ដាំស្លឹកបាស លើផ្ទៃដីតែ 10អា អាចបេះលក់ មួយថ្ងៃបានពី 20-50ដុល្លារ

ស្លឹកបាសជាប្រភេទវល្លិ៍បន្លែម្យ៉ាងដែលភាគច្រើនដុះដោយខ្លួនឯងនៅតាមរបងផ្ទះ ឬដុះតោងនៅតាមដើមឈើផ្សេងៗដោយមិនចាំបាច់មានអ្នកថែទាំវាឡើយ គ្រាន់តែរដូវវស្សាមកដល់មានភ្លៀងធ្លាក់ វានឹងដុះលូតលាស់បានល្អអាចបេះស្លឹកខ្ចីៗ ស្រស់ៗមកស្លធ្វើជាម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។

ដោយមើលឃើញភាពងាយស្រួលដាំដុះ និងងាយស្រួលថែទាំបែបនេះ កសិករនៅតាមតំបន់ជាយក្រុងមួយចំនួនដែលមានដីធំៗនៅជាប់ក្នុងភូមិ ឬនៅខាងក្រោយភូមិបានចាប់ផ្តើមបោះបង់ការងារដែលកំពុងធ្វើទៅឱ្យដទៃសិន រួចងាកមកចាប់របរដាំស្លឹកបាសលក់វិញម្តង ព្រោះអាចរកប្រាក់បានច្រើនគួរសម និងសល់ពេលទំនេរច្រើនសម្រាប់ជួបជុំគ្រួសារមើលថែទាំកូនចៅទៀតផង។

កសិករ កែវ ស្រីលៀង  ភេទស្រី អាយុ3០ឆ្នាំ រស់នៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានចាប់របរដាំដំណាំស្លឹកបាសនេះ ប្រមាណជាង 7ឆ្នាំមកហើយ ក្រោយពីធ្លាប់បម្រើការងារនៅក្នុងរោងចក្រកាត់ដេរហើយ តែមិនសល់ប្រាក់កាសបម្រុងទុកក្នុងគ្រួសារសោះ ហើយជួនកាលចាយមិនដល់ខែទៀតផង។

អ្នកស្រីបានឱ្យដឹងថា គាត់បានដាំដំណាំស្លឹកបាសនេះលើដីទំហំទទឹង10ម៉ែត្រ និងបណ្តោយ100ម៉ែត្រស្មើនឹង 10អា ដែលជាមធ្យមអាចផ្តល់ឱ្យគាត់នូវប្រាក់ចំណូលចន្លោះពី8ម៉ឺនរៀលក្នុង1ថ្ងៃឡើង ដោយថ្ងៃខ្លះពេលណាម៉ូយបញ្ជាទិញច្រើន ចំណូលអាចឡើងដល់ទៅ20ម៉ឺនរៀលក៏មានដែរ។ អ្នកស្រីបញ្ជាក់ថា ស្លឹកបាសចំនួន10ដុំតូចៗ លក់បោះដុំឱ្យម៉ូយបានតម្លៃ 2000ទៅ2200រៀល ហើយម៉ូយមកទទួលទិញដល់ផ្ទះតែម្តង មិនចាំបាច់លំបាកដឹកយកទៅលក់នៅផ្សារខ្លួនឯងនោះទេ។

កសិករបានឱ្យដឹងថាវិធីសាស្រ្តនៃការដាំដុះមិនលំបាកនោះទេ មុននឹងដាំគឺត្រូវភ្ជួររាស់ដី ហាលទុកចោលរយៈពេល1អាទិត្យជាមុន ទើបឆូតលើកជារង និងយកគ្រាប់បាសមកសាប ហើយស្រោចទឹក។ បន្ទាប់ពីកូនដើមស្លឹកបាសដុះ យើងយកដើមឬស្សីតូចៗមកដោតខ្វែងហើយចងខ្សែតាមបណ្តោយរង ដើម្បីឱ្យវល្លិ៍ស្លឹកបាសតោងវារឡើង ដោយក្នុង1ថ្ងៃត្រូវស្រោចទឹកចំនួន3ដង ហើយក្រោយពីពេលដាំរហូតដល់ពេលបេះស្លឹកបាន ត្រូវប្រើរយៈពេលពី1ខែ10ថ្ងៃ ទៅ1ខែកន្លះ។ លុះកាត់រួចម្តង 20ថ្ងៃក្រោយទើបអាចកាត់បានម្តងទៀត។ ក្រៅពីនោះដើម្បីការពារស្លឹកកុំឱ្យកើតមានជំងឺក្រាស៊ី ក្នុង1ខែគេត្រូវបាញ់ថ្នាំម្តងដែរ រហូតដល់20ថ្ងៃក្រោយពីការបាញ់ថ្នាំទើបគេកាត់ស្លឹកបាសលក់ទៀត។ ស្លឹកបាសចាប់តាំងពីដាំរហូតដល់គេរើដកចោលដាំថ្មី គឺស្ថិតចន្លោះពី2ឆ្នាំ ទៅ3ឆ្នាំ បន្ទាប់ពីបង្គោលទ្រើងពុក និងដើមរបស់វាចាស់ពេក។

ឈ្មួញកណ្តាលម្នាក់ឈ្មោះអ្នកស្រី សុខ ហេង បានឱ្យដឹងដែរថា គាត់បានចាប់របររកស៊ីទិញស្លឹកបាសនេះជាង5ឆ្នាំមកហើយ ហើយយកទៅលក់បោះដុំឱ្យម៉ូយនៅផ្សារនាគមាស រាជធានីភ្នំពេញ ក្នុងនោះគាត់ទិញចូល 1ដុំធំស្មើនឹង10ដុំតូចៗក្នុងតម្លៃ2000 ទៅ2200រៀល យកទៅលក់ចេញបាន2500រៀលក្នុងមួយដុំធំ ចំណែកឯតម្រូវការរបស់ទីផ្សារវិញនោះគឺគ្មានអ្វីចោទនោះទេ មានប៉ុន្មានគេយកទាំងអស់៕

Advertisement