អាច​ឆ្លើយ​នឹង​សំនួរ​របស់ Jeff Bezos ដែល​សួរថា «មាន​បង្អួច​ប៉ុន្មាន​នៅ​​ក្នុង​ទីក្រុង» បេ​ក្ខ​នារី​​មួយ​រូប​ បាន​ចូលធ្វើការ​នៅ Amazon ភ្លាម មិន​ចាំ​ស្អែក

សំនួរ​ក្នុង​កិច្ច​សម្ភាស​ប្រកបដោយ​ភាព​រីករាយ​របស់​មហា​សេដ្ឋី អាម៉េរិក Jeff Bezos គឺ៖ «មាន​បង្អួច​សរុប​ចំនួន​ប៉ុន្មាន នៅក្នុង​ទីក្រុង?»។

អត្ថបទ​នេះ​គឺជា​ការចែករំលែក​រប​ស់​នាង​ Ann Hiatt ដែលជា​អតីត​អ្នក​យុទ្ធសាស្ត្រ​មួយរូប​នៅ​ជ្រលង​ភ្នំ Silicon (silicon valley) នៃ​រដ្ឋ California សហរដ្ឋ​អាម៉េរិក។ នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទង​នឹង​ការងារ​ជា​សហការិនី ឬ​ជំនួយការ​របស់​មេដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើនរូប មានដូចជា មហាសេដ្ឋី Jeff Bezos, Marissa Mayer និង Eric Schmidt ជាដើម។ ថ្មីៗនេះ Hiatt បាន​បង្កើត និង​ទទួល​ភារកិច្ច​ជា​នាយិកា​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ដែលមាន​អតិថិជន​ជា CEO របស់​បណ្ដា​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោក។

«ខ្ញុំ​បានដាក់​ពាក្យសុំ​ការងារ​ជា​ជំនួយការ​នៅឯ​ក្រុមហ៊ុន Amazon កាលពី​ឆ្នាំ 2002។ កាលណោះ ខ្ញុំ​មិនបាន​ស្គាល់​អ្នកណា​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន និង​មិនមាន​សញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ថែមទាំង​មិនមាន​បទពិសោធន៍​ក្នុង​កិច្ចការ​ជា​លេខា​របស់ CEO ណាមួយ​នោះដែរ។

ហើយ​នេះ​គឺជា​បទពិសោធន៍​នៃ​កិច្ច​សម្ភាស​សុំ​ការងារ​របស់ខ្ញុំ នៅ Amazon ៖

កិច្ច​សម្ភាស​ដំបូង​របស់ខ្ញុំ​នៅឯ​ក្រុមហ៊ុន Amazon ច្រើន​ដល់​ថ្នាក់​វិលមុខ។ ខ្ញុំ​បាន​សម្ភាស​ផ្ទាល់​ជាមួយ​ជំនួយការ​ជាន់ខ្ពស់​ទាំង​អស់​របស់​ក្រុមហ៊ុន​នេះ ក្នុងចំណោម​នោះ មាន​ខ្លះ​ស៊ីពេល​ពេញ​មួយថ្ងៃ។

ជាង​នេះ ក៏មាន​កិច្ច​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅក្នុង​បន្ទប់​ងងឹត មានតែ​ពន្លឺ​អេក្រង់​កុំព្យូទ័រ​ដែល​ពេញ​ដោយ​កូដ និង​អំពូល​ភ្លើង​រាត្រី​ច្រើន​ពណ៌​នៅឯ​ជ្រុង​បន្ទប់។ ប៉ុន្តែ វា​មិន​ចម្លែក​ប៉ុន្មាន​ទេ ព្រោះ​ធ្លាប់​ជួប​រឿងនេះ (ឪពុក ម្ដាយ​របស់ខ្ញុំ​គឺជា​អ្នកធ្វើការ​ក្នុង​វិស័យនេះ)។

