន៍​នេះ​ពិតជា​បាន​ជំរុញ​ឱ្យ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​មាន​ម្ចាស់ការ​ឱ្យបាន​ឆាប់រហ័ស​លើ​បញ្ហា​ហិរញ្ញវត្ថុ តាម​ដែល​អាចធ្វើ​ទៅបាន» Tanjong រៀបរាប់​ដូច្នេះ។

នាង Wilglory Tanjong បន្ត​ខិតខំ​រៀនសូត្រ និង​ទទួលបាន​អាហារូបករណ៍​ពេញលេញ​ពី​សាកលវិទ្យាល័យ Princeton។ ប៉ុន្តែ ការសប្បាយរីករាយរ​បស់​នាង ក៏បាន​បញ្ចប់​នៅពេល​ម្ដាយ​នាង​បាន​ស្លាប់។

ឆ្នាំ ២០១៨ Tanjong បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ។ នាង​បាន​រើ​ទៅកាន់ Atlanta រដ្ឋ Georgia ដើម្បី​ធ្វើជា​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​មួយ ក្រោយពី​បញ្ចប់​ការសិក្សា​បាន ៣ សប្ដាហ៍។

កាលណោះ ក្រៅពី​ប្រាក់បៀវត្សរ៍ ៨៦,០០០ ដុល្លារ/ឆ្នាំ ដែល​បានមកពី​ក្រុមហ៊ុន នាង​ក៏​សន្សំ​បាន​ប្រហែល ២២,០០០ ដុល្លារ ពី​កិច្ចការ​នៅឯ​សាលា និង​កិច្ចការ​ជា​សិស្ស​ហាត់​ការ​នៅ​រដូវក្ដៅ។ Tanjong ក៏​ទទួលបាន​ប្រាក់​ប្រមាណ ៥០,០០០ ដុល្លារ ដែលជា​កេរ​ពី​ម្ដាយ​របស់​នាង​ផងដែរ។

Tanjong ថ្លែងថា៖ «ខ្ញុំ​មិនដែល​បាន​ចំណាយពេល​ដើម្បី​រស់នៅ​ឱ្យបានយឺតៗនឹង​គេ និង​ដើម្បី​ប្រឈម​នឹង​ការបាត់បង់​មនុស្ស​សំខាន់បំផុត​ក្នុង​ឆាកជីវិត​របស់ខ្លួន»។ ដូច្នេះ ក្រោយពី​ការប្រឹងប្រែង​ធ្វើការ​បាន ១ ឆ្នាំ នាង​ក៏​សម្រេចចិត្ត​សុំ​សម្រាក​យក​កម្លាំង។

កត្តា​ជំរុញ​ឱ្យ​នាង​រកប្រាក់

Tanjong បាន​ដើរ​ទេសចរណ៍​ជុំវិញ​ទ្វីបអាហ្វ្រិក ៦ ខែ។ នាង​ចាប់ផ្ដើម​រស់នៅក្នុង ប្រទេស​ហ្គា​ណា (Ghana) ជាទី​ដែល​នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកជំនួញ​វ័យក្មេង​មួយចំនួន។ នៅពេល​ដើរទេស​ចរណ៍ នាង​តែង​សុំ​សម្ភាស​ជាមួយ​អ្នករក​ស៊ីក្នុង​តំបន់ សម្រាប់​បង្ហោះ​ក្នុង​កម្មវិធី African Hustle នៅលើ Youtube និង Instagram ដើម្បី​បង្ហាញ​អំពី​វិធី​ដែល​អ្នករកស៊ី​វ័យក្មេង​នៅ អាហ្វ្រិក កំពុង​រកប្រាក់។

នៅ​ប្រទេស សេ​ណេ​ហ្គា​ល់ នាង​បាន​ជួប​ជាង​ផលិត​ស្បែកជើង និង​កាបូបដៃ លក្ខណៈ​សិប្បកម្ម។ នោះ​គឺជា​ពេលដែល​នាង​ចាប់ផ្ដើម​ចង់​រកប្រាក់។

