ក្រសួងសាធារណការ គ្រោងចំណាយ 64លានដុល្លារសាងសង់ផ្លូវជាតិលេខ2 នៅឆ្នាំក្រោយ

ភ្នំពេញ៖ ផ្លូវជាតិលេខ2 គឺជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់មួយដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅប្រទេសវៀតណាម ឆ្លងកាត់តាមខេត្តកណ្តាលឆ្ពោះទៅច្រកអន្តរជាតិកម្ពុជា-វៀតណាម «ភ្នំឌិន» ក្នុងខេត្តតាកែវ។ ដោយសារមើលឃើញពីសក្តានុពលនៃការដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសទាំងពីរ រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ប្រមាណជា 64លានដុល្លារ​ សាងសង់ផ្លូវនេះឱ្យមានភាពល្អប្រសើរឡើងវិញនៅដើមឆ្នាំក្រោយ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរ។

ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូអញ្ជើញ​ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ2 កាលពីម្សិលមិញនេះ និងបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាប្រមាណ 56លានដុល្លារអាមរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ 8.5លានលើចម្ងាយផ្លូវប្រវែងសរុប66គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅរហូតដល់រង្វង់មូលអូរចំបក់មានប្រវែង 57គីឡូម៉ែត្រ និង9គីឡូមែត្រនៅលើផ្លូវជាតិលេខ22 ក្រាលកៅស៊ូAC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឱ្យបាន13ម៉ែត្រ តាមទំហំចរាចរណ៍ និងតាមដំណាក់កាលចាប់ពីរង្វង់មូលកួរស្រូវទៅទិសខាងត្បូងប្រវែង8គីឡូម៉ែត្រគម្រោងសាងសង់ជាបួនគន្លង។ បច្ចុប្បន្នដៃគូអភិវឌ្ឍន៍ភាគីកូរ៉េកំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេសដើម្បីអាចចាប់ផ្តើមរៀបចំ design និងជ្រើសរើសក្រុមហ៊ុនសាងសង់ដែលនឹងចំណាយពេលប្រហែល1ឆ្នាំ មុននឹងចាប់ផ្តើមសាងសង់។

ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍ដាក់ជូនសម្តេចនាយករដ្ឋមន្ត្រីដើម្បីស្នើសុំគោលការណ៍ស្វែងរកកញ្ចប់ថវិកាពិសេសមួយដើម្បីដោះស្រាយជួសជុលបណ្តោះអាសន្នអោយបានទាន់ពេលវេលា៕

Advertisement