កម្ពុជានៅមានលទ្ធភាព ខ្ចីឥណទានបរទេសដើម្បីយកមកអភិវឌ្ឍប្រទេស

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជានៅមានលទ្ធភាពក្នុងការខ្ចីឥណទានពីបរទេសយកមកអភិវឌ្ឍប្រទេសបន្ថែមទៀត ដោយសារកម្រិតបំណុលរបស់កម្ពុជាធៀបនឹងផលទុនជាតិសរុបនៅមានកម្រិតទាបនៅឡើយ។

លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងភាពប្រកួតប្រជែងកម្ពុជានៅទីស្តីការក្រសួងថ្ងៃទី7 ខែកក្តដា ឆ្នាំ2017នេះថា ក្រោយពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមកដល់បច្ចុប្បន្ននេះ កម្ពុជាមានចំណូលកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះអាចមានសមត្ថភាពចំណាយ1ភាគ3សម្រាប់ការវិនិយោគដែលប្រើប្រាស់ថវិការដ្ឋ និងចំនួន2ភាគ3 គឺកម្ពុជាបានខ្ចីពីបរទេស។
បច្ចុប្បន្នបើគិតពីបំណុលសាធារណៈនេះ កម្ពុជាទើបបានខ្ចីឥណទានពីបរទេសក្នុងចន្លោះ31ទៅ32នៃផលទុនជាតិសរុប (GDP)ប៉ុណ្ណោះ។

លោកបន្តថា “កម្ពុជានៅអាចខ្ចីឥណទានពីបរទេសយកមកអភិវឌ្ឍបន្តទៀតបាន ប៉ុន្តែដើម្បីប្រើប្រាស់ថវិកានេះឲ្យមានប្រសិទ្ធភាពក្នុងកញ្ចប់ថវិកាជាតិក្តី និងទាក់ទាញអ្នកវិនិយោគក្តី គឺកម្ពុជាត្រូវមានផែនការមេឲ្យបានច្បាស់លាស់ នៅក្នុងគម្រោងការអភិវឌ្ឍន៍នានា”។

លោករដ្ឋលេខាធិការបានបន្តថា ក្នុងការប្រកួតប្រជែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ មានវិស័យជាច្រើនដែលកម្ពុជាត្រូវជំរុញឲ្យមានប្រសិទ្ធភាព និងមានគុណភាព ព្រោះទាំងអស់នោះគឺសុទ្ធតែជាវិស័យដែលត្រូវការចំណាយថវិកាជាច្រើនដើម្បីអភិវឌ្ឍឈានទៅរកការប្រកួតប្រជែងប្រកបដោយជោគជ័យបាន។លោកបានបន្តទៀតថា ដើម្បីប្រើប្រាស់ថវិកាកម្ចីនេះឲ្យមានប្រសិទ្ធភាព ទាំងថវិកាជាតិខ្លួនឯងក្តី ទាំងការទាក់ទាញអ្នកវិនិយោគក្តី គឺកម្ពុជាចាំបាច់ត្រូវមានផែនការមេដោយខ្លួនឯង។
ប៉ុន្តែមកដល់សព្វថ្ងៃនេះ សូម្បីតែផែនការមេសម្រាប់អភិវឌ្ឍអ្វីមួយនោះ យើងពុំទាន់មានឡើយ។ ដូច្នេះប្រសិនបើយើងមិនទាន់មានប្រព័ន្ធផែនការមេច្បាស់លាស់ និងប្រព័ន្ធផែនការមេសម្រាប់ការដឹកជញ្ជូន និងពុំទាន់មានផែនការមេថា តើគួរស្ថាបនាផ្លូវរបៀបណា? នៅត្រង់ណា? និងឆ្នាំណាបានអនុវត្តរួចរាល់នោះ? សួរថា តើយើងអាចប្រកួតប្រជែងដោយរបៀបណាដើម្បីជោគជ័យ?៕

Advertisement