រដ្ឋាភិបាលដក​ការិយាល័យស្រុកដែលមិនចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើន​ប្រសិទ្ធភាពការងារ

នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តាស្រុក​-ក្រុងនានា មានការិយាល័យ​ចំណុះមន្ទីរជាច្រើន​ដែលកំពុងបើកដំណើរការ តែមិនសូវមានការងារប្រតិបត្តិការ​ ហើយ​មានការិយាល័យ​ដែលចាំបាច់ត្រឹមតែ 2-3ប៉ុណ្ណោះដែលដំណើរការជាប់ជាប្រចាំ។ ស្ថានភាពបែបនេះត្រូវបានរាជរដ្ឋាភិបាល​មើលឃើញថា​ អាចជាចំណុចមួយ​ក្នុងការខ្ជះខ្ជាយលើថវិកាជាតិ​។

នៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នេះសម្តេចតេជោហ៊ុន សែន បាន​មានប្រសាសន៍​នៅក្នុងជំនួបជាមួយ​កម្មករ-កម្មការិនីនៅខេត្តកំពតថា នាពេលខាងមុខនេះ​នឹងមានការកែសម្រួល​រចនាសម្ព័ន្ធថ្នាក់ស្រុក-ក្រុង ដោយមិនឱ្យមានការិយាល័យរបស់មន្ទីរ​នៃក្រសួងនីមួយៗធ្លាក់ទៅដល់ក្រោមទៀតទេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «​សម្លឹងមើលទៅ ទុកតែ 3ផ្នែកទេ អប់រំត្រូវតែមានហើយ សុខាភិបាលត្រូវតែមាន​ការិយាល័យ ​ព្រោះទាក់ទងនឹងសេវាព្យាបាលជូនប្រជាជន ហើយ​រៀបចំដែនដីក៏ត្រូវតែមានដែរ ព្រោះ​មានការងារពាក់ព័ន្ធនឹង​ការគ្រប់គ្រងដីធ្លី ក្រៅពីនោះការិយាល័យស្រដៀងៗគ្នាមានមុខងារប្រហែលៗគ្នាត្រូវដាក់មួយកញ្ចប់»។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា ការរៀបចំ​បែបនេះ​អាចនឹងប្រើប្រាស់ទឹក-ភ្លើងតិចជាងមុន មនុស្សធ្វើការតិចជាងមុន មធ្យោបាយ​ក៏តិចជាងមុនដែរ ហេតុនេះគួរតែ​ធ្វើការកែទម្រង់ដាក់ជាចង្កោមតែម្តង។ ការកែទម្រង់នេះ​មានលទ្ធភាពក្នុងការ​ជួយឱ្យសេដ្ឋកិច្ចស្ទុះឡើង ហើយប្រសិទ្ធភាពក៏កាន់តែខ្ពស់ផងដែរ៕

Advertisement