ហាង​កាហ្វេ ទូទាត់​ប្រាក់​​ទៅតាម​​អារម្មណ៍​​របស់​​អតិថិជន​​៖ ភ្ញៀវ​ឱ្យ​ថ្លៃ​ប៉ុន្មាន​ក៏បាន តាមតែ​ចិត្ត

ហាង​កាហ្វេ​តូច​មួយ​ដែល​ត្រូវបាន​រៀបចំ​យ៉ាង​ល្អ និង​មាន​កៅអី​សរុប​ត្រឹម 8 កន្លែង​ប៉ុណ្ណោះ ប៉ុន្តែ ម្ចាស់​ហាង​ប្រើ​យុទ្ធសាស្ត្រ​ចម្លែក៖ «ភ្ញៀវ​ចង់ឱ្យ​ថ្លៃ​កាហ្វេ​ប៉ុន្មាន​រៀល​ក៏បាន»។

មកដល់​ហាង​កាហ្វេ​នេះ អ្នក​អាច​ញ៉ាំ​កាហ្វេ​ប៉ុន្មាន​ពែង​ក៏បាន ហើយ​ឱ្យ​ថ្លៃ​ប៉ុន្មាន​រៀល​ក៏បាន អាស្រ័យ​លើ​អារម្មណ៍​ដែល​អ្នក​កំពុងមាន បើទោះជា 1 ដុល្លារ ឬ 5 ដុល្លារ ព្រោះថា ប្រការនេះ​មិនមែនជា​រឿង​សំខាន់។

ហាង​កាហ្វេ​ឈ្មោះ Refined នេះ ស្ថិតនៅក្នុង ទីក្រុង​ហាណូយ នៃ ប្រទេស​វៀតណាម។ កំលោះ​ម្ចាស់​ហាង​នេះ ឈ្មោះ Vu Tu។ គាត់​បាន​បោះបង់​ការងារ​ការិយាល័យ មករក​ស៊ី​មុខរបរ​កាហ្វេ។

ហាង​កា​ហ្វា​ត្រូវបាន​លាប​ពណ៌​ខ្មៅ​ដូច​ពណ៌​កាហ្វេ។ នៅ​ខាងក្រោយ​កញ្ចក់ទ្វារ​គឺជា​ជញ្ជាំង​ទាំង 4 ដែល​ត្រូវបាន​លាប​ពណ៌​ខ្មៅ​ដូចគ្នា និង​មាន​សំឡេង​តន្ត្រី jazz សូរ​រងំ​រណ្ដំ​ចិត្ត ដែល​ស្ថិតនៅក្នុង​ផ្ទៃក្រឡា​ជិត 20 ម៉ែត្រ។

នៅពេល​ត្រូវបាន​សួរ​អំពី​ឈ្មោះ Refined ម្ចាស់​ហាង​ប្រាប់ថា ចំពោះ​គាត់ ការ​ឆុង​កាហ្វេ​មួយ​ពែង​ក៏​ត្រូវតែ​ធ្វើឱ្យបាន​ម៉ត់ចត់​ទៅតាមជំហានៗ ដូចជា ការ​ថ្លឹង​ទម្ងន់​កាហ្វេ បរិមាណ​ទឹក និង​ទឹកដោះគោ​ជាដើម។ ជាង​នេះ ដើម្បី​ជ្រើសរើស​បាន​គ្រាប់​កាហ្វេ​ឈ្ងុយឆ្ងាញ់ កំលោះ​ម្ចាស់​ហាង ត្រូវ​ដើរ​សុំ​មតិ​ពី​មនុស្ស​ជាង 300 នាក់​ឯណោះ។

មិន​ដូច​ហាង​កាហ្វេ​ដទៃ ហាង Refined មានតែ​កន្លែង​ឆុង​កាហ្វេ និង​កៅអី​សរុប​ចំនួន 8 ប៉ុណ្ណោះ ដែល​នៅ​ជុំវិញ​កន្លែង​ឆុង។ នៅទីនេះ ភ្ញៀវ​អាច​មើលឃើញ​ដំណើរការ​ទាំង​អស់នៃ​ការ​ឆុង​កាហ្វេ។ ថ្វីបើ​តូច​ពិតមែន ប៉ុន្តែ​ហាង​កាហ្វេ​នេះ​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់។

នៅពេល​ត្រូវបាន​សួរថា ហេតុអ្វី​មានគំនិត​បើកហាង​កាហ្វេ «ទូទាត់​ប្រាក់​តាម​អារម្មណ៍» បែបនេះ ម្ចាស់​ហាង​ប្រាប់ថា៖ «ខ្ញុំ​គិតពី​គុណភាព​ជាង​បរិមាណ។ បែបនេះ​គឺ​ងាយស្រួល​បម្រើភ្ញៀវ និង​សន្ទនា​ជាមួយ​ភ្ញៀវ។ ទន្ទឹមនឹងនេះ ភ្ញៀវ​គ្រប់រូប​អាច​យល់ និង​ដឹងបាន​អំពី​ដំណើរការ​នៃ​ការបង្កើត​កាហ្វេ​មួយ​ពែង​ថា វា​យ៉ាងណា»។

មី​នុយ​របស់​ហាង​នេះ​រួមមាន 5 មុខ ក្នុងនោះ​មាន 2 មុខ​មានឈ្មោះ​ចម្លែក គឺ «Tuesday» និង «Van Mieu» ដែល​ត្រូវ​បានដាក់​ទៅតាម​អារម្មណ៍​របស់​ភ្ញៀវ​ប្រចាំ​ហាង។

ម្ចាស់​ហាង​នេះ​និយាយ​ថា​៖ «ដំបូង​ឡើយ ខ្ញុំ​បើកហាង​នេះ​ដើម្បីឱ្យ​មិត្តភក្ដិ​បានដឹង ប៉ុន្តែ ពេល​មិត្តភក្ដិ​ទាមទារ​ជួយ​ចេញថ្លៃ​កាហ្វេ ក៏​មិនដឹង​ត្រូវធ្វើ​យ៉ាងណា ទើប​ប្រាប់​ឱ្យ​ពួកគេ​ដាក់​ប្រាក់​ក្នុង​ប្រអប់​ប៉ុន្មាន​រៀល​ក៏បាន តាមចិត្ត។ ហើយយូរៗទៅ​ក៏​ក្លាយជា​ប្រអប់ «អាស្រ័យ​លើ​អារម្មណ៍» នេះ​តែម្ដង។

កំលោះ​ម្ចាស់​ហាង​កាហ្វេ Refined

«ម្យ៉ាងទៀត ការ​ឆុង​កាហ្វេ​ពិបាក​នឹងធ្វើ​ឱ្យមាន «ស្ថិរភាព» ដោយសារ​ថា ថ្ងៃនេះ​ភ្ញៀវ​ញ៉ាំ​អាច​ថា​ឆ្ងាញ់ ប៉ុន្តែ​ថ្ងៃ​ផ្សេងទៀត​អាច​ថា​មិន​ឆ្ងាញ់​ក៏មាន។ ដូច្នេះ ខ្ញុំ​ទុកឱ្យ​ភ្ញៀវ​ជា​អ្នកកំណត់​ថ្លៃ​សម្រាប់​រស់ជាតិ​កាហ្វេ​ដែល​ពួកគេ​បានទទួល» ម្ចាស់ Vu Tu ថ្លែង​ដូច្នេះ៕

Advertisement