វិធី​រកប្រាក់​ចំណេញ​ពី​អចលនទ្រព្យ

ការទិញ​អចលនទ្រព្យ​ដីធ្លី ឬ​ផ្ទះល្វែង​ទុក​សម្រាប់​លក់​ទៅវិញ ជួនកាល​បាន​ប្រាក់ចំណេញ​ច្រើន ហើយ​ជួនកាល​មិនបាន​ប្រាក់ចំណេញ តែ​ថែមទាំង​ខាតបង់​ធ្ងន់ធ្ងរ​ទៀតផង។ ដូច្នេះ​តើ​យើង​គួរ​ទិញ​អចលនទ្រព្យ​បែបណា ឬ​ពេលណា​ទើប​លក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ច្រើន?

លោក អាំ សុផល ស្ថាបនិក​ក្រុមហ៊ុន CamboHome & City Development Co., Ltd មានប្រសាសន៍ថា បើ​ចង់​ទិញ​អចលនទ្រព្យ​បាន​ផលចំណេញ​ច្រើន​ត្រូវ​ចេះ​មើល​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ជា​បទពិសោធ នៅពេល​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីតាំង​ណាមួយ ដី​នៅ​តំបន់​នោះ​ពិតជា​ឡើងថ្លៃ​ជាមិនខាន។ លោក​ថាបច្ចុប្បន្ន និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​លក់​កំពុង​កើតមាន​យ៉ាងសកម្ម​នៅ​តំបន់​ជាយក្រុង ហើយ​ប្រសិនបើ​ចង់បាន​ប្រាក់ចំណេញ​គួរ​មើល​ពី​ទីតាំង​ណា​ដែលជា​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល

ជាមុនសិន។ ក្រៅពីនេះ​អ្នកទិញ​ដី​ក៏​គួរ​មើល​គម្រោង​អភិវឌ្ឍន៍ធំៗរបស់​អ្នកវិនិយោគ​ដែល​ចូលមក​បណ្តាក់ទុន​សាង​សង់​សំណង់​អគារ​ខុន​ដូ​ផ្ទះល្វែងឬ​ផ្សារ​ទំនើប​នានា​នៅ​តំបន់​ជាយក្រុង​ដែលជា​កត្តា​ធ្វើឱ្យ​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ “ខ្ញុំ​ធ្លាប់បាន​ទិញ​ដី​ជាយក្រុង​មួយកន្លែង ក្រោយមក​តំបន់​នោះ​ត្រូវបាន​គេ​អភិវឌ្ឍ​ទៅជា​ផ្សារ​ទំនើប ដែលមាន​មនុស្ស​ចូលទៅ​រស់នៅ​ច្រើនឡើង ធ្វើឱ្យ​ដី​ដែល​ខ្ញុំ​ទិញ​នោះ​ឡើងថ្លៃ​ទ្វេដង​មិនគួរ​ឱ្យ​ជឿ។

មួយវិញទៀត​អ្នកទិញ​ដី​គួរ​ស្វែងរក​ទីតាំង​ដី​នៅ​ធូរ​ថ្លៃ ដូចជា​ដី​មិនទាន់​អភិវឌ្ឍន៍​ដែល​មិនទាន់ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ពេល​ទិញ​រួចហើយ​ត្រូវធ្វើ​ការអភិវឌ្ឍ​តំបន់​នោះ​ឱ្យ​ក្លាយទៅជា​ទីប្រជុំជន មាន​ផ្សារ មាន​សាលារៀន ពិសេស​មាន​ផ្លូវ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដែលជា​លក្ខណៈពិសេស​ធ្វើឱ្យ​ដី​តំបន់​នោះ​ឡើងថ្លៃ​ខ្លាំង។ ប៉ុន្តែ​យ៉ាងណា​នោះ គេ​ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យបាន​ល្អិតល្អន់​ជាមុនសិនចៀសវាង​ទិញ​ដី​ដែល​កំពុងមាន​វិវាទ ដី​ដែល​កំពុង​ជាប់​បញ្ចាំ​ប្លង់​នៅ​ធនាគារ ព្រោះ​អាច​ជួប​ហានិភ័យផ្សេងៗកើតឡើង​នាំ​ខាតបង់។

ចំណែក​អ្នកនាង លឹម មករា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​រតនា​ការ រៀល​ធី បាន​និយាយ​ស្រដៀង​នេះដែរ​ថា មុននឹង​សម្រេចចិត្ត​ទិញ​ដី​គឺ​យើង​គួរ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ជាមុន ព្រោះថា ការទិញ​ដី​យើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន មុននឹង​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ ឬ​មិន​អ៊ីចឹង​ទេ​នាំឱ្យ​ខាតបង់​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់។ ដើម្បី​ឱ្យបាន​ប្រាក់ចំណេញ​ច្រើន យើង​ត្រូវ​ចេះ​តាមដាន​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

