រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ លំហូរវិនិយោគលើវិស័យ4 បន្តជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា លំហួរទុនវិនិយោគផ្ទាល់ពីបរទេសលើវិស័យសំខាន់ៗចំនួន4 ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចបានជួយ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះថ្មីកាលពីម្សិលមិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជម្មបានលើកឡើងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីៗដែលជាបញ្ហាប្រឈមត្រូវបានកាត់បន្ថយ និងជម្នះបានជាជំហានៗ។

លំហូរនៃការវិនិយោគពីខាងក្រៅលើវិស័យទេសចរណ៍ ផលិតកម្មកសិកម្ម ឧស្សាហកម្ម រួមទាំងវិស័យវាយនភណ្ឌនៅតែបន្ដទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ជាមួយនឹងពិធីតែងតាំងនាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿថា មន្ត្រីនៅទីនេះសុទ្ធតែមានបទពិសោធការងារយូរឆ្នាំគួបផ្សំនឹងសមត្ថភាពជំនាញខ្លាំងច្បាស់ជានឹងសម្រេចបាននូវលទ្ធផលការងារធំៗថ្មីៗជូនអង្គភាពខេត្ត និងក្រសួង និងទទួលបានការគាំទ្រពីមហាជនខ្លាំងមិនខាន។

ក្រៅពីចំណងសាមគ្គីភាពផ្ទៃក្នុងហើយ ចំណុចសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អ និងស្អិតល្មួតជាមួយគ្រប់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំរបស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងផងដែរ។

លោក ប៉ែន លីណាត អភិបាលស្តីទីនៃគណៈអភិបាលខេត្តក្រចេះបានជម្រាបពីសកម្មភាព និងលទ្ធផលការងាររបស់ខេត្តក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងផែនការអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងបង្ហាញពីលទ្ធផលបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងស្នាដៃអនុវត្តការងារយ៉ាងល្អរបស់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តក្រចេះនាពេលកន្លងមកផងដែរ៕

Advertisement