សហគ្រិន​វ័យក្មេង​ខ្មែរ​ចំនួន 3រូប​ផ្តល់​បទពិសោធ​អាជីវកម្ម

ក្នុង​វេទិកា​ពិព័រណ៍​ទេសចរណ៍​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ត្រូវបាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ឬ CATA (The Cambodia Association of Travel Agents) លើកយក​ការផ្តល់​គំនិត​ស្តីពី​អាជីវកម្ម​របស់​សហគ្រិនល្បីៗ និង​ជោគជ័យ​មួយចំនួន​មក​បង្ហាញជូន​ដល់​អ្នកចូលរួម​ទស្សនា​ពិព័រណ៍ ក្នុង​ប្រធានបទ “ការចាប់ផ្តើម​ជំនួញ​ផ្ទាល់ខ្លួន” “Business Start Up”។

ក្នុងនោះ​សហគ្រិន​វ័យក្មេង​ខ្មែរ​ចំនួន 3រូប​មាន​មុខរបរផ្សេងៗគ្នា ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ផ្តល់​គំនិត​ និង​បទពិសោធ​ស្តីពី​អាជីវកម្ម​របស់ខ្លួន​ក្នុង​ប្រធានបទការចាប់ផ្តើម​ជំនួញ​ផ្ទាល់ខ្លួន “Business Start Up” ដល់​អាជីវករ​ដែល​មក​ចូលរួម​ក្នុង​ពិព័រណ៍ ក៏ដូចជា​អ្នក​មក​ទស្សនា​ដែល​ចង់​ស្វែងរក​បទពិសោធ​សម្រាប់​ពង្រឹង និង​ជំរុញ​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ទទួលបាន​ទំនុកចិត្ត និង​ជោគជ័យ​ក្នុង​មុខ​ជំនួញ​បន្ថែមទៀត។

សហគ្រិន​វ័យក្មេង​ដំបូង​គេ គឺ​អ្នកនាង រី ថា​នី ជាប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​សិប្បកម្ម ន​រា​អង្គរ (Norea Angkor Handicraft) ខេត្តសៀមរាប​ដែលជា​សិប្បកម្ម​ច្នៃ​ម៉ូដ​ចង្កៀង​អំពូល ខ្នើយ វាំងនន​គ្រឿងសង្ហារិម និង​គ្រឿង​បរិក្ខារ​មួយចំនួនទៀត​ដែល​ផលិត​ដោយ​ដៃ​សម្រាប់​តុបតែង​ផ្ទះ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ទាំង​បែប​បុរាណ និង​សម័យ។ អ្នកនាង​ថា​នី បាន​រៀបរាប់ថា ការ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​ច្រើន​ពុំ​ទទួលបាន​ជំនាញ​ត្រឡប់មកវិញ​ទេ ទើបអ្នកនាងមាន​គំនិត​បើក​អាជីវកម្ម​ច្នៃ​ម៉ូដ​សម្ភារ​បរិក្ខារ​ដែល​រចនា​ម៉ូដ​ពី​សរសៃសូត្រ​ខ្មែរនេះឡើង ​សម្រាប់​ផ្ដល់​ការងារ​និង​ជំនាញ​ថ្មី​មួយ​ដល់​ពលរដ្ឋ​ខ្មែរ។

​អ្នកនាង រី ថា​នី ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​សិប្បកម្ម ន​រា​អង្គរ

ម្ចាស់​សិប្បកម្ម​វ័យ 29ឆ្នាំ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា៖ “ការផ្គត់ផ្គង់​ក្នុងស្រុក​ភាគច្រើន​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដោយ​ឱ្យគេ​ទទួលស្គាល់​នូវ​ផលិតផល​របស់​យើង​សិន ឱ្យគេ​យល់​ពី​ផលិតផល​ខ្មែរ ទើប​យើង​ធ្វើ​ទៅតាម​តម្រូវការ។ ម្យ៉ាងទៀត​គឺ​ចង់​កាត់បន្ថយ​ផលិតផល​នាំចូល ដែល​ទី1 ប្រឈម​ការបែកបាក់ ទី2 កាត់បន្ថយ​ចំណាយ​កា​រលើ​ការ​នាំចូល។ ដោយឡែក​ទៀត​នោះ គឺ​ចង់ឱ្យ​អតិថិជន​ទទួលស្គាល់​ពី​គុណភាព​របស់​ខ្មែរ​ថា អាចធ្វើ​បាន ព្រោះ​ពីមុន​ច្រើនតែ​បរទេស​ជា​អ្នកដឹកនាំ​បង្រៀន​ខ្មែរ ទើប​យើង​បង្កើត​សិប្ប​កម្មនេះ​ជា​ស្នាដៃ​ខ្មែរ ផ្តួចផ្តើម​នូវ​ការប្រកួតប្រជែង បង្កើត​ផលិតផល​ឱ្យ​ខ្មែរ​គាំទ្រ”។

