រដ្ឋបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចាប់ផ្តើមបង់ប្រាក់ថ្លៃប្រមូលសំរាម

រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យដឹងថា ប្រជាពលរដ្ឋអាចបង់ប្រា​ក់​ថ្លៃប្រមូលសំរាមបាន ចាប់ពីដើមខែកុម្ភៈនេះតទៅ ដើម្បីបំ​ពេញកា​តព្វកិ​ច្ចជាព​ល​រដ្ឋល្អ ក្នុងការ​ចូលរួម ធានា​ធ្វើ​ឱ្យ​រាជធានី​ភ្នំ​ពេញ នៅតែរក្សាបានភាពស្អាត មាន​ផាសុកភាព និងគុណ​ភាពបរិស្ថាន តាមរយៈ​ប្រព័ន្ធ​ទូទាត់ អេឡិចត្រូនិក ដើ​ម្បីបង្កលក្ខណៈងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ ចំណេ​ញ​ពេ​លវេលា ​និងកាត់​បន្ថយ​​ការចំ​ណា​យផ្សេងៗ។

ដោយហេតុនេះរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ​ទី1 ខែកុម្ភៈឆ្នាំ2020 ក៏បាន​រៀបចំ​សន្និ​សីទ​កាសែត​​​ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹ​ង​កាន់តែច្បាស់ ជុំវិញ​ការ​បង់​​ថ្លៃ​សេ​វា​សំរាមថា​ ​តើ​ប្រជាពលរដ្ឋត្រូវទៅបង់នៅ​ក​ន្លែង​ណា? នៅទីណា? ហើយនីតិវិធីនឹងដំណើរ​ការទៅបែបណា?ហើយ​អភិ​បាល​រងរាជធានីភ្នំពេញ 2រូបបានធ្វើបទបង្ហាញដើម្បីឱ្យសាធារណជនទាំង​អ​ស់ និង​ប្រជាពលរដ្ឋ​បានយល់ជ្រួតជ្រាបពីនី​តិ​វិធី​នៃការ​បង់​ថ្លៃ​សំរា​ម​នេះ​។


លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យ​ដឹងថា៖«ក្នុងអំឡុងពេល​អន្តរកាល គិតចាប់​ពីថ្ងៃទី1 ខែមករា ឆ្នាំ2020  រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរ​ការ​ពេញ​លេញ​នូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល​អនុ​ញ្ញាត​ឱ្យ​ក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការ សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់​រឹង ជា​បណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និង​សំណល់រឹង តទៅទៀតទេ»


លោកអភិបាលរងបានបញ្ជាក់ថា៖«ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សា​ស្ថាន​ភាព​​ចំពោះតម្លៃសេវាបច្ចុប្ប​ន្ន ជាបណ្តោះអាសន្នសិន និងឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់អត្រាតម្លៃ សេវា​ប្រមូល​សំរាម និងសំណល់រឹង ដែលបានបង់រួចហើយកាលពីខែតុលា  ឆ្នាំ2019 ជាមូលដ្ឋាន ដើម្បីបន្ត​បង់ថ្លៃ​សេ​វាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។

លោក ហួត ហៃ បានបន្តថា ដោយបងប្អូនគ្រាន់តែយកលេ​ខកូដ I​D ក្នុងវិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ​2019 ជា​គោល គឺប្រជាពលរដ្ឋ គ្រាន់តែយកលេ​ខ​កូដ នៅក្នុង​វិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ​2019 ទៅប្រគល់ឱ្យ​ភ្នាក់ងារ​វេ​រលុយ​ ដោយប្រាប់​ថា​ មកបង់ថ្លៃសំរាម​ គេ​នឹង​ឆែកលេខកូដ រប​ស់​បង​ប្អូន ហើយតាមរយៈលេខកូដ ដែលបា​ន​ឆែកឃើ​ញ​ វានឹងចេញជាទិន្នន័យ​ទឹក​ប្រាក់​ដែលត្រូវ​បង់។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃ​សេ​វាសំរាម សម្រាប់ខែមករា (ថ្ងៃទី1 ខែកុ​ម្ភៈឆ្នាំ​2020)តាមរយៈធនាគារអេស៊ីលីដា ធនាគារឯកទេសវីង លីហួរ វេលុយ emoney  pipay និងtrue money ដោយក្នុង 1ប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់​ពី 500​៛ ទៅ 800៛ តែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាច​បង់ជាឆ្នាំក៏បាន ដោយមានភាពចំណេញ​ច្រើន​ គឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។ 

លោក កើត ឆែ ក៏បានបញ្ជាក់ដែរថា៖«ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃ សេវាប្រមូលសំរា​មនៅ​ក្នុង​ខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តតាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ​2019។ ក្នុងអំឡុង អ​ន្ត​រកា​ល ប្រព័ន្ធ​បង់​ប្រាក់​សេវាប្រមូលសំរាមនេះ ចាប់បើកពីថ្ងៃទី1 ដល់ថ្ងៃទី15 ខែកុម្ភៈ  ដូច្នេះ​ប្រជា​ពល​រដ្ឋដែល​ខកខានបង់​ គឺចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់»។ 

លោកបន្តទៀតថា ការបង់សេវាសំរាម ពុំមែនជា​កា​របង់​ដោយ​ស្ម័​គ្រ​ចិត្តទេ ព្រោះយើងជាអ្នក​ផលិត​​សំរា​ម​​ត្រូវ​តែបង់ មិនអាចគេច​វេះបាន​ទេ។ ក្នុងករណីមិន​ប​ង់ ​យើងនឹងមានវិធានការ ឧទា​ហរ​ណ៍ ម្ចាស់ភោជនីយដ្ឋា​នមិនបង់ គឺដកហូតការធ្វើអា​ជីវ​កម្ម ទាល់តែបង់​ទើ​បប្រគ​ល់​សិទ្ធិ​ឱ្យបន្ត​ធ្វើ​អា​ជីវ​កម្ម​វិញ។ ប៉ុន្តែក្នុងអំឡុងពេលអន្ត​រ​កាលនេះ យើងក៏មិនទាន់អនុវ​ត្ត​វិធា​នកា​រច្បាប់នេះដែរ គឺ​ទុកឱ្យគាត់​មក​​​​​​បង់ប្រាក់សម្រាប់ថ្លៃសេវាប្រមូលសំរាម ប្រកបដោយ​មនសិការស្នេ​ហា​ជាតិ ​ដើម្បីធានាឱ្យទីក្រុង​យើង​​មានសោភណភា​ពស្រស់​ស្អាត​។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត«រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់​​រឹងរាជធានីភ្នំពេញ» ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និង​សំណល់រឹង។ ចំពោះការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មី តាមរយៈអេឡិចត្រូនិកនេះ បានធ្វើ​ឡើង​ក្រោយ​ពី​​​​​​រ​ដ្ឋ​​​បាល​​​រាជធានីភ្នំពេ​ញទទួលបានសិទ្ធិ ក្នុងការធ្វើប្រតិបត្តិការ​អាជីវកម្ម​អន្តរកាលនៃការប្រមូល​សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុន​ប្រមូលសំរាមថ្មី។ ​រីឯការប្រមូល​ចំណូលថ្លៃសេវាប្រមូលសំរាម នៃប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី មិនដាក់ក្នុងវិក្កយ​បត្រ​អគ្គិ​ស​នីទៀតទេ៕

 

Advertisement