ក្រុមហ៊ុនមួយគ្រោងចំណាយ5ពាន់លានដុល្លារ​​សង់​ផ្លូវល្បឿន​លឿនពី​ភ្នំពេញទៅ​ព្រំដែនថៃ និង​ឡាវ​​

ភ្នំពេញៈ ក្រុមហ៊ុន​​មួយគ្រោងចំណាយថវិកាចំនួន5ពាន់លានដុល្លារអាមេរិកដើម្បី​សាងសង់ផ្លូវល្បឿនលឿនជាលើកដំបូងពីក្រុងភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ និងឡាវនាពេល​ខាងមុខនេះ។

លោកថ្លាំង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន​​​​ Globalcam បានថ្លែង​​​​​​ក្នុងពិធី​​​ចុះហត្ថលេខា​រវាងក្រុមហ៊ុន​​ Globalcam និង​ក្រុមហ៊ុន​​​ Mahdi Holdings Investment នាព្រឹកថ្ងៃទី31 កក្កដានេះថា ក្រុមហ៊ុនបាន​រៀបចំខ្លួន​រួចរាល់​ហើយ​ក្នុងការ​សាងសង់​ផ្លូវល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​​​ព្រំដែន​​ឡាវដែល​មានប្រវែង​522គីឡូម៉ែត្រ​​​ ​​ដោយ​​​​គ្រោង​នឹងវិនិយោគ​ទឹកប្រាក់​ប្រមាណ​5ពាន់​លាន​​​ដុល្លារអាមេរិកសម្រាប់​គម្រោង​​ដំណាក់កាលលើកទី1 ដែលគ្រោងចាប់ផ្តើម​​​​នៅដំណាច់ឆ្នាំនេះ​​​​​។​ លោក​បាន​បន្តថា ​ គម្រោង​​ផ្លូវ​ល្បឿនលឿន​​នេះ​ ​​ក្រុមហ៊ុន​បា​នទទួល​​សិទ្ធិ​​ផ្តាច់​មុខពីរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការវិនិយោគគម្រោងចំនួន6​​​ ដែល​បច្ចុប្បន្ន​នេះអ្នក​ជំនាញ​​​​​បាន​​សិក្សា​​ច្បាស់​លាស់រួចរាល់​ហើយ​។

លោក​បា​នបន្តថា​ “គម្រោង​នេះ​សាងសង់​រយៈពេលត្រឹម​​5ឆ្នាំ​​​​ទៅ​​តាម​ផែនការ ​​និងគោលការណ៍​របស់​​រាជរដ្ឋាភិបាលកម្ពុជាដែលបាន​​​អនុញ្ញាត​​​​ ​​​ហើយគុណភាព​​ផ្លូវ​ល្បឿន​លឿន​នេះមិន​ចាញ់ផ្លូវល្បឿនលឿននៅក្នុង​​បណ្តាប្រទេស​​​ផ្សេងៗ​​​​​ឡើយ​​”។​

លោក Anuwar HJ Parman អគ្គនាយករង​ក្រុមហ៊ុន ​​​​​Mahdi Holdings Investment​ បានថ្លែងថា ​​​​ការវិនិយោគ​​របស់​ក្រុមហ៊ុនGlobalcam លើ​ផ្លូវល្បឿន​លឿននេះ ​​​គឺជា​ឱកាស​ល្អ​មួយ​ក្នុងការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​​​នៅកម្ពុជា ហើយ​ប្រទេស​កម្ពុជាថែមទាំងមាន​សក្តានុពលច្រើន​​​​​ទៀតផងក្នុងការវិនិយោគ​​លើ​គម្រោង​ផ្សេងៗ​​ទៀត​​​។ ​ក្រុមហ៊ុន​​ Globalcam និងក្រុមហ៊ុន​​​ JSTI Group មកពី​​​ហុងកុង​​​​​​​បាន​ត្រៀម​ខ្លួន​រួចជាស្រេចហើយទាំងថវិកា និងអ្នក​ជំនាញ​​​​​​​​​ក្នុងការវិនិយោគ​​ផ្លូវ​ល្បឿន​លឿន​​​នៅ​​​កម្ពុជា ដោយចាប់ផ្តើមចេញ​​​ពីភ្នំពេញ​ទៅ​ព្រំដែនកម្ពុជា ថៃ និងព្រំដែន​​ឡាវ​​​​​​៕

 

Advertisement