បច្ចុប្បន្ន​សិប្បកម្ម ន​រា​អង្គរ នេះ​មាន​បុគ្គលិក 30នាក់ សុទ្ធតែ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ដែល​ផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន និង​ដោយសារតែ​មានការ​គាំទ្រ​ពី​អតិថិជន​ក្នុងស្រុក និង​បរទេស​ទើប​ធ្វើឱ្យ​ម្ចាស់​សិប្បកម្ម​វ័យក្មេង​ទទួលបាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​ឆ្នាំ2018។

អ្នកនាង ថា​នី ឱ្យដឹងថា ទម្រាំ​ឈរជើង​បានមក​ទល់​ស​ព្វ​ថ្ងៃនេះ អាជីវកម្ម ន​រា​អង្គរ បាន​ហែល​ឆ្លង​ក្ដីបរាជ័យ​ក្នុងការ​រកស៊ី​មិន​ក្រោម 10ដង​ឡើយ ហើយ​ពេល​ដើរ​មកដល់​ចំណុច​នេះ នាង​លែងមាន​គំនិត​ចុះចាញ់​ដូច​មុន​ទៀតហើយ តែ​ថែមទាំង​មានចិត្ត​តស៊ូ​ទ្វេដង​ទៅទៀត ពីព្រោះ​បទពិសោធ​នៃ​ការ​ដួល​ហើយ​ក្រោកឈរ​ឡើងវិញ​នេះ គឺ​អាស្រ័យ​ដោយ​ការស្រឡាញ់ និង​ជឿជាក់​លើ​អាជីវកម្ម​របស់​យើងជាមួយនឹង​ទិសដៅ​ច្បាស់លាស់​នោះ​ទើប​អាច​ងើបឡើង​បាន និង​បន្តដំណើរ​ទៅមុខទៀត​រហូតមកដល់​បច្ចុប្បន្ន។

សហគ្រិន​វ័យក្មេង​ទី2 មាន​អាយុ​ត្រឹមតែ 27ឆ្នាំ​ប៉ុណ្ណោះ គឺ​លោក ជា ឡង់​ដា ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន“Bookmebus” និង​ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់​ដែលមាន​បុគ្គលិក 17នាក់ ក្នុងនោះ​មាន​បរទេស 2នាក់​ផងដែរ។ ដោយ​ផ្តើមចេញពី​ការរង់ចាំ​រថយន្ត​ត្រូវដ៏​យូរ​ក្នុងពេល​ធ្វើដំណើរ​ទៅ​ស្រុកម្តងៗ ធ្វើឱ្យ​សហគ្រិន​រូបនេះ​យក​បញ្ហា​នេះ​មក​បង្កើតជា​ឱកាស គឺ​ឱកាស​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ជា​ក្រុមហ៊ុន​ទទួល​កក់​សំបុត្រ​រថយន្តក្រុង​ និង​ទូក​តាម​អន​ឡាញ​ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ2015 មក។

លោក ជា ឡង់​ដា ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Bookmebus

លោក ឡង់​ដា បានឱ្យដឹងថា៖ “ដោយសារតែ​ការរង់ចាំ​ធ្វើឱ្យ​ខាត​ពេលវេលា យើង​ក៏​ប្រើ​បច្ចេកវិទ្យា​មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ ដោយ​យក​ព័ត៌មាន​មក​ដាក់​ក្នុង online ពី​ទិសដៅ និង​ការចេញដំណើរ​ច្បាស់លាស់ ធ្វើឱ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ជាង 40ក្រុមហ៊ុន​បាន​បំពាក់​បច្ចេកវិទ្យា​នេះ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ទូក ហើយ​យើង​គ្រោង​បង្កើត​សេវា​កក់​សំបុត្រ​យន្តហោះ​បន្ថែមទៀត​ផងដែរ​នាពេល​ខាងមុខ។ លោក​ថា ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន គឺ​បានមកពី​ប្រាក់​កម្រៃជើងសា (លុយ​កុំមីស្យុង)។ យើង​ក៏មាន​ចំណែក​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ស្រុក​ខ្មែរ​ឱ្យមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​ដែរ ព្រោះថា​សំបុត្រ​ធ្វើដំណើរ ទោះ​ទិញ​មុន1ឆ្នាំ ក៏​អាច​លក់​យកលុយ​ពី​ភ្ញៀវ​បានដែរ”។