នាង Ann Hiatt បច្ចុប្បន្ន​គឺជា​ CEO របស់​ក្រុម​ហ៊ុន​ប្រឹក្សា​យល់​ ដែល​អតិថិជន​គោល​ដៅ​សុទ្ធតែ​ជា​ CEO នៃ​បណ្ដា​ក្រុម​ហ៊ុន​អន្តរ​ជាតិ​

ប៉ុន្មាន​ខែក្រោយ​មក ខ្ញុំ​គិតថា ប្រហែលជា​ធ្លាក់​បាត់​ហើយ ព្រោះ​មិនមាន​ការឆ្លើយតប​សោះ។ ប៉ុន្តែ បុគ្គលិក​ធនធានមនុស្ស​ម្នាក់​របស់ Amazon បាន​ហៅ​ទូរស័ព្ទ និង​អញ្ជើញ​ខ្ញុំ​ទៅ​សម្ភាស​លើកចុងក្រោយ។ ប៉ុន្តែ ម្នាក់នេះ​មិនបាន​ប្រាប់ថា ខ្ញុំ​នឹងត្រូវ​សម្ភាស​ជាមួយ​មហាសេដ្ឋី Jeff Bezos នោះឡើយ។

សំនួរ​ដំបូង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ម្ចាស់ Amazon

ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​នៅពេល​ត្រូវ​សម្ភាស។ Bezos ឈាន​ជើង​ចូលដល់ អង្គុយ​ទល់មុខ​នឹង​ខ្ញុំ រួច​ក៏​ណែនាំ​ខ្លួន។ គាត់​ប្រាប់ថា នឹង​សួរ​តែ​ពីរ​សំនួរ​គត់ ហើយ​សំនួរ​ដំបូង​នឹង​ជា​សំនួរ «សប្បាយរីករាយ»។

«ខ្ញុំ​ចង់ឱ្យ​អ្នក​គណនា។ មាន​បង្អួច​ចំនួន​ប៉ុន្មាន​នៅក្នុង​ទីក្រុង?» លោក Bezos និយាយ​បណ្ដើរ គូររូប​បង្អួច​នៅលើ​ក្ដារខៀន​បណ្ដើរ។

ភ្លាមនោះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់។ ក្រោយមក ខ្ញុំ​ក៏​ដកដង្ហើម​មួយ​យ៉ាង​វែង​ដើម្បី​សម្រួល​អារម្មណ៍ និង​រំលឹក​ខ្លួនឯង​អំពី «គោលបំណង» របស់ Bezos នៅពេល​សួរ​សំនួរ​នោះ។ ខ្ញុំ​គិតថា ប្រការនេះ​គឺ​ដើម្បី​សង្កេត​មើលថា តើ​ខ្ញុំ​រហ័សរហួន​ដល់​កម្រិតណា ហើយ​គាត់​ចង់ឃើញ​វិធី​ដែល​ខ្ញុំ​បំបែក​បញ្ហា​ស្មុគស្មាញ​ជា​ចំណែកតូចៗ ដើម្បី​គ្រប់គ្រង។

ខ្ញុំ​ចាប់ផ្ដើម​ដោយ​លើកឡើង​អំពី​ចំនួន​ប្រជាជន​នៅ​ទីក្រុង Seattle (ប្រហែល 1 លាន​នាក់)។ បន្ទាប់មក ខ្ញុំ​លើក​ឧទាហរណ៍​ថា ក្នុង​មនុស្សម្នា​ក់មាន​ផ្ទះមួយ​ខ្ន​ង រថយន្ត​មួយគ្រឿង និង​ការិយាល័យ​មួយ ឬ​សាលារៀន​មួយកន្លែង ដែល​ទាំងអស់នេះ​សុទ្ធ​តែមាន​បង្អួច។ ហើយ​យើង​ក៏​ចាប់ផ្ដើម​គណនា​ជាមួយគ្នា ដោយ​ពិនិត្យមើល​រាល់​ករណី​ដែល​អាច​កើតឡើង ប្រក្រតីភាព រួម​នឹង​ករណី​លើកលែង។ ខ្ញុំ​និយាយ ចំណែក Bezos បង់​លេខ​ទៅលើ​ក្ដារខៀន។ កិច្ចការ​នេះ​ស៊ីពេល​អស់​ជាង 10 នាទី មុននឹង​គាត់​សរសេរ​អំពី​ការប៉ាន់ស្មាន​ចុងក្រោយ រួច​បញ្ចេញយោបល់៖ «ស្ដាប់ទៅ ទំនង​ត្រូវ»។

