មូល​ប​ត្រ​អាស៊ី-ប៉ាស៊ីហ្វិក បន្ត​ធ្លាក់ចុះ ដោយសារតែ​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន (Omicron)

ស​ន្ទ​ស្សន៍​ភាគហ៊ុន​នៅក្នុង​ទីផ្សារ​ចិន ជប៉ុន កូរ៉េខាងត្បូង នា​ព្រឹក​នេះ កំពុង​តែ​ «នាំគ្នា» ​ដាំ​ក្បាល​ចុះ ព្រោះ​​តែ​អ្នក​វិនិយោគ​រង់​ចាំ​មើល​ អូមីក្រុន។

ស​ន្ទ​ស្សន៍ Nikkei 225 (ជប៉ុន) បច្ចុប្បន្ន​ថយចុះ ០.៤% ខណៈ​ស​ន្ទ​ស្សន៍ Topix បាត់បង់ ០.៨%។ នៅ កូរ៉េខាងត្បូង ស​ន្ទ​ស្សន៍ Kospi ថយចុះ ០.៣៦%។ មូលហេតុ​ដែលនាំឱ្យ​ផ្សារ​ហ៊ុន​នៅ​អាស៊ី-ប៉ាស៊ីហ្វិក ដាំ​ក្បាល​ចុះ​គឺ​ដោយសារ​អ្នកវិនិយោគ​នៅតែ​មានការ​ព្រួយ​បា​ម្ភ​ទាក់ទង​នឹង​ស្ថានភាព​នៃ​វ៉ា​រ្យ៉​ង់​ថ្មី​របស់​កូ​វីដ-១។

ផ្សារ​ហ៊ុន​នៅ​ប្រទេស ចិន ក៏ត្រូវ​ជោកជាំ​ដោយ​ពណ៌​ក្រហម​តាំងតែ​ពី​ការជួញដូរ​ដំបូង​សម្រាប់​ថ្ងៃនេះ។ ស​ន្ទ​ស្សន៍ Shanghai Composite បាត់បង់ ០.៥% ខណៈដែល Hang Seng Index (ហុងកុង) ក៏​ថយចុះ ០.៥%។

មូល​ប​ត្រ​នៅ​ផ្សារ​ហ៊ុន​ដទៃ ចាប់ពី អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ ម៉ាឡេស៊ី សិង្ហ​បុរី ក៏​កំពុងតែ​ដាំ​ក្បាល​ចុះ។ ស​ន្ទ​ស្សន៍ MSCI នៅ អាស៊ី-ប៉ាស៊ីហ្វិក ថយចុះ ០.៤៥%។

«វ៉ា​រ្យ៉​ង់​នេះ (អូ​មី​ក្រុន) អាច​មិន​សាហាវ​ដូចដែល​អ្នកវិនិយោគ​កំពុង​គិត។ ប៉ុន្តែ វា​នៅតែ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ក្រុម​​អ្នកវិនិយោគ​ដែល​បណ្ដាក់ទុន​ជាមួយនឹង​ទ្រព្យ​ហានិភ័យ និង​ការចំណាយ​នានា ដោយសារតែ​គ្រប់គ្នា​នឹងមាន​ការប្រុងប្រយ័ត្ន​ជាង​មុន» នេះ​បើតាម​លោក John Vail អ្នក​យុទ្ធសាស្ត្រ​សកល​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ Nikko៕

Advertisement