ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មួយ​ដែល​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​ប្រណិត មានបំណង​ប្រមូល​ទុន ៨ ពាន់​លាន​ដុល្លារ

Lucid Group ដែលជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត កំពុងតែធ្វើការ​ប្រមូល​ទុន​ឱ្យបាន​ដល់ ៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទំនើប​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Newark រដ្ឋ California នេះ បានចាប់ផ្ដើម​ប្រគល់​រថយន្ត​ម៉ូ​ដែល Air ប្រភេទ​សេ​ដាន់ដំបូងៗរបស់ខ្លួន​ទៅឱ្យ​អតិថិជន​នៅក្នុង​ឆ្នាំនេះ។ ក្រុមហ៊ុន​នេះ​បានដាក់​ឯកសារ​ឡើងទៅ​កាន់ SEC (គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក) កាលពីដើម​សប្ដាហ៍ ដើម្បី​ជូនដំណឹង​អំពី​ការប្រមូល​ទុន​របស់ខ្លួន។ ការប្រមូល​ទុន គ្រោង​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​អំឡុង ៣ ឆ្នាំ​ខាងមុខ។

ក្រុមហ៊ុន Lucid បញ្ជាក់ថា ពួកគេ​មិនទាន់​វិនិយោគ​ទៅលើ​ផលិត​ផលិត​ថ្មី​នៅពេលនេះ ប៉ុន្តែ ត្រូវការ​ទុន​ដើម្បី​ត្រៀម​សម្រាប់​គម្រោង​នានា​ក្នុង​អនាគត។

ក្រោម​ការដឹកនាំ​របស់ CEO Peter Rawlinson ដែលជា​អតីត​ប្រធាន​ក្រុម​វិស្វករ​នៃ​គម្រោង​រថយន្ត​អគ្គិសនី Model S របស់ Tesla ក្រុមហ៊ុន Lucid Motor កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយទៅជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​លំដាប់​កំពូល​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​បើកបរ​រយៈ​ចម្ងាយ​ឆ្ងាយ និង​កម្លាំង​ខ្លាំង។

បច្ចុប្បន្ន Lucid Air មានតម្លៃ​ចាប់ពី ៨៧,៤០០ ដុល្លារ សម្រាប់​ម៉ូ​ដែល Air Pure។ ចំណែក​កំណែ Air Sapphire ដែល​គ្រោង​នឹងត្រូវ​ផលិត​នៅ​ឆ្នាំក្រោយ មានតម្លៃ​ចាប់ពី ២៤៩,០០០ ដុល្លារ​អាម៉េរិក ដោយ​វា​មាន​កម្លាំង​ជាង ១,២០០ សេះ អាចឱ្យ​បើកបរ​ក្នុង​ល្បឿន ៣២១ គីឡូម៉ែត្រ/ម៉ោង៕

Advertisement