ដូច្នេះ សំនួរ «សប្បាយរីករាយ» ក៏បាន​បញ្ចប់។

នាង Ann Hiatt មានបទពិសោធន៍ 15 ឆ្នាំ ទាក់ទងនឹងការងារជាសហការិនី ឬជំនួយការរបស់មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន

សំនួរ​ទី​ពីរ​របស់លោក Jeff Bezos ៖ «តើ​គោលដៅ​នៃ​មុខរបរ​របស់​អ្នក​គឺជា​អ្វី?»

ខ្ញុំ​និយាយថា Amazon ត្រូវបាន​គេ​បញ្ជាក់ថា ជា​ក្រុមហ៊ុន​មួយ​ដែល​ពោរពេញ​ដោយ​មនុស្ស​ដែលមាន​មហិច្ឆតា និង​ការជាប់​ចិត្ត។ ខ្ញុំ​ចង់​ដូច​ពួកគាត់ និង​រៀនសូត្រ​ពី​ពួកគាត់។ ចំនុចខ្លាំង​របស់​ពួកគាត់​គឺជា​អ្វីដែល​ខ្ញុំ​ចង់​រីកចម្រើន។ ទោះបី​កន្លងមក ខ្ញុំ​មានបំណង​ក្លាយជា​សាស្ត្រាចារ្យ ប៉ុន្តែ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ការគិត ហើយ​ចង់​ទទួលបាន​បទពិសោធន៍​ពី​ក្រុមហ៊ុន Amazon។

ខ្ញុំ​ក៏បាន​បន្ថែមថា ខ្ញុំ​មិនមាន​បទពិសោធន៍​ធ្វើការ​ជា​ជំនួយការ ប៉ុន្តែ តែងតែ​យល់ច្បាស់​អំពី​សារសំខាន់​ដែល​គួរ​នៅក្រៅ​រង្វង់​សុវត្ថិភាព​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ដើម្បី​ជោគជ័យ។

បន្ទាប់មក Bezos មិនបាន​ទុកឱ្យ​ខ្ញុំ​ត្រូវ​រង់ចាំ​ទៀត​នោះទេ គាត់​ប្រកាស​នៅនឹងកន្លែង​ថា ខ្ញុំ​ត្រូវបាន​ជ្រើសរើស។ គាត់​ក៏​បង្ហាញ​តុ​ធ្វើការ​របស់ខ្ញុំ​ដែលមាន​ចម្ងាយ​ប្រហែល 3 ជំហាន ពី​កន្លែង​អង្គុយ​របស់គាត់។ នោះ​គឺជា​តុ​ដែល​នៅ​ជិត​កន្លែងធ្វើការ​របស់ Bezos ជាងគេ នៅក្នុង​ក្រុមហ៊ុន​នេះ។

ពេលវេលា​បាន​កន្លងទៅ​អស់​ជាច្រើន​ឆ្នាំ ទើប​ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល Bezos បែរជា​ផ្ដល់ឱកាស​ការងារ​ដល់​បេក្ខភាព​ដែល​មិនមាន​បទពិសោធន៍​ដូច​ខ្ញុំ។ គាត់​មានបំណង​បង្កើត​ក្រុម​បុគ្គលិក​ដែល​ពេញ​ដោយ​មហិច្ឆតា ច្នៃប្រឌិត​ក្នុង​ការងារ ដោយ​មិន​គិតដល់​ការដែល​ពួកគេ​ខ្វះ​ជំនាញ​មួយចំនួន៕

Advertisement