ប្រទេស​ណាខ្លះ​ដែល​អនុគ្រោះ​ពន្ធ100%ក្នុងការ​នាំចូល​ម្រេច​ពី​កម្ពុជា?

ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា ផលិតផល​ផ្លែ​ម្រេច​របស់​កសិករ​នៅតាម​ខេត្ត​មួយចំនួន មានការ​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ដែល​ធ្វើឱ្យ​ពួកគាត់​ស្ទើរតែ​បោះបង់​របរ​នេះ​ចោល​ទៀតផង។ តែ​ទោះ​យ៉ាងនេះ​ក្តី ម្រេច​របស់​ក្រុមហ៊ុនធំៗមួយចំនួន​នៅតែមាន​ទីផ្សារ​លក់​ចេញទៅ​ក្រៅប្រទេស និង​ទទួលបាន​ការអនុគ្រោះ​ពន្ធ100%ថែម​ទៀតផង តើ​ប្រទេស​ដែល​អនុគ្រោះ​ពន្ធ​ទាំងនោះ​មាន​ប្រទេស​ណាខ្លះ?

ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ម្រេច​សរុប​ប្រមាណ 6,678ហិកតា និង​មាន​ទិន្នផល​ចំនួន​ជាង 2ម៉ឺន​តោន និង​ជា​កាលានុវត្តភាព​របស់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស​លើ​ដំណាំ​ប្រភេទ​នេះ ហើយ​កម្ពុជា​បានធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​នៃ​ប្រទេស​ក្នុង​តំបន់ និង​មួយចំនួនទៀត​នាំ​ចេញទៅ​ទីផ្សារ​ជប៉ុន សហគមន៍​អឺរ៉ុប និង​អាមេរិក ជាដើម ដែលជា​ទីផ្សារ​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា ក្នុងការ​នាំចេញ​ម្រេច​ដោយ​មិនចាំបាច់​បង់ពន្ធ​នាំចូល។

ទន្ទឹមគ្នានេះ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ធ្វើ​ប្រតិភូកម្ម​ការចេញលិខិត​បញ្ជាក់​ប្រភពដើម​ទំនិញ​លើ​ផលិតផល​កសិកម្ម​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ក្នុងការ​សម្រួល​ដល់​កសិក​រ​ឬ​ផលិតករ និង​ពាណិជ្ជករ​ក្នុង​ការនាំ​ផលិតផល​ចេញ និង​បានរៀបចំ​ជា​ឯកសារ​យុទ្ធសាស្ត្រ​មួយចំនួន​ដូច៖ 

1.ការរៀបចំ​បង្កើត និង​ពង្រឹង​ឡើងវិញ​នូវ​សមាគម​ម្រេច​ក្នុងស្រុក និង​ខេត្ត​គោលដៅ​ដើម្បី​ជា​សេណារីយោ​ប្រទាក់ក្រឡា​មួយ​ក្នុងការ​ទទួលបាន​ព័ត៌មាន និង​សេវាកម្មផ្សេង។

2.បង្កើតឱ្យមាន​ក្រុមការងារ​បច្ចេកទេស ដោយមាន​ការចូលរួម​ពី​អន្តរ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ។

3. នៅពេល​យន្តការ​ទាំង2 ខាងលើ​រួចរាល់ ក្រសួង​នឹង​បន្ត​រៀបចំ​បង្កើតជា​សហព័ន្ធ​ម្រេច​កម្ពុជា​ដែលជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​សំដៅ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​ដូចជា បញ្ហា​ទីផ្សារ ការនាំចេញ កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម និង​ឈានទៅ​ចូលរួម​ជា​សមាជិក​របស់​សហគម​ន៍​ម្រេច​អន្តរជាតិ​នាពេលខាងមុខ។

គួរ​បញ្ជាក់ថា នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​កាលពីពេលថ្មីៗនេះ​លោកស្រី Hoang Thi Lein នាយិកា​ប្រតិបត្តិ​នៃ​សហគមន៍​ម្រេច​អន្តរជាតិ​បាន​ថ្លែងថា (IPC) ដែលជា​សហគមន៍​អន្តរជាតិ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​របស់ខ្លួន​ជាច្រើន ក្នុងនោះ​រួមមាន ប្រទេស​ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ស្រីលង្កា និង​ប្រទេស​វៀតណាម ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ផលិតកម្ម​ម្រេច​ដោយ​អភិវឌ្ឍ​រោងចក្រ​ទៅជា​ក​សិ-ឧស្សាហកម្ម។ ក្នុងន័យនេះ​ដោយ​មើលឃើញថា កម្ពុជា​ក៏​ជា​ប្រទេស​ដែលមាន​នូវ​ផលិតផល​ម្រេច ប្រកបដោយ​ក្លិន​ឈ្ងុយ​និង​មានឱជារស​ល្អ​ប្លែក​គេ និង​ក្លាយជា​ផលិតផល​ដែល​កំពុងមាន​សក្តានុពល​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្នុង​ការផលិត​ផលិតផល​ម្រេច​ប្រមាណ​ជាង 2ម៉ឺន​តោន​ក្នុងមួយឆ្នាំៗ នាំឱ្យ​សហគមន៍​មានការ​ចាប់អារម្មណ៍​ក្នុង​ការចង់​ចូលរួម​សហការ​ដើម្បី​ជួយ​ពង្រឹង​វិស័យ​មួយ​នេះ​តាមរយៈ​ការបង្កើត​នូវ​គម្រោង​នៅ​កម្ពុជា ក្នុងន័យ​ជួយ​បង្កើន​ប្រាក់ចំណូល ដែលមាន​ស្រាប់​របស់​ប្រជាកសិករ និង​កែប្រែ​កម្រិតជីវភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត៕

Advertisement