កម្ពុជា​ស្នើឱ្យ​អាមេរិក គោរព​ការសន្យា​ក្នុងការ​អនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ WTO

ភ្នំពេញ៖ ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Marta Prado នាយិកា​កិច្ចការ​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក អមដោយ​លោកស្រី Desiree GANZ នាយិកា​ផ្នែក​ការងារ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក Scott Schlossberg មន្ត្រី​នយោបាយ​សេដ្ឋកិច្ច និង​លោក David Sequeira មន្ត្រី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បំពេញ​កាតព្វកិច្ច​ដែល​ខ្លួន​បាន​សន្យា​ក្នុងនាម​ជា​ប្រទេស​អភិវឌ្ឍន៍​ថា នឹង​ផ្តល់ជូន​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដទៃទៀត​នូវ​ការអនុគ្រោះ​ពន្ធ​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

ក្នុងជំនួប​នេះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​លើកឡើងថា យោងតាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម​របស់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សន្យាថា នឹង​ផ្តល់ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច (ក្នុងនោះ​រួមមាន​កម្ពុជា) នូវ​ការអនុគ្រោះ​ពន្ធ​នាំចូល​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ឱ្យបាន​យ៉ាងតិច 97% ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី-កូតា​សេរី (GSP-DFQF) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ប៉ុន្តែ​គិត​មក​ត្រឹម​ឆ្នាំ2017នេះ ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី2របស់​កម្ពុ​ជាមួយនេះ​បានផ្តល់​នូវ​ការអនុគ្រោះ​ពន្ធ​ត្រឹមតែ 82,6%តែប៉ុណ្ណោះ។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្តថា ប្រទេស​អភិវឌ្ឍន៍​មួយចំនួនធំ​បាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​ទៅតាម​ការសន្យា​របស់​ពួកគេ​រួចរាល់​ហើយ ក្នុងនោះ​មាន​ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ ន័​រវេ​ស៍ និង​ស្វ៊ី​ស បានផ្តល់​នូវ​ការអនុគ្រោះ​ពន្ធ​ចំនួន 100% សហគមន៍​អឺរ៉ុប​បានផ្តល់​ចំនួន 99% ក្រោម​ក្របខ័ណ្ឌ EBA (Everything But Arms) កាណាដា 98,6% ជប៉ុន 97,9% ហើយ​ចិន​បានផ្តល់ 97%។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ថែមថា មុខទំនិញ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់ឱ្យ​កម្ពុជា​ក្នុង​រង្វង់ 82,6% នោះ មិនមាន​ផលិតផល​សក្តានុពលសំខាន់ៗណា​ដែល​កម្ពុជា​អាច​ផលិត និង​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ក្នុងនាម​ជា​ប្រទេស​ក្រីក្រ​នោះទេ ពោលគឺ​ផលិតផល​សក្តានុពល​ទាំងនោះ​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​ដទៃទៀត ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​កម្ពុជា​ដែរ។ ក្នុងនាម​ក្រសួង ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​មុខទំនិញសំខាន់ៗរបស់​កម្ពុជា រួមមាន ខោអាវ និង​ផលិតផល​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​លេខ​កូដ 338, 339, 347, 348, 647, 648, 334, 634, 638, 639, 335និង635ឱ្យ​ស្ថិតក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដើម្បី​ធានាថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពិតប្រាកដ​ពី​ការនាំចេញ​ទៅកាន់​សហរ​ដ្ឋ​អាមេរិក។

ជាការ​ឆ្លើយតប​លោកស្រី Marta Prado បានស្នើ​ឱ្យ​ភាគី​កម្ពុជា​ពិនិត្យឡើងវិញ​នូវ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បានកា​រ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក ស្រប​ពេលដែល​អាមេរិក​បាននិងកំពុង​ប្រកាស​ឱ្យ​បណ្តា​ប្រទេស​ដែល​នឹងត្រូវ​ទទួលផល​ក្រោម​ច្បាប់​របស់ខ្លួន​ពិនិត្យឡើងវិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) សម្រាប់​ឆ្នាំ2017។ ភាគី​សហរដ្ឋអាមេរិក​បាន​ស្នើឱ្យ​ក្រសួងពាណិជ្ជកម្ម​ចូលរួម​ពិនិត្យ​បន្ថែម​លើ​សេចក្តីព្រាងច្បាប់​ស្តីអំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្តីព្រាងច្បាប់​ស្តីអំពី​ការដោះស្រាយ​វិវាទ​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

គួរ​រំឭក​ផងដែរ​ថា ជំនួប​ពិភាក្សា​លើក​នេះ​គឺជា​ការពិភាក្សា​ការងារ​បន្ត​ក្រោយពី​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ស្តីពី​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​លើក​ទី4 នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពីពេល​កន្លងទៅថ្មីៗនេះ។ នៅក្នុង​កិច្ចប្រជុំ​ខាងលើ កម្ពុជា-អាមេរិក​បាន​ឯកភាពគ្នា​បង្កើតឱ្យមាន​ក្រុមការងារ​ជំនាញតូចៗ ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង TIFA នេះ៕

Advertisement