រដ្ឋាភិបាល​ចិន ណែ​នាំឱ្យ​ពលរដ្ឋ​ទិញ​ទំនិញ​ចាំបាច់​ទុក​ប្រើប្រាស់ បំណង​​បង្ការ​ការ​ផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៃ​វីរុស COVID-19

បន្លែ​ចំនួន 28 ប្រភេទ ​នៅ​ប្រទេស​ចិន​ បាន​ឡើងថ្លៃ 16% ធៀប​នឹង​ខែ​មុន

រដ្ឋាភិបាល​ចិន បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​របស់ខ្លួន ទិញ និង​រក្សាទុក​របស់រ​បរ​ប្រើប្រាស់​ចាំបាច់ នៅក្នុង​គ្រា​ដែល​ប្រទេស​នេះ​បង្កើន​វិធានការ​ទប់ស្កាត់​រលក​នៃ​ការផ្ទុះ​ឆ្លង​វីរុស COVID-19 ជាថ្មី។

សារព័ត៌មាន AFP កាលពី​យប់​ថ្ងៃទី 1 វិច្ឆិកា បានចេញ​ផ្សាយ​ថា ក្រសួងពាណិជ្ជកម្ម​រប​ស់​ប្រទេស​ចិន បង្ហោះ​សេចក្ដីប្រកាស​នៅលើ​គេហទំព័រ​ផ្លូវការ ស្នើឱ្យ «គ្រួសារ​ទាំងឡាយ រក្សាទុក​ទំនិញ​ចាំបាច់​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រចាំថ្ងៃ និង​បន្ទាន់»។ ការណែនាំ​នេះ មិនបាន​និយាយ​អំពី​មុខទំនិញ​ណាមួយ​ជាក់លាក់​នោះទេ។

ប្រកាស​ខាងលើ​ក៏បាន​ស្នើឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច បង្កលក្ខណៈ​ងាយស្រួល​ដល់​ការផលិត​កសិក​ផល ការរក្សា​ប្រភព​ផ្គត់ផ្គង់​ឱ្យបាន​ល្អ ការធានា​លើ​ការរក្សា​ទុក​ស្បៀង​ក្នុង​តំបន់ និង​រក្សា​តម្លៃ​ឱ្យមាន​លំនឹង។ សារព័ត៌មាន​រដ្ឋ​ចិន កាលពី​ថ្ងៃទី 1 វិច្ឆិកា បាន​ផ្សាយ​ថា បន្លែ​ចំនួន 28 ប្រភេទ បាន​ឡើងថ្លៃ 16% ធៀប​នឹង​ខែ​មុន។

ប្រទេស​ចិន គ្រប់គ្រង​វិបត្តិ COVID-19 ក្នុងស្រុក​បានល្អ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ជាច្រើន ដូចជា ការបិទទ្វារ​ព្រំដែន ការបិទ​ខ្ទប់​គោលដៅ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​យូរ។ ប្រទេស​នេះ​កំពុង​បង្កើន​ការអនុវត្ត​វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ថ្មី ពិសេស នៅមុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា 2022 (2022 Winter Olympics) ដែល​គ្រោង​នឹង​បើក​ការប្រកួត​នៅ​ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2022។

វិធានការ​តឹងរ៉ឹង បាន​ជួយ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ មាន​ត្រឹមតែ​ខ្ទង់​រាប់សិប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 97,314 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 4,636 នាក់ និង​កំពុង​ព្យាបាល​ចំនួន 912៕

Advertisement