របាយការណ៍ថ្មីៈ កម្ចីលក្ខណៈគ្រួសារមានចំនួនច្រើនជាងកម្ចីផ្សេងៗ

ភ្នំពេញ៖ វិស័យភតិសន្យាហិរញ្ញវត្ថុមានន័យថា សេវាផ្តល់ប្រាក់កម្ចីនៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនតាមរយៈការពង្រីកសេវាលើចលនទ្រព្យ ដូចជាម៉ូតូ រថយន្ត គ្រឿងយន្តប្រើប្រាស់ក្នុងវិស័យកសិកម្ម គ្រឿងចក្រសាងសង់ គ្រឿងអេឡិចត្រូនិក គ្រឿងសិង្ហារិម សម្ភារប្រើប្រាស់ក្នុងគ្រួសារ និងចលនវត្ថុផ្សេងៗទៀតដល់អតិថិជន។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា នៅក្នុងឆមាសទី1 ឆ្នាំ2017នេះ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ (ក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ) មានចំនួន12 ហើយមានកំណើនទ្រព្យសកម្មចំនួន 26.3% ដល់728 ប៊ីលានរៀល និងមានកំណើនភតិសន្យាហិរញ្ញវត្ថុ12.9% ដល់ 515.1ប៊ីលានជាមួយនឹងចំនួនអតិថិជន 63,065 នាក់។ សេវាផ្តល់ហិរញ្ញវត្ថុត្រូវបានបែងចែកទៅកាន់វិស័យសំខាន់ៗដូចជា ក្រុមគ្រួសារ31% កសិកម្ម23 % ពាណិជ្ជកម្ម9% និងសំណង់10%។

របាយការណ៍បង្ហាញថា ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (ខេមបូឌា)ខូអិលធីឌីមានទ្រព្យសកម្មសរុបចំនួន35ទ្រីលានរៀល និងមានសមាជិកក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានចំនួន139 ដែលក្នុងនោះមានគ្រឹះស្ថានធនាគារពាណិជ្ជ39 គ្រឹះស្ថានធនាគារឯកទេស 14 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ7 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ63 ក្រុមហ៊ុនភតិសន្យា11 និងប្រតិបត្តិករឥណទានជនបទ5 ព្រមទាំងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ5 ទៀតត្រៀមចូលរួមជាសមាជិក។

ក្រុមហ៊ុនក្រេឌីតប្យូរ៉ូបានផ្តល់ទិន្នន័យឥណទានអតិថិជនដែលមានសារៈសំខាន់មួយចំនួន ដូចជាទំហំឥណទានឯកជន ចំនួនអ្នកខ្ចីប្រាក់ ចំនួនអ្នកធានា និងចំនួនប្រតិបត្តិការប្រើប្រាស់ព័ត៌មានអតិថិជន។ សម្ពៀតឥណទានសរុបដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទានមានចំនួន58.6ទ្រីលានរៀល ដោយមានគណនីចំនួន 2,753,125 និងមានអតិថិជនចំនួន 2.3លាននាក់ ស្របពេលដែលប្រតិបត្តិការទាញយកព័ត៌មានឥណទានមានចំនួន 340,959 នាក់៕

Advertisement