Amazon កំពុងក្លាយជាគោលដៅក្នុងការរឹតត្បឹតពីសំណាក់រដ្ឋាភិបាលអាមេរិក

ការរីកចម្រើន ហើយ​ពេលខ្លះ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​ជា ការរកស៊ី​ផ្ដាច់មុខ​កាន់តែខ្លាំង​ឡើង​របស់ Amazon បានធ្វើឱ្យ​ពួកគេ​ក្លាយជា​គោលដៅ​ដែល​ត្រូវ​ចាត់វិធានការ​ពី​សំណាក់​រដ្ឋ និង​ក្រុម​អ្នកតាក់តែង​ច្បាប់ នៅ​សហរដ្ឋ អាមេរិក។

ក៏ប៉ុន្តែ ដោយសារតែ​ទំហំ​ដ៏​មហិមា និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន ក្រុមហ៊ុន Amazon ក៏​ធ្វើឱ្យ​ក្រុម​អ្នកបង្កើត​ច្បាប់ ត្រូវ​ថ្លឹងថ្លែង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ក្នុងការ​រឹត​ត្បឹ​ត​លើ​ក្រុមហ៊ុន​នេះ ដើម្បី​មិនឱ្យ​មានការ​ប៉ះពាល់​ដល់​អតិថិជន និង​បណ្ដា​ក្រុមហ៊ុន​ដែល «អាស្រ័យ​ផល» ដោយសារ។

កាលពី​ចុងខែ​មុន តំណាងរាស្ត្រ​មួយក្រុម រួមមាន​ទាំង​ក្រុម​អ្នកតាក់តែង​ច្បាប់​នៅ​សភា​ជាន់​ទាប​អាមេរិក បានបង្ហាញ​សេចក្ដីព្រាងច្បាប់​មួយ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា «ក្ដោប​ក្ដាប់​អំណាច» នៃ​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ មានដូចជា Facebook, Amazon, Apple និង Google។ សេចក្ដីព្រាងច្បាប់​នេះ នឹង​អាច​បើកផ្លូវ​ឱ្យមាន​ការ​កាត់ផ្ដាច់​ក្រុមហ៊ុន​មួយ ឬ​ច្រើន​ចេញពី​គ្នា ទន្ទឹមនឹង​ការដែល​ត្រូវ​រក​ដំណោះស្រាយ​ឱ្យបាន​សមស្រប។

ក្រុមហ៊ុន Amazon កាលពីពេលថ្មីៗនេះ បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​ប្រហែលជា​ត្រូវបាន​បង្ខំ​ឱ្យ​ឈប់​ដំណើរការ​ទីផ្សារ​របស់​អ្នកលក់​ជា​ភាគី​ទី​បី និង​ត្រលប់មក​ស្ថានភាព​ដើម ដែល Amazon គ្រាន់តែ​លក់ទំនិញ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ សកម្មភាព​នេះ នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នកលក់​រាប់​លាន​នាក់ ដែល​កំពុង​ពឹង​ផ្អែកលើ​ទីផ្សារ​ជា​ឈ្មួញកណ្ដាល​របស់ Amazon ដើម្បី​ធ្វើ​ជំនួញ និង​ធ្វើឱ្យ​បទពិសោធន៍​នៃ​ការទិញ​ដូរ​របស់​អតិថិជន ត្រូវ​ក្រឡាប់ចាក់។

Joel Mitnick ដែលជា​សមាជិក​ម្នាក់​នៃ​ក្រុម​មេធាវី​ប្រឆាំង​ការរកស៊ី​ផ្ដាច់មុខ ប្រចាំ​ក្រុមហ៊ុន​ច្បាប់ Cadwalader ឱ្យដឹងថា៖ «ការ​បំបែក​ក្រុមហ៊ុន​នានា ពិតជា​មានការ​លំបាក ហើយ​ការ​បំបែក​ក្រុមហ៊ុន​ដែលមាន​អតិថិជន​ស្រលាញ់​ចូលចិត្ត​ច្រើន នោះ​វា​កាន់តែ​ពិបាក​ខ្លាំង​ទៅទៀត»។

