ស្ដាប់អ្នកជំនាញប្រាប់ពីហេតុផលដែលអ្នកវិនិយោគផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍ

ភ្នំពេញ – ស្ថិតក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងតែមានការកើនឡើងនៃវិស័យសំណង់ត្រូវបានគេមើលឃើញថា មានម្ចាស់គម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែញាប់ដៃញាប់ជើងដើម្បីបញ្ចប់គម្រោងរបស់ខ្លួនឱ្យបានរួចរាល់។ ក្នុងនោះក៏មានម្ចាស់គម្រោងមួយចំនួនបានផ្លាស់ប្ដូរឥរិយាបថពីការសាងសង់គម្រោងរស់នៅបែបខុនដូ ទៅជាគម្រោងលំនៅឋាន រីឯអ្នកខ្លះទៀតធ្លាប់តែអភិវឌ្ឍគម្រោងលំនៅឋានក៏បានងាកមករកការអភិវឌ្ឍខុនដូវិញ។

តើការផ្លាស់ប្ដូរដ៏គួឱ្យភ្ញាក់ផ្អើលគ្រាដែលទីផ្សារអចលនទ្រព្យបច្ចុប្បន្នហាក់មានសកម្មភាពនៃការលក់យឺតជាងបណ្ដាឆ្នាំកន្លងមក វានឹងមានអ្វីកើតឡើង? តើការផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍអាចផ្ដល់គុណសម្បត្ដិ និងគុណវិបត្ដិអ្វីខ្លះដល់អតិថិជន?

លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានលើកឡើងថា ពាក់ព័ន្ធការផ្លាស់ប្ដូរឥរិយាបថនៃការអភិវឌ្ឍរបស់អ្នកវិនិយោគនីមួយៗយើងមានសុទិដ្ឋិនិយមថា គ្មានបញ្ហាអ្វីកើតឡើងដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ដអតិថិជនទេ។ ផ្ទុយទៅវិញយើងមើលឃើញថា ពួកគាត់មានភាពឆ្លាតវាងវៃក្នុងការប្រកបរបរនៅលើវិស័យនេះទៅវិញទេ ព្រោះពួកគាត់ចង់ធ្វើអ្វីប្លែកល្អៗសម្រាប់អតិថិជនរបស់ខ្លួន ដោយពួកគាត់មិនសំដៅលើការទទួលបានប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះទេ។

លោកឧញ៉ាបន្ដថា៖ «បើតាមខ្ញុំគិត គឺពួកគាត់ចង់បានកេរ្ដិ៍ឈ្មោះល្អក្នុងការអភិវឌ្ឍតាមរយៈការមើលឃើញអ្នកវិនិយោគខ្លះមានជំនាញខាងអគារខ្ពស់ៗ គាត់ងាកមករកទីផ្សារជាលក្ខណៈបុរីម្តង ចំណុចទាំងនេះបណ្ដាលមកពីគាត់អាចមើលឃើញទីផ្សាររបស់បុរីនៅមានសភាពល្អប្រសើរ តែយ៉ាងណាយើងជឿថា បើគាត់ងាកមកធ្វើបុរី ក៏បុរីរបស់គាត់ធ្វើខុសពីបុរីផ្សេងៗដែរ»។

អគ្គនាយកក្រុមហ៊ុនស៊ីភីអិល បញ្ជាក់ទៀតថា ដូចជាគម្រោងបុរីប៉េង ហួត គាត់មានជំនាញខាងអភិវឌ្ឍន៍បុរី តែគាត់បានងាកមកអភិវឌ្ឍគម្រោងរស់នៅបែបខុនដូបន្ថែមទៀត ព្រោះគាត់យល់ថា វិស័យខុនដូក៏ជាសក្ដានុពលមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់ប្រជាជនដែលនិយមការរស់នៅបែបស៊ីវីល័យ។

