មុន​ចូលឆ្នាំ​ខ្មែរ​អ្នក​ភ្នំពេញ​នឹង​បានធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ហើយ

ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក៏ដូចជា​