Amazon ធ្លាប់តែ​ជា​ក្រុមហ៊ុន​មួយ​ដែល​លក់​តែ​សៀវភៅ។ ពេលនេះ យើង​អាច​ហៅ​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ដោយ​ខ្លី​ថា «ពាណិជ្ជកម្ម​អន​ឡាញ»។ Amazon មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន ដូចជា Amazon Web Services, Whole Food, ផ្សព្វផ្សាយ, ហ្គេម, កំសាន្ត និង​សេវាកម្ម​ផ្សាយ​ផ្ទាល់, ដឹកជញ្ជូន, ឧបករណ៍​ឆ្លាត​វៃ, សេវា​ទូទាត់​ប្រាក់ និង​ផ្សារ​អន​ឡាញ។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួន​របស់ Amazon បាន​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ តំណាងរាស្ត្រ Elizabeth Warren ធ្លាប់បាន​ដាក់សំណើ​បង្កើត​អង្គភាព​នានា ដើម្បី «ប្រែ​ត្រលប់​មកវិញ ចំពោះ​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​បណ្ដា​ក្រុមហ៊ុន ដែលមាន​កត្តា​ប្រឆាំងនឹង​ការប្រកួតប្រជែង»។ ក្នុងនោះ​មាន​ទាំង​ករណី Amazon ប្រើប្រាស់​លុយ 13.7 ពាន់​លាន​ដុល​លារ ដើម្បី​ទិញ​ក្រុមហ៊ុន Whole Foods កាលពី​ឆ្នាំ 2017។

 

ថ្មីៗនេះ ការដែល Amazon លើកសំណើរ​ទិញយក​ក្រុមហ៊ុន​ភាពយន្ត MGM ក្នុងតម្លៃ 8.45 ពាន់​លាន​ដុល្លារ ក៏​ជួបនឹង​ប្រតិកម្ម​របស់ Warren និង​អ្នកតាក់តែង​ច្បាប់​ដទៃទៀត។ គណៈកម្មការ​ពាណិជ្ជក​ម្ម​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធាន​ដែល​ទើបតែ​ត្រូវបានតែងតាំង Lina Khan នឹង​សើរើ​កិច្ចព្រមព្រៀង​ខាងលើ​ឡើងវិញ។

បើទោះជា​មិនទាន់​ទទួលបាន​ចំណាប់អារម្មណ៍​ខ្លាំង ប៉ុន្តែ Amazon Web Services នៅតែ​អាច​ទទួលរង​ឥទ្ធិពល ដោយសារតែ​ច្បាប់។

អ្នកវិភាគ​មួយចំនួន ក្នុងនោះ​មាន​ទាំង​អតីត​អនុប្រធាន​របស់ Amazon បានផ្ដល់​យោបល់​ថា ក្រុមហ៊ុន Amazon គួរតែ​បំបែក Amazon Web Services ឱ្យដាច់​ដោយឡែក ដើម្បី​ទប់ទល់​នឹង​កម្លាំង​មកពី​បណ្ដា​អង្គភាព​ប្រឆាំងនឹង​ការរកស៊ី​ផ្ដាច់មុខ និង​ដើម្បី​ជំរុញ​កំណើន​របស់​សេវា​កម្មនេះ។

អំពី Amazon នៅពេល​គេ​ស្វែងរក​ផលិតផល​មួយ​នៅលើ​គេហទំព័រ​របស់ Amazon គេ​ឃើញ​មាន​ទំនិញ​ជាច្រើន​ដែល​មិនមែនជា​ផលិតផល​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​នេះ ប៉ុន្តែ ជា​ផលិតផល​របស់​ភាគី​ទី​បី ដែល​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​របស់ Amazon ដើម្បី​លក់​ផលិតផល​ដល់​អតិថិជន​នៅ​ទូទាំង​ពិភពលោក។ ទំនាក់ទំនង​បែបនេះ រវាង Amazon និង​ភាគី​អ្នកលក់ បាន​ក្លាយជា​ចំណុច​ដែល​ត្រូវ​រិះគន់។

មនុស្ស​ជាច្រើន​មានការ​បារម្ភ​អំពី​ការដែល Amazon ចម្លង​ផលិតផល​របស់​អ្នកលក់ ហើយ​លក់​វា​ក្នុងតម្លៃ​ទាប​ជាង នៅពេល​ពួកគេ​មាន​ទំហំ​គ្រប់គ្រាន់ និង​ធនធានមនុស្ស​ច្រើនជាង​បច្ចុប្បន្ន។

សង្គ្រាម​ទប់ទល់​នឹង​ការរកស៊ី​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន Amazon ទំនងជា​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​ទៀត ហើយក៏​នឹង​នៅមាន​ការប្ដូរ​ផ្លាស់​ទៅតាម​ពេលវេលា។ ប៉ុន្តែ ប្រតិកម្ម​ដំបូង​របស់ Amazon បាន​បង្ហាញថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ណាខ្លះ​ដែល​ទទួល​បានការ​គាំពារ​ជា​អាទិភាព នៅក្នុង​ពិភព​ប្រឆាំងនឹង​ការរកស៊ី​ផ្ដាច់មុខ៕

Advertisement