ផ្សារបោះដុំ “Makro” នឹងលេចចេញជារូបរាងនៅខែធ្នូ ឆ្នាំ2017

ត្រឹមតែរយៈពេល 7ខែទៀតប៉ុណ្ណោះ ប្រជាជនខ្មែរ ពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញនឹងបានឃើញផ្សារលក់ទំនិញដ៏ធំលំដាប់អន្ដរជាតិ (Makro) មួយ ផុសរូបរាងឡើងនៅម្ដុំកាំកូស៊ីធី។

លោក ស្រី ស៊ុឆាដា អ៊ីធីចារូគូស អគ្គនាយកក្រុមហ៊ុន ស្យាម ម៉ាក្រូ បានលើកឡើងថា វាជាក្តីមោទនភាពបំផុតមួយសម្រាប់យើងដែលបានបើកសាខាដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃអស់រយៈពេល 30 ឆ្នាំកន្លងមក។

លោកស្រីបន្ដថា តាមរយៈផលិតផលជាច្រើនប្រភេទ និងមានគុណភាពខ្ពស់ ពិសេសលើបទពិសោធនៃការគ្រប់គ្រងអាជីវកម្មបោះដុំរបស់យើង រួមជាមួយកិច្ចសហការរវាងរបស់អ្នកវិនិយោគមកពីប្រទេសថៃ និងវិនិយោគិនក្នុងស្រុក យើងនឹងធ្វើឱ្យភ្នំពេញក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានសក្ដានុពលមួយនៅកម្ពុជា។

ផ្សារម៉ាក្រូ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដី 5ហិកតា ដែលក្នុងនោះផ្ទៃដី 1ហិកតា ត្រូវបានរៀបចំឱ្យក្លាយជាទីតាំងលក់ទំនិញបំពាក់ដោយម៉ាស៊ីនត្រជាក់ដែលមានចំណតរថយន្ដអាចចូលចតបានរហូតដល់ទៅ 500 គ្រឿង។ ផ្សារនេះត្រូវនឹងនាំចូលមកនូវទំនិញ និងផលិតផលដែលមានគុណភាពជាមួយនិងការធានាសុវត្ថិភាពដោយប្រទេសថៃ និងស្ដង់ដារអន្ដរជាតិ។

ឯកឧត្ដម ប៉ា សុជាតិវង្ស គណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ឯកឧត្ដមពិតជាមានចិត្ដសប្បាយរីករាយជាខ្លាំង ព្រោះសមិទ្ធផលដែលនឹងលេចរូបរាងនា 7 ខែខាងមុខនេះ វាកំពុងតែដើរស្របគ្នាទៅនឹងគោលនយោបាយ និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ។ ពិសេសវាបានឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដពីសំណាក់អ្នកវិនិយោគបរទេសមកលើស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្ដមគណៈអភិបាលរាជធានីភ្នំពេញ បានបន្ដទៀតថា ការលេចចេញនៃផ្សារទំនើបស្ដង់ដារអន្ដរជាតិនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថនៃការលក់ ព្រមទាំងកាត់បន្ថយការលក់ដែលគ្មានបៀបរៀបរយ។ ពិសេសវានឹងអាចបង្កើនការងារដល់កសិករតាមការបញ្ជារទិញកសិផលដោយមានការកំណត់ស្តង់ដារបានត្រឹមត្រូវពីទីផ្សារមួយនេះ។ លើសពីនេះអតិថិជនកាន់តែមានទំនុកចិត្ដខ្លាំងតាមរយៈការឆ្លងកាត់ការត្រួតពិនិត្យគុណភាពទំនិញយ៉ាងត្រឹមត្រូវរបស់ផ្សារ Makro ដ៏ទំនើបមួយនេះ៕

Advertisement