ចំណុច​នេះ​អ្នកនាង​បាន​លើក​ជា​ឧទាហរណ៍ ដី​នៅ​ខាងលិច​ក្រុងភ្នំពេញ ដី​នៅ​តំបន់ ​EAONទី2 និង​ផ្លូវ 60ម៉ែត្រ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដើមឡើយ​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទេ តែ​នៅពេល​គម្រោង​អភិវឌ្ឍន៍​រដ្ឋ និង​ឯកជន​ចូលទៅ​ដល់ ដី​នៅ​ទីតាំង​ខាងលើ​បាន​ឡើងថ្លៃ​ខ្ពស់ នឹកស្មាន​មិន​ដល់។ ក្រៅពី​កត្តា​សំខាន់​ខាងលើ អ្នកនាង លឹម មករា បាន​បន្ថែមថា ដើម្បី​ទិញ​ដី​បាន​ប្រាក់ចំណេញ​ច្រើន អ្នកវិនិយោគ​គួរ​មាន​បណ្តាញ​ច្រើន​ចែករំលែក​ព័ត៌មាន​អំពី​ការលក់​ដី​ទៅវិញទៅមក ហើយ​វិភាគ ឬ​ពិភាក្សា​រួមគ្នា​រកឱ្យឃើញ​ថា ដី​ណា​មាន​សក្តានុពល ដី​ណា​មិនមាន​សក្តានុពល ចាំ​យើង​សម្រេចចិត្ត​ទិញ​ជា​ក្រោយ។ បើ​មាន​ប្រាក់ គួរ​រង់ចាំ​ទិញ​ដី​ណា​ដែល​ម្ចាស់​ត្រូវ​ការលក់​ប្រញាប់​ខ្លាំង យើង​នឹង​អាច​ទិញ​បាន​ក្នុង​តម្លៃថោក ហើយ​លក់​ទៅវិញ​នឹង​បាន​ចំណេញ​ច្រើន ។

ចំណែក​លោក សូត្រ សារ៉ន ប្រធាន​ផ្នែក​គម្រោង The Seagate Suit នៅ​ខេត្ត​កំពង់សោម​មានប្រសាសន៍​ថា ការរីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​ដោយសារ​ប្រជាជនមាន​ប្រាក់ចំណូលកាន់តែ​ខ្ពស់ ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​រឹងមាំ​ថេរ ហើយ​រដ្ឋាភិបាល​មាន​ទិសដៅ​កែប្រែ​សេដ្ឋកិច្ច​ពី​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030។ លោក​បន្ថែមថា ដើម្បី​បាន​ប្រាក់ចំណេញ​មកវិញ អ្នកវិនិយោគ​គួរ​ចេះ​សម្លឹងមើល​ទីតាំង​ណា​ដែល​ល្អ​ជាមុនសិន ពិសេស​ទិញ​ដី​នៅលើ​ទីតាំង​ដែល​មិនទាន់​កែច្នៃ ឬ​ដី​នៅ​ទីតាំង​ដែល​នឹងមាន​គម្រោង​អភិវឌ្ឍន៍ធំៗ ទើបបាន​ប្រាក់ចំណេញ​លឿន​ត្រឡប់មកវិញ។ ឧទាហរណ៍​ដូចជា គម្រោង​ខុន​ដូ The Seagate Suit នៅ​កំពង់សោម មាន​អតិថិជន​គាំទ្រ​ច្រើន​គឺ​ដោយសារ​អតិថិជន​គិតថា​តំបន់​នោះ​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុងពេលឆាប់ៗ ខាងមុខនេះ។

ប្រសិនបើ​មាន​ប្រាក់​ច្រើន​ដោយ​ខ្លួនឯង មិនមែនជា​ប្រាក់​ខ្ចី​គេ​នោះ គួរ​ចេះ​ឆក់​ឱកាស​ទិញ​ដី​នៅពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ឬ​ទិញ​ដី​នៅពេល​ជិត​បោះឆ្នោត​ដែលមាន​មនុស្ស​ចង់​លក់​ច្រើន ដូចជា​គេ​ច្រើន​លើកឡើងថា “ជ្រុល​ទិញ​ដី គឺ​ទិញ​នៅពេល​គេ​ចង់​លក់ ហើយ​បើ​ជ្រុល​លក់​ត្រូវ​លក់​នៅពេល​គេ​ចង់​ទិញ ហើយ​បើ​ចង់បាន​ចំណេញ​កាន់តែច្រើន គឺ​ត្រូវ​ទុក​យូរ​បន្តិច” ព្រោះថាអ្វីៗមាន​ភាពប្រែប្រួល​តែ​ដី​មិន​ប្រែប្រួល​ទេ ដូចជា​ចំនួន​ប្រជាជន​កាន់តែ​កើនឡើង​ឥតឈប់ឈរ តែ​ដី​មិន​កើនឡើង​ទេ ដូច្នេះ​តម្រូវការ​ដី​កើតមាន​កាន់តែច្រើន តែ​កាលណា​តម្រូវការ​មាន​ច្រើន តម្លៃ​ក៏​កាន់តែ​ឡើងថ្លៃ​ដែរ៕

Advertisement