Uber ផ្ញើ​សារ​ឱ្យ​អតិថិជន​ថា នឹង​ប​ញ្ឍ​ប់​ដំណើរ​នៅ​ថ្ងៃស្អែក​នេះ

ភ្នំពេញ៖ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​បាន​ជំរុញ​ឱ្យ​វិស័យ​ជាច្រើន​លើ​ពិភពលោក មានការ​ផ្លាស់ប្តូរ​កាន់​តែ​ប្រសើរឡើង ក្នុងនោះ​វិស័យ​ដឹកជញ្ជូន​ក៏បាន​វិ​វដ្ត​យ៉ាង​លឿន​ផងដែរ។ ការហៅ​តាក់ស៊ី​តាម​បច្ចេកវិទ្យា​បាន​រីក​សាយភាយ​លើ​ពិភពលោក​យ៉ាង​ឆាប់រហ័ស ដោយ​កម្ពុជា​ក៏​កំពុងមាន​ការប្រកួតប្រជែង​លើ​អាជីវកម្ម​មួយ​នេះ​ផងដែរ។

ថ្មីៗនេះ បណ្តាញ​បច្ចេកវិទ្យា​ប្រទេសមួយ​ចំនួន​ដែល​ធ្លាប់​អនុវត្តបាន​ជោគជ័យ​នៅ​ទ្វីបអឺរ៉ុប បាន​ហូរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍។

Uber ជា​បណ្តាញ​ដែល​លេចធ្លោ​មួយ​ដែល​ទើបនឹង​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​បាន​ប្រមាណ​ជិត 2 ឆ្នាំ ត្រូវបាន​គេ​មើលឃើញថា​បាន​អភិវឌ្ឍ​យ៉ាង​លឿន តាមរយៈ​ការផ្សព្វផ្សាយ និង​ការគាំទ្រ​របស់​ប្រជាជន​ខ្មែរ តែ​អ្វីដែល​ឱ្យ​គួរឱ្យ​ចាប់អារម្មណ៍ បណ្តាញ​យ៉ាង​មាន​ប្រជាប្រិយភាព​មួយ​នេះ បានប្រកាស​ដល់​អតិថិ​ជន​ពី​ការបញ្ឈប់​ដំណើរការ​របស់ខ្លួន​ទៅវិញ​នៅ​ថ្ងៃទី 08 ខែមេសា ឆ្នាំ2018 ស្អែក​នេះ។ អតិថិជន​ដែល​បាន​ប្រើប្រាស់ Mobile Apps របស់ Uber ទាំងអស់​អាច​នឹង​ឃើញ​សារ​នៅក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​ពី​ព័ត៌មាន​នេះ។

ប្រហែលជា 2សប្ដាហ៍​កន្លងទៅនេះ ក្រុមហ៊ុន​តាក់ស៊ី Uber បាន​លក់​ចំណែក​ទីផ្សារ​របស់ខ្លួន​ទាំងអស់​នៅ​តំបន់​អាស៊ី អាគ្នេយ៍ រួមមាន​កម្ពុជា​ផងដែរ​នោះ ឱ្យ​គូប្រជែង គឺ​ក្រុមហ៊ុន Grab ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ការទិញ-លក់​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ បានធ្វើឱ្យ​គណៈកម្មការ​ប្រកួតប្រជែង​របស់​សិង្ហ​បុរី ដាក់​ការសង្ស័យ និង​កំពុង​ស៊ើបអង្កេត ព្រោះ​អាចមាន​ករណី​រំលោភ​លើ​ច្បាប់​ទិញ-លក់៕

Advertisement