ទោះជាយ៉ាងណាលោកឧកញ៉ាបានលើកជាទស្សនៈថា៖ «ក្រៅពីហេតុផលខាងលើ ប្រហែលជាអ្នកអភិវឌ្ឍន៍គាត់ត្រូវការកិត្ដិយស កេរ្ដិ៍ឈ្មោះ តាមរយៈការបង្ហាញចេញឱ្យឃើញថា ក្នុងនាមជាអ្នកអភិវឌ្ឍន៍ អ្វីក៏ពួកគាត់អាចធ្វើទៅបាន ដោយឈរលើគោលការណ៍សុវត្ថិភាព គុណភាព និងការរស់នៅប្រកបដោយផាសុកភាព។ ដូច្នេះពួកគាត់ចង់បង្ហាញថា ក្នុងនាមជាអ្នកអភិវឌ្ឍន៍ ខុនដូក៏ធ្វើបាន បុរីក៏ធ្វើបាន ពោលគឺមានគ្រប់រសជាតិ»។

តាមការសិក្សាអំពីក្របខ័ណ្ឌយុទ្ធសាស្រ្ដអភិវឌ្ឍន៍ទីក្រុងកម្ពុជា ឃើញថា ដោយសារតែកំណើនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញអាចកើនឡើងដល់7,92លាននាក់ ឬស្មើនឹង44% នៅឆ្នាំ2030។ ទិន្នន័យនេះបង្ហាញថា តម្រូវការលំនៅឋានសម្រាប់តំបន់រាជធានីក្រុង ទីប្រជុំជន មានប្រមាណ80ម៉ឺនលំនៅឋាន គិតជាមធ្យមមានតម្រូវការ5ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real estate បានលើកឡើងថា ការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកវិនិយោគគឺពួកគាត់ផ្អែកទៅលើកេរ្ដិ៍ឈ្មោះ ភាពល្បីល្បាញ និងការទទួលស្គាល់ពីគ្រប់ស្រទាប់ទាំងអស់ ពិសេសទំនុកចិត្ដរបស់អតិថិជនមកលើអ្នកវិនិយោគតែម្ដង។

ដូច្នេះបើគាត់មានកេរ្ដិ៍ឈ្មោះហើយទទួលបានទំនុកចិត្ដពីអតិថិជនផងនោះ ទោះជាគាត់ប្ដូរទៅអភិវឌ្ឍគម្រោងអ្វីក៍ដោយ ក៏គាត់នៅតែទទួលបានជោគជ័យដែរ ព្រោះពួកគាត់ឈរលើគុណភាព សុវត្ថិភាព និងផាសុកភាព ទាំងនេះជាចំណុចដែលយើងមើលឃើញថា ជាតម្រូវការរបស់អតិថិជន។ លោកបន្ដថា បើយើងមើលទៅលើទីផ្សារនៃគម្រោងពីរនេះ គឺវាមានភាពខុសគ្នា។ គម្រោងលំនៅឋាន ផ្ដោតលើអតិថិជនក្នុងស្រុក រីឯអតិថិជនជាជនបរទេសគាត់អត់មានសិទ្ធិទិញទេគម្រោងបែបនេះ ដោយច្បាប់អនុញ្ញាតិឱ្យមានសិទ្ធិទិញតែលើអគារសហកម្មសិទ្ធិ (ខុនដូ)ប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុន Key Real estate បន្ថែមថា៖ «បើតាមទស្សនៈខ្ញុំវិញ គិតថាគម្រោងប្រភេទណាក៏ល្អដែរ ព្រោះវាមានទីផ្សារសម្រាប់អតិថិជនផ្សេងៗគ្នា។ ដោយឡែកពាក់ព័ន្ធនឹងអារម្មណ៍របស់អ្នកវិនិយោគប្រហែលមកពីគាត់ជោគជ័យនឹងអ្វីដែលគាត់កំពុងតែមាន ដូច្នេះគាត់ចង់ភ្លក្សរសជាតិបែបថ្មីផ្សេងទៀតដើម្បីឱ្យបានដឹងថា ពេលធ្វើទៅវា តើនឹងចេញលទ្ធផលជាក់ស្ដែងយ៉ាងណា? តែទោះយ៉ាងណាយើងជឿថា ពួកគាត់មើលឃើញឱកាសទីផ្សារហើយបានជាមានការផ្លាស់ប្ដូរឥរិយាបថបែបនេះ»៕

Advertisement