Tanjong ប្រាប់ថា៖ «ខ្ញុំ​រកឃើញថា មាន​ចន្លោះប្រហោង​ធំ​នៅក្នុង​ទីផ្សារ។ ស្ត្រី​ដែលមាន​សម្បុរស្បែក​ខ្មៅ តែង​ត្រូវបាន​គេ​រំលង​ចោល​លើ​ទីផ្សារ​ផលិតផល​ប្រណិត។ ការកសាង​យីហោ​ដែល​ផ្ដោតទៅលើ​ក្រុម​ស្ត្រី​នេះ ទន្ទឹមនឹង​ការនាំយក​វប្បធម៌​របស់ អាហ្វ្រិក ទៅក្នុង​ទីផ្សារ​សកល គឺ​ប្រៀបដូចជា​អារម្មណ៍​របស់ខ្ញុំ​សម្រាប់ bingo»។

នៅពេល​បានដឹង​ច្បាស់​ថា ជាង​ម្នាក់​ដែល​បាន​និយាយ​ខាងលើ អាច​ច្នៃ​របស់របរ​ទៅតាម​ការ​រចនា​របស់​ខ្លួន Tanjong ក៏បាន​ចរចា និង​ជួល​ជាងផ្សេងៗនៅក្នុង​តំបន់ ដើម្បី​ចាប់ផ្ដើម​មុខ​ជំនួញ។ នាង​បាន​វិនិយោគ​ប្រហែល ៥,០០០ ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការធ្វើដំណើរ វត្ថុធាតុដើម និង​ជាង ដើម្បី​ផលិត​កាបូបដៃ​ចំនួន ៥០ ឈុត។

ខែកុម្ភៈ ឆ្នាំ ២០២០ នាង​បង្កើត Anima Iris និង​បាន​សុំ​ឈប់​ពី​ការងារ​ពេញ​ម៉ោង​របស់ខ្លួន ហើយ ១ ខែ​បន្ទាប់ នាង​ក៏​រើ​ទៅ​រស់នៅក្នុង​តំបន់ Philadelphia។

ជោគជ័យ​របស់ Tanjong

Anima Iris មាន​បុគ្គលិក​ជាជាង​សិប្បកម្ម ចំនួន ៧ នាក់ ទទួលខុសត្រូវ​ក្នុងការ​ផលិត​កាបូបដៃ នៅ សេ​ណេ​ហ្គា​ល់។ Tanjong បានផ្ដល់​ប្រាក់ខែ​ច្រើនជាង​ទ្វេដង ធៀប​នឹង​ប្រាក់ចំណូល​ដែល​ជាង​ចំណាន​ម្នាក់​រកបាន​នៅ ដា​កា។

Anima Iris ត្រូវបាន​គេ​ស្គាល់​ច្រើន​ចាប់ពី​ខែមិថុនា ២០២០ នៅពេល​យីហោ​នេះ​បង្ហាញខ្លួន​ក្នុង​ទំព័រសារព័ត៌មាន Vogue។ ភ្លាមនោះ អ្នកសរសេរ​ប្លក់​ម្នាក់​បាន​បង្ហោះ​រូបថត​កាបូប​របស់ Tanjong រួម​នឹង​តំណ​ភ្ជាប់​ទៅកាន់​គេហទំព័រ​របស់​ក្រុមហ៊ុន និង​ទំព័រ​បណ្ដាញ​សង្គម​របស់​នាង។ អត្ថបទ​នោះ​ទទួលបាន​ចែករំលែក​បន្ត​ជិត ៣០,០០០ លើក ហើយ​ភ្លាម​នោះដែរ ផលិតផល​យីហោ Anima Iris ក៏ត្រូវ​បាន​លក់​អស់។

ខែសីហា ២០២១ Anima Iris ក៏បាន​បង្ហាញខ្លួន​នៅលើ Instagram របស់ Beyonce។ នៅលើ Instagram គេ​ឃើញ​នាង Beyonce កំពុង​ប្រើប្រាស់​កាបូបដៃ Raspberry Zaza។

នេះ​គឺជា​ពេលដែល Tanjong គិតដល់​ការពង្រីក​យីហោ។ ក្រោយពី Beyonce បានទទួល​ស្គាល់ Anima Iris ក៏​លក់​កាបូប​បាន​ជាង ២៣,០០០ ដុល្លារ។

មកដល់​បច្ចុប្បន្ន យីហោ Anima Iris នៅតែ​រក្សាបាន​នូវ​កំណើន​នៃ​ចំណូល​របស់ខ្លួន។ ក្រុមហ៊ុន​របស់ Tanjong រកបាន​យ៉ាងតិច ១.២ លាន​ដុល្លារ/ឆ្នាំ។ «ខ្ញុំ​ជឿថា យើង​នឹង​រកបាន​យ៉ាងហោច ៥ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២២» Tanjong រំពឹង​ដូច្នេះ៕

Advertisement