ប្រាប់ឱ្យហើយ! អ្នកមានដីនៅតំបន់មាត់បឹង ឬទន្លេ កុំអាលលក់ប្រយ័ត្នស្ដាយក្រោយ

ភ្នំពេញ – តាមការព្យាកររបស់អ្នកជំនាញលើផ្នែកអចលនវត្ថុជាច្រើនបានបញ្ជាក់ថា នាពេលអនាគតឆាប់ៗខាងមុខនេះ ការអភិវឌ្ឍបែបធម្មជាតិដែលកាន់តែខិតទៅជិតតំបន់មាត់បឹង និងទន្លេនឹងមានការផុលផុសធ្វើឱ្យតម្លៃអចលនទ្រព្យនៅទីនោះនឹងឡើងថ្លៃខ្ពស់។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21Mekong បានលើកឡើងថា កម្ពុជាមានការអភិវឌ្ឍលើវិស័យអចលនទ្រព្យលឿនគួរឱ្យកត់សម្គាល់ ប៉ុន្ដែកម្ពុជាហាក់ដូចជាដើរបញ្ច្រស់ទៅនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ព្រោះគេមើលឃើញថា វិស័យនេះចាប់ផ្ដើមអភិវឌ្ឍចេញពីតំបន់ឧស្សាហកម្ម ពោលគឺតម្លៃដីនៅតាមតំបន់ឧស្សាហកម្មមួយចំនួន និងនៅតំបន់សេដ្ឋកិច្ចពិសេសមានការកើនឡើងខ្ពស់ដោយសារតែសម្បូរទៅដោយរោងចក្រ សហគ្រាសធំៗ។

អគ្គនាយកក្រុមហ៊ុន Century 21Mekong បានបញ្ជាក់ថា៖ «មូលហេតុតម្លៃដីនៅតំបន់ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសមានតម្លៃខ្ពស់ ព្រោះនៅទីនោះមានមនុស្សទៅរស់នៅភាគច្រើនជាកម្មករដែលអ្នកអភិវឌ្ឍន៍ទៅទីនោះច្រើនតែសង់ផ្ទះជួលសម្រាប់កម្មករស្នាក់នៅជាដើម និងអ្នកខ្លះទៅរស់នៅដើម្បីធ្វើការលក់ដូរ ដែលធ្វើឱ្យមានលំហូរសេដ្ឋកិច្ចល្អ។ ទោះជាយ៉ាងណាគេមើលឃើញថា វាជាការវិនិយោគរយៈពេលខ្លី»។

ទោះយ៉ាងណាលោក សុខនីម បញ្ជាក់ថា បច្ចុប្បន្នអ្នកវិនិយោគនៅក្នុងស្រុកចាប់ផ្ដើមយល់កាន់ច្បាស់ពីអត្ថប្រយោជន៍ការអភិវឌ្ឍបែបធម្មជាតិហើយ ដូច្នេះហើយទើបយើងឃើញថា មានគម្រោងធំៗជាច្រើនចាប់ផ្ដើមងាកទៅរកការអភិវឌ្ឍនៅតំបន់ជាប់មាត់បឹង ឬទន្លេវិញម្តង ដូចជាគម្រោងអ័រគីដេវីឡា និងគម្រោងរបស់ក្រុមហ៊ុន OCIC ជាដើម បានចូលទៅដល់ក្នុងតំបន់ជ្រោយចង្វាហើយ ព្រោះអ្នកវិនិយោគទាំងនោះមានទស្សនវិស័យវែងឆ្ងាយក្នុងការវិនិយោគរយៈពេលយូរដោយពួកគាត់ជឿថា ទៅអនាគតគម្រោងក៏ដូចជាអចលនទ្រព្យ នឹងមានការឡើងថ្លៃខ្លាំង។ ជាមួយគ្នានេះលោកសង្កត់ធ្ងន់ថា៖ «កាលពីមុនប្រជាជនយើងរស់នៅឱ្យតែបានៗ មិនប្រកាន់អ្វីច្រើនទេ លុះសេដ្ឋកិច្ចគ្រួសារដើរល្អមានលុយច្រើនហើយ គាត់ចាប់ផ្ដើមគិតពីការរស់នៅប្រកបដោយផាសុកភាព និងភាពស្ងប់សុខដែលចំណុចទាំងនេះវាកើតចេញពីការអភិវឌ្ឍបែបធម្មជាតិនៅជិតមាត់បឹង ឬជិតមាត់ទន្លេនេះឯង»។

លោក ច្រឹក សុខនីម បន្ដថា ទៅអនាគតការអភិវឌ្ឍតាមបែបធម្មជាតិមិនមែនកើតឡើងតែក្នុងតំបន់ជ្រោយចង្វាមួយទេ ពោលគឺតំបន់ណាដែលជាប់ទៅនឹងបឹងទន្លេ នឹងត្រូវមានការអភិវឌ្ឍដូចគ្នាដែលធ្វើឱ្យតម្លៃដីមានការកើនឡើងខ្ពស់កប់ពពកជាក់ជាមិនខាន។ អ្វីដែលធ្វើឱ្យលោកហ៊ានអះអាងបែបនេះ ព្រោះយោងតាមបទពិសោធនៃប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ប្រទេសអាមេរិកដែលលោកបានទៅដល់ជាដើម។ ក្នុងនោះលោកបញ្ជាក់ថា៖ «យើងអាចមើលឃើញនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជា អាមេរិក តម្លៃផ្ទះជាប់ទន្លេ បឹង ព្រៃភ្នំមានតម្លៃថ្លៃណាស់ កន្លែងខ្លះមានតម្លៃដល់ទៅរាប់លានដុល្លារ ព្រោះការរស់នៅក្នុងតំបន់បែបនេះវាធ្វើឱ្យអ្នករស់នៅមានសុខភាពល្អ ទាំងរាងកាយ និងប្រាជ្ញាស្មារតី ពិសេសការរស់នៅតំបន់នេះអាចធ្វើឱ្យអ្នករស់នៅកាត់បន្ថយភាពស្មុគស្មាញពីការងារបានច្រើន»។

ដោយឡែកលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានទទួលស្គាល់ថា តំបន់អភិវឌ្ឍន៍ជាប់មាត់ទន្លេ ពិសេសតំបន់ជ្រោយចង្វាជាតំបន់ដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទាំងទៅលើគម្រោងលំនៅឋាន និងខុនដូសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។

អគ្គនាយកក្រុមហ៊ុន KFA បញ្ជាក់ថា៖ «មូលហេតុតំបន់ជាប់មាត់ទន្លេ ពិសេសតំបន់ជ្រោយចង្វាមានសក្ដានុពលសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ព្រោះតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អទៅហើយ វាក៏ជាតំបន់ដែលមានហុងស៊ុយល្អ មានទាំងទន្លេ ខ្យល់អាកាសត្រជាក់ដែលជាអំណោយផលដល់អ្នករស់នៅទីនោះអាចទទួលយកបានការរស់នៅបែបធម្មជាតិ ប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយក្នុងសង្គមគ្រួសារ»៕

Advertisement