លោក​បន្តថា ការទិញ​សំបុត្រ​តាម​អន​ឡាញ​នេះ អតិថិជន​មិនចាំបាច់​មក​ទិញ​សំបុត្រ​ដល់​ក្រុមហ៊ុន​ទេ គឺ​គ្រាន់​តែមាន​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​ដែល​អាច​ដំណើរការ​អុីន​ធើ​ណិ​ត​បាន​ជាការ​ស្រេច។តាមរយៈ​Wing, Smart Luy, Visa Card ឬ​ប្រព័ន្ធ​ដទៃទៀត​ពួកគេ​អាច​ពិនិត្យមើល​ជើង​ចេញដំណើរ​ពេលវេលា និង​បង់លុយ​លើ​វេ​ប​សាយ ឬ​អាច​វេរ​លុយ​តាម​អុីន-​ធើ​ណិ​ត​បាន។

លោក ឡង់​ដា ធ្លាប់​ត្រូវបាន​កម្មវិធី​របស់​ម​ហា​សេដ្ឋី​ចិន Jack Ma ជ្រើសរើស​យកទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល eFounders នៅ​ប្រទេស​ចិន​ដើម្បី​ស្វែងយល់​ពី​មូលដ្ឋាន​ពាណិជ្ជកម្ម​អេឡិចត្រូនិក ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ប្រែប្រួល និង​មាន​ឥទ្ធិពល​នៅ​ចិន ព្រមទាំង​យល់ដឹង​ស៊ីជម្រៅ​អំពី​គំនិត​ច្នៃប្រឌិត​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ពី​ប្រទេស​ចិន និង​ជុំវិញ​ពិភពលោក​ទៀតផង។

លោក ឡង់​ដា ឱ្យដឹងថា ការធ្វើ​អាជីវកម្ម​មិន​ថា​ចាប់ផ្តើម 1ឆ្នាំ ឬ​ដំណើរការ 5ឆ្នាំ​មកហើយ​ក៏ដោយ ក៏​នៅតែ​ប្រឈម​នឹង​ផល​លំបាក​ដែរ ពីព្រោះ​យើង​ចង់បាន​លុយ​ពី​គេ ត្រូវធ្វើ​ម៉េច​ឱ្យគេ​ទិញ​ផលិតផល​យើង ហើយ​ថែមទាំង​មានការ​ប្រកួតប្រជែង​ខ្លាំង​ទៀតផង ដូច្នេះ​យើង​ត្រូវមាន​ការផ្លាស់ប្តូរ បើ​មិន​ផ្លាស់ប្តូរ​ទៅតាម​ស្ថានភាព​នៃ​ការវិវឌ្ឍ​របស់​សង្គម​ទេ យើង​នឹង​ជួប​ផលវិបាក​មិន​ខាន ពីព្រោះ​ការបើក​អាជីវកម្ម មួយថ្ងៃៗត្រូវ​គិត​ធ្វើ​ម៉េច​ឱ្យ​រីកចម្រើន ឱ្យ​រីកលូតលាស់ និង​ជោគជ័យ? តែបើ​យើង​ស្រឡាញ់​អាជីវកម្ម​របស់​យើង យើង​នឹងមាន​កម្លាំងចិត្ត​ធ្វើ នោះ​គឺ​ពិតជា​ជោគជ័យ​ហើយ។

