កសិករ​ងាក​មក​ដាំ​ស្វាយ​តៃវ៉ាន់ ខណៈដែល​ដំណាំ​នេះ​ទទួលផល​បាន​ច្រើនជាង​ស្វាយ​ក្នុងស្រុក

អ្នកជំនាញ​ផ្នែក​កសិកម្ម តែង​និយាយថា​ការផ្លាស់ប្តូរ​ប្រភេទ​ដំណាំ​ដាំ​ដុះ​នឹង​ជួយ​ឱ្យ​ដី​មាន​ជីជាតិ​បានយូរ និង​ធ្វើឱ្យ​ដំណាំ​កសិកម្ម​បាន​ផល​ច្រើន ហើយ​លើសពីនេះ​ដំណាំ​ប្រភេទថ្មីៗក៏​តែងមានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ផងដែរ។ ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការផ្លាស់ប្តូរ​ប្រភេទ​ដំណាំ​នេះ កសិករ​មួយចំនួន​ដែល​ដាំ​ស្វាយកែវ-រមៀត​នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាននាំគ្នា​ងាក​មក​ដាំ​ពូជ​ស្វាយ​តៃវ៉ាន់​ជំនួស​វិញ ព្រោះ​ដំណាំ​នេះ​ទទួលបាន​ផល​ច្រើន និង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

អ្នកស្រី ហ៊ីម តេង​ងី​ម ជា​កសិករ​រស់នៅ​ភូមិ​លេខ3 ឃុំ​ត្រើយ​ស្លា បាន​និយាយថា គាត់​បានចាប់ផ្តើម​ដាំ​ស្វាយ​តៃវ៉ាន់ នេះ​រយៈពេល4ឆ្នាំ​មកហើយ​ដោយ​ពូជ​ស្វាយ​នេះ​គឺ​ទិញ​មកពី​ប្រទេស​វៀតណាម​ក្នុង​មួយ​ដើម​តម្លៃ1ម៉ឺន​រៀល និង​បាន​ដាំ​ចំនួន 400ដើម​នៅលើ​ផ្ទៃដី​ទទឹង 70ម៉ែត្រ និង​បណ្តោយ 250ម៉ែត្រ។

អ្នកស្រី​បាន​បន្តថា ស្វាយ​តៃវ៉ាន់ ងាយស្រួល​ដាំ និង​មិន​ពិបាក​ថែទាំ​ទេ ហើយ​ឆាប់​ផ្តល់​ផល​ដោយ​ចំណាយពេល​ត្រឹមតែ2ឆ្នាំ​អាច​បេះ​ផ្លែ​លក់បាន និង​លក់បាន​ថ្លៃ​ជាង​ស្វាយកែវ​រមៀត​ទៀតផង ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​សាច់​ស្រួយ​ថែមទៀត។ ស្វាយ​តៃវ៉ាន់ នេះ​មាន 2ប្រភេទ គឺ​ពូជ​ផ្លែ​ធំ ដោយ​មួយ​ផ្លែ​អាចមាន​ទម្ងន់​ដល់​ទៅ 1.5គីឡូក្រាម និង​ពូជ​តូចប៉ុនៗស្វាយកែវ​រមៀត​ដែរ។ សព្វថ្ងៃ​ស្វាយ​តែ​វ៉ាន់ ធំ1គីឡូក្រាម​លក់​បោះ​ដុំ​ឱ្យ​ម៉ូយ​ក្នុងតម្លៃ​ចន្លោះ​ពី 4,000-5,000រៀល ចំណែក​ពូជ​តូច​បាន​ថ្លៃ 2,500រៀល។

កសិករ​ដដែល​បាន​ប្រាប់ទៀតថា ការថែទាំ​ស្វាយ​ប្រភេទ​ថ្មី​នេះ មិន​ខុសពី​ស្វាយកែវ​រមៀត​នោះទេ បើ​រដូវប្រាំង10-15ថ្ងៃ​បូមទឹក​ដាក់​ម្តង ហើយ​ចាប់ពី​ចេញ​ផ្កា​រហូតដល់​បាន​បេះ​ផ្លែ​មាន​រយៈពេល3ខែ។ នៅពេល​បេះ​អស់វា​នឹង​ចេញ​ផ្កា​ម្តងទៀត និង​មិនសូវ​ត្រូវការ​ជី ទឹក និង​ថ្នាំ ដូចជា​ស្វាយកែវ​រមៀត​នោះទេ ដោយ​គ្រាន់តែ​ឧស្សាហ៍​លះ​មែក​វា​ចេញ​ខ្លះ​ដើម្បី​កុំឱ្យ​ស៊ុបទ្រុប​ពេក។

ចំណែក​អ្នកស្រី សេង ពុ​យ អ្នកលក់​ផ្លែឈើ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ21 ក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង បាន​និយាយថា គាត់​បាន​ប្រកប​របរ​លក់​ផ្លែឈើ​ដែល​ទទួល​ពី​បងប្អូន​ប្រជាកសិករ​នៅទីនេះ​រយៈពេល​ជាង 10ឆ្នាំ​មកហើយ។ សម្រាប់​ផ្លែស្វាយ​តៃវ៉ាន់ ដែល​គាត់​ដាក់លក់ គឺ​ទទួល​ទិញ​ពី​ឃុំ​ត្រើយ​ស្លា ដោយ​នៅក្នុង​ថ្ងៃបុណ្យ ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ អាច​លក់​បានជា​មធ្យម50គីឡូក្រាម​ក្នុង1ថ្ងៃ។

អ្នកដំណើរ​ម្នាក់ លោក ពេជ្រ ពន្លឺ ដែល​ឈប់​ទិញ​ផ្លែឈើ​បាន​ប្រាប់ថា ស្វាយ​តៃវ៉ាន់​នេះ​ពិតជា​ស្រួយ​ឆ្ងាញ់​មែន ហើយ​នៅពេលដែល​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​លោក​តែង​ឈប់​ទិញ​ហូប និង​យកទៅ​ផ្ញើ​បងប្អូន​មិនដែល​ខាន​ឡើយ។ លោក អ៊ុន សុគន្ធ ប្រធានការិយាល័យ​កសិក​ម្ម ស្រុក​ស្អាង មានប្រសាសន៍ថា ស្អាង​ជា​ស្រុក​មាន​ដំណាំ​ស្វាយ​សរុប153ហិកតា ដោយ​ក្នុងនោះ​ស្វាយ​តៃវ៉ាន់ មាន​ប្រមាណ10% និង​ទើប​ត្រូវបាន​ដាំ​ដុះ​ប្រមាណ4ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ។ ស្វាយ​តៃវ៉ាន់​ពិតជា​ទទួលបាន​ទិន្នផល​ខ្ពស់ និង​បាន​ថ្លៃ​ជាង​ស្វាយកែវ​រមៀត។ នេះ​ជាស​ញ្ញា​ល្អ​ដែល​បងប្អូន​ប្រជាកសិករ​ចេះ​សម្លឹងមើល​អំពី​តម្រូវការ​ទីផ្សារ​ដែលមាន​ការវិវត្ត​ជា​បន្តបន្ទាប់៕

Advertisement