កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ក្នុង​ពេលអនាគត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយនា​ពេលអនាគត និង​រំពឹងទុក​ថា សម្រាប់​ដំណាក់កាល​ទាញយក​ប្រេង​ដំបូង​នៅ​តំបន់​1A និង​1Bត្រូវបាន​ប៉ាន់​ស្មានថា អាច​នឹង​លើសពី30លាន​បារ៉ែល​ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​ប្រេងកាត​ប្លុក​A រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ( Kris Energy) នៅ​ព្រឹក​ថ្ងៃទី23 ខែសីហា ឆ្នាំ2017នេះ​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ប្លុក​Aនាពេលនេះ​គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាការ​ចាប់ផ្តើម​ថ្មី​មួយ​យ៉ាងសំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង​ឆៅ​លើក​ទី1 ចេញពី​ដែនសមុទ្រ​របស់​កម្ពុជា។

ឯកឧត្តម​បន្តថា បរិមាណ​សក្តានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ និង​រំពឹងទុក​សម្រាប់​ដំណាក់កាល​ដំបូង 1A និង 1B ត្រូវបាន​ប៉ាន់ប្រមាណ​ថា អាច​នឹង​លើសពី30លាន​បារ៉ែល​ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្តានុពល។ ក្នុងនោះ​ការចាប់ផ្តើម​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​ប្លុក​Aនេះ​គឺ​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា​ស្វែងរក​ដ៏​ខ្លាំងក្លា​ថែមទៀត​លើ​ប្លុក​ប្រេងកាត​ដែល​នៅ​ទំនេរ​ចំនួន5នៅ​ដែនសមុទ្រ និង18ប្លុក​ផ្សេងទៀត​នៅ​ដែន​គោក​ផងដែរ។

ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកឡើងថា កម្ពុ​ជាមាន​ទិសដៅ​ច្បាស់លាស់ គឺ​មិន​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ចំណូល​ប្រេងកាត និង​ឧស្ម័ន​ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ​នឹង​ប្រើប្រាស់​ចំណូល​នេះ​រួមចំណែក​ក្នុងការ​កែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង​ផងដែរ។

ឯកឧត្តម​បានលើកឡើង​ទៀតថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ទាំង​ក្នុង​ក្របខ័ណ្ឌ​ធនធានមនុស្ស ស្ថាប័ន និង​គោលនយោបាយ​ដើម្បី​បញ្ចៀស​នូវ​បណ្តាសារ​ធនធាន និង​ជំងឺ​ហូ​ឡង់ (Dutch disease) ដោយបាន​សិក្សា​ពីបទ​ពិសោធ​ដ៏​ជូរចត់​កន្លងមក​រប​ស់​ប្រទេស​ផលិត​ប្រេង​មួយចំនួន និង​បាន​គិតគូរ​រួចជាស្រេច​ដើម្បី​ប្រែក្លាយ​ចំណូល​ប្រេងកាត​ទៅជា​កាត​លី​ករ​ពិតប្រាកដ​មួយ​ក្នុងការ​អភិវឌ្ឍ​ពិពិធ​កម្ម និង​ទំនើបកម្ម​សេដ្ឋកិច្ច​ដែលមាន​វិស័យ​ឧស្សាហកម្ម​ដើរតួ​កាន់តែ​សំខាន់​ឡើង​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រេងកាត​នេះ លោក ខេ​ល​វិ​ន តាំង (Kelvin Tang) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kris Energy Ltd,បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្តថា បន្ទាប់ពី​ការចុះហត្ថលេខា​ក្នុងពេលឆាប់ៗបន្ទាប់​នេះ ក្រុមហ៊ុន​នឹង​ប្រកាសសេចក្តី​សម្រេច​ចុងក្រោយ​លើ​ការវិនិយោគ និង​បន្ត​សម្រេច​ឲ្យ​បាន​ដំណក់​ប្រេង​ដំបូង​ក្នុង​រយៈពេល24ខែ ក្នុង​ឆ្នាំ2019ខាងមុខនេះ៕

Advertisement