ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន 29ក្រុមហ៊ុន បានផ្អាក លុបចោល ឬពន្យាពេលជើងហោះហើរទៅ-មកប្រទេសចិន ដោយសារបារម្ភអំពីអាសន្នរោគក្នុងប្រទេសនេះ។

ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ដែលបានផ្អាក ឬប្រកាសផ្អាកការហោះហើរទៅ-មកប្រទេសចិន មានដូចជាក្រុមហ៊ុនរបស់អាមេរិក បារាំង ឥណ្ឌា កាណាដា កូរ៉េខាងត្បូង អង់គ្លេស និងវៀតណាម។

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 30មករាកន្លងទៅ បានប្រកាសអាសន្ននៅទូទាំងពិភព​លោកចំពោះអាសន្នរោគនេះ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ បង្កើនការការពារ និងប្រយុទ្ធប្រឆាំងអាសន្នរោគនេះ។

ឆ្លើយតបទៅនឹងការប្រកាសអាសន្នខាងលើ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Cathay Pacific Airways, Singapore Airlines និង Turkish Airlines បានចេញសេចក្ដីប្រកាសលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។ Air Tanzania ក៏បានប្រកាសពន្យាពេលជើងហោះហើរដំបូងក្នុងខែកុម្ភៈទៅកាន់ប្រទេស​ចិន។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឱ្យដឹងថា នឹងលុបចោលជើងហោះហើរចំនួន 332 រវាងទីក្រុងមួយចំនួននៅអាមេរិក និងក្រុងប៉េកាំង សៀងហៃ និងហុងកុងផងដែរ។ ចំណែកក្រុមហ៊ុន Vietnam Airlines ក៏ប្រកាសដែរថា នឹងផ្អាកជើងហោះហើរទៅ-មកក្រុងប៉េកាំង សៀងហៃ ខ្វាងចូវ និងក្រុងសិនជិន ចាប់ពីថ្ងៃទី6កុម្ភៈខាងមុខ និងក្រុងចេងឌូ ចាប់ពីថ្ងៃទី5កុម្ភៈ និងក្រុងម៉ាកាវ ចាប់ផ្ដើមផ្អាកការ​ហោះ​ហើរ​ពីថ្ងៃទី6កុម្ភៈ ឆ្នាំ2020។ ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតរបស់វៀតណាមគឺ Vietjet ក៏​នឹងផ្អាក​ជើង​ហោះ​ហើរ​ទាំងអស់របស់ខ្លួន ដែលហោះហើរទៅ-មកប្រទេសចិន ចាប់ពីថ្ងៃទី1កុម្ភៈនេះ។


បណ្ដាក្រុមហ៊ុនអាកាសចរណ៍ដែលផ្អាកការហោះហើរ​ទៅកាន់ប្រទេសចិន រួមមាន ៖

ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air Canada, Air France, Air India, Air Seoul, American Airlines, Austrian Airlines, British Airways, Delta Air Lines, Egyptair, El Al Israel Airlines, Etihad Airways, Finnair, Kenya Airways, Lion Air, LOT, Lufthansa, NordStar, Royal Air Maroc, RwandAir, S7 Airlines, SAS, Scoot, Shanghai Airlines, Swiss, Ural Airlines, Vietjet, Vietnam Airlines, Virgin Atlantic និងក្រុមហ៊ុន Yakutia Airlines។

សូមរំឭកថា អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគ Corona គឺមានខ្ពស់ណាស់ នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ កត្តានេះក៏ជាមូលហេតុដែលនាំឱ្យការឆ្លង​រាល​ដាលនៃមេរោគនេះ កើនឡើងដល់ 11,791នាក់ និងអ្នកស្លាប់កើនដល់ 259នាក់ គិតមកត្រឹមព្រឹកនេះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement