រដ្ឋមន្ត្រី​ទេសចរណ៍​ព្រួយបារម្ភ​ពី​បញ្ហា​កាកសំណល់ និង​សំរាម

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​បញ្ហា​បរិស្ថាន ការគ្រប់គ្រង​សំរាម និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា បើ​ទោះណាជា​មាន​មជ្ឈដ្ឋាន​អន្តរជាតិ​មួយចំនួន​បាននិងកំពុង​សរសើរ​កម្ពុជា​ថា មាន​បរិស្ថាន​ល្អ​ស្អាត​យ៉ាងណាក៏ដោយ។

រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​នៅ​ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់ពី​កម្ពុជា​បាន​សម្រេចយក​ទីក្រុង​ស្អាត​របស់​កម្ពុជា​ចំនួន7 ដែល​រួមមាន​រាជធានី​ភ្នំពេញ  ខេត្តបាត់ដំបង សៀមរាប ក្រុងព្រះសីហនុ កំពត កែប និង​ខេត្តកំពង់ចាម ទៅ​ចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​ជយលាភី​ឯក​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី1 ដែល​នឹង​ប្រកាស​លទ្ធផល​នៅ​ខែមករា​ឆ្នាំ2018 ខាងមុខនេះ។

លោក​បញ្ជាក់ថា អ្វីដែល​ក្រសួងទេសចរណ៍​សំណូមពរ និង​សុំឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​សហកា​រ​ធ្វើឱ្យបាន​នោះ គឺ​ការខិតខំ​គ្រប់គ្រង​សំរាម ប្រមូល​សំរាម​ឱ្យបាន​ស្អាត​នៅក្នុង​មូលដ្ឋាន និង​ជុំវិញ​កន្លែង​ដែល​យើង​កំពុង​រស់នៅ ការរៀបចំ​ធ្វើឱ្យមាន​សណ្តាប់ធ្នាប់​ល្អ និង​ខិតខំ​រៀបចំ​បង្គន់​សាធារណៈ​ជាដើម។ ព្រោះថា​សំរាម​ជា​ប្រភព​នៃ​មេរោគ និង​ធ្វើឱ្យ​បាត់បង់​ភ្ញៀវទេសចរ​ផងដែរ។ ដូច្នេះ យើង​ត្រូវតែ​ចូលរួម​សម្អាត​ទាំងអស់គ្នា ទើប​មាន​បរិស្ថាន​ស្អាត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន។

ក្រុម​អ្នកជំនាញ​ទេសចរណ៍​នានា​សុទ្ធតែ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ពី​បញ្ហា​នេះ ដោយសារ​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត និង​មិនមាន​ការផ្លាស់ប្តូរ​ឥរិយាបទ​លើ​បញ្ហា​នេះ។

លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍​បាន​ថ្លែងថា បញ្ហា​សំរាម​ជា​បញ្ហា​របស់​យើងទាំងអស់គ្នា និង​ទាមទារ​ឲ្យ​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​របស់​យើងទាំងអស់គ្នា ទើប​ប្រទេស​យើង​ស្អាត និង​ទាក់ទាញ​បាន​នូវ​ភ្ញៀវទេសចរ​កាន់តែច្រើន។ លោក​បន្តថា ភ្ញៀវទេសចរ​អន្តរជាតិ​ជាច្រើន​ពួកគេ​មានការ​ខ្លាចរអា ខ្ពើមរអើម ពេល​ឃើញ​សំរាម​ចោល​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ​នានា​កន្ល​ង​មក។

លោក​បន្តថា “សូម​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ហើយ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឥរិយាបទ​របស់ខ្លួន​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ប្រទេស​របស់​យើង”៕

Advertisement