រដ្ឋាភិបាលផ្តោតលើមនុស្សចាស់កាន់តែហ្មត់ចត់ជាងមុនតាមរយៈគោលនយោបាយថ្មី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធបានធ្វើការពិភាក្សាជាលើកចុងក្រោយស្តីពី គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់សម្រាប់ឆ្នាំ2017-2030ជាគោលនយោបាយមួយ ដែលសំដៅ​ជួយមនុស្សចាស់ឲ្យមានជីវិតរស់នៅប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ចុងក្រោយ លើគោលនយោបាយជាតិស្ដីពីមនុស្សវ័យចា​ស់សម្រាប់ឆ្នាំ2017​-2030នេះ នាព្រឹកថ្ងៃទី៦ មិថុនានេះ លោកទេសរដ្ឋមន្ត្រីឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់សម្រាប់ឆ្នាំ2017​-2030នេះ គឺជាការធ្វើបច្ចុប្បន្នភាពមួយ ដោយសារស្ថានភាពប្រជារាស្ត្រដែលកំណត់ដោយប្រជាជនវ័យចាស់បានកើនឡើងយឺតៗរហូតនៅដើមសតវត្សទី21 ហើយដែលបច្ចុប្បន្ននេះមានការផ្លាស់ប្តូរនោះ ទើបតម្រូវឲ្យធ្វើការកែសម្រួលគោលនយោបាយ ដែលមានកាលពីឆ្នាំ2003ដើម្បីគិតគូរឆ្លើយតបនឹងបញ្ហាជាច្រើន ពាក់ពន្ធ័ជាមួយនឹងភាពចាស់ជរា។

លោកបន្តថា ដូចនេះរាជរដ្ឋាភិបាលបានទទួលស្គាល់នូវភាពចាំបាច់ ក្នុងការកែសម្រួលឡើងវិញនូវគោលនយោបាយសម្រាប់មនុស្សចាស់។ ទន្ទឹមនឹងនេះដែរគោលនយោបាយនេះ ក៏ជាការឆ្លើយតបទៅនឹងដំណើរការនៃការឈានទៅរកភាពចាស់ជរានៅកម្ពុជា ដែលត្រូវបានកត់សម្គាល់ឃើញថា បានជះឥទ្ធិពលលើគ្រប់ក្រុមអាយុទាំងអស់ នៃប្រជាជន និងគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។ ដូចនេះគោលនយោបាយថ្មីនេះ ត្រូវមានវិសាលភាពធំទូលាយលើសពីការផ្ដោតការយកចិត្តទុកដាក់តែលើជនចាស់ជរា ឬមនុស្សអាយុច្រើន។

លោកបន្តទៀតថា ក្រោមហេតុផលចាំបាច់ និងតម្រូវការរបស់មនុស្សចាស់ទាំងអស់នេះ ទើបគោលនយោបាយដែលបានកែសម្រួលថ្មីនេះ ត្រូវប្ដូរឈ្មោះទៅជាគោលនយោបាយជាតិស្ដីពីមនុស្សចាស់ឆ្នាំ2017-2030 ហើយនេះក៏ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តគោលនយោបាយសម្រាប់មនុស្សចាស់ផងដែរ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ2014-2018 និងគោលនយោបាយជាតិប្រជាជនឆ្នាំ2016-2030។

សេដ្ឋវិទូកម្ពុជាបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា តាមពិតប្រទេសយើងមានមនុស្សក្មេងច្រើន តែចង់មិនចង់មនុស្សចាស់ក៏កាន់តែកើនឡើងច្រើនដែរ អ៊ីចឹងរដ្ឋាភិបាលត្រូវគិតគូរ និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ព្រោះបច្ចុប្បន្នបើសិនជាយើងមិនមានប្រព័ន្ធជួយមនុស្សចាស់ទេ ពេលយើងចាស់ទៅក៏មិនមាន​អ្នកណាជួយយើងដែរ។

លោកបន្តថា “ជាទស្សនវិទ្យា យើងត្រូវគោរពមនុស្សចាស់ឲ្យគាត់មានកិត្តិយស និងរស់នៅស្រួល ប៉ុន្តែដើម្បីធ្វើការងារនេះបាន ទាល់តែយើងមានសេដ្ឋកិច្ចខ្លាំងមួយ និងមានប្រព័ន្ធការងារមួយប្រកបដោយប្រសិទ្ធភាព”។ លោកបន្តថា “មានការបង្ខំមនុស្សឲ្យសន្សំលុយតាំងពីក្មេង មានការរៀបចំប្រព័ន្ធមួយឲ្យសមរម្យ ទើបពេលចាស់ទៅមនុស្សអាចទទួលបានការថែទាំ និងការយកចិត្តទុកដាក់”។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា នៅប្រទេសគេមានក្រុមហ៊ុនឯកជនចូលរួម ពួកគេយកលុយបានពីការសន្សំ​ទៅបង្កើតលុយឲ្យបានធំ ដើម្បីអាចជួយមនុស្សចាស់បាន ហេតុនេះទាមទារឲ្យមានការធ្វើការងារជាបីភាគី គឺក្រុមហ៊ុន រដ្ឋាភិបាល និងមនុស្សរបស់ប្រទេសនោះត្រូវចូលរួមទាំងអស់

គ្នា៕

 

 

Advertisement