សហគ្រិន​វ័យក្មេង​ទី3 លោក ទិ​ត្យ សុធា​រ៉ា នៃ​អាជីវកម្ម Business Noir-Coffee បង្កើតឡើង​នៅ​ឆ្នាំ2013 ជា​ស្នាដៃ​កូន​ខ្មែរ​ដែល​ចង់បង្ហាញ​ដល់​បរទេស​ថា ខ្មែរ​ក៏​អាចធ្វើ​បាន ដោយមាន 3សាខា​នៅ​ខេត្តសៀមរាប។ ការចាប់ផ្តើម​របស់​ស្ថាបនិកនិង​ជា​ម្ចាស់​អាជីវកម្ម Noir-Coffee នេះ​បាន​ផ្តើមចេញពី​ការធ្វើការ​ឱ្យគេ​រយៈពេល 12ឆ្នាំ ទើប​មាន​គោលបំណង​ច្បាស់លាស់​ថា ចង់​រកស៊ី​ខ្លួនឯង និង​មានការ​ជំរុញ​ពី​មិត្តភ័ក្តិ​ដែលនាំឱ្យ​មាន​ក្តី​សង្ឃឹមថា ពិតជា​អាច​រកស៊ី​បាន​ហើយ។

លោក ទិត្យ សុធារ៉ា ម្ចាស់ហាងកាហ្វេ Noir-Coffee

សហគ្រិន​ដែលមាន​វ័យ 29ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា៖ មូលហេតុ​ដែល​ហាង​របស់លោក​ដាក់ឈ្មោះ Noir-Coffee ដោយសារតែ​លោក​ស្រឡាញ់​ពណ៌​ខ្មៅ ធ្វើឱ្យ​ទីតាំង​ក៏​រចនា​ពណ៌​ខ្មៅ​ដែរ តែ​ទីតាំង​ទាំង3 រចនាខុសៗគ្នា ដោយ​ច្នៃប្រឌិត​បែប​ខ្មែរ ខាងមុខ​ហាង​ក៏​ដាក់​ស្លាក​សញ្ញា​ហាង Noir-Coffee ដោយ​ភា្ជ​ប់​អក្សរ “ណ” សម្គាល់ថា​ម្ចាស់​អាជីវកម្ម​ជា​ខ្មែរ​ដែរ។

លោក សុធា​រ៉ា បានបញ្ជាក់​បន្ថែមថា កត្តា​ប្រឈម​បញ្ហា និង​ផល​លំបាក គឺ​តែងតែមាន​នៅក្នុង​ការចាប់​ផ្តើម​អាជីវកម្ម ព្រោះថា បើ​យើង​ធ្វើ​ការងារ​ឱ្យគេយើង​គិតតែ1ទេ តែបើ​រកស៊ី​ខ្លួនឯង​វិញ គិតដល់10ឯណោះ។ មកដល់ពេលនេះ​យើង​មិនទាន់​ហៅថាជោគជ័យ​ទេ តែ​អាច​ចូលក្នុង​ទីផ្សារ​បាន ដោយសារតែ​ការប្រកួតប្រជែង​តែងតែមាន ដូច្នេះ​យើង​ត្រូវ​ចេះ​ផ្លាស់ប្តូរ និង​ធ្វើ​អ្វីដែល​ថ្មី ពោល​ត្រូវតែ​ធ្វើឱ្យបាន​មុនគេ បន្ថែម​នូវ​អ្វី​ដែលជា​តម្រូវការ​រប​ស់​អតិថិជន នូវ​អ្វីដែល​ថ្មី ប្លែក ដោយ update ឱ្យបាន​មុន​គូប្រកួត​ប្រជែង​ជានិច្ច។

សរុបមក សម្រាប់​ដំណើរការ​អាជីវកម្ម​ដំបូង​បំផុត អ្វីដែល​ពួកគាត់​មាន​នោះ គឺ​គំនិត និង​ជំនឿ​ចិត្ត​លើ​អ្វីដែល​ខ្លួន​កំពុង​ធ្វើ ចំណែក​ដើមទុន និង​ជំនាញ ម្ចាស់​អាជីវកម្មម្នាក់ៗអាច​រក និង​រៀន​បន្ថែម​បាន ឬ​អាច​ជួល​អ្នកដទៃ​ធ្វើ​ក៏បាន​ដែរ សំខាន់​ត្រង់​ថា តើ​អ្នក​ចង់​បង្កើត​អ្វី ឬ​ចង់​ផ្តល់​អ្វី​ទៅឱ្យ​អ្នកដទៃ​តាមរយៈ​គំនិត​របស់​អ្នក​ផ្ទាល់​ហ្នឹងឯង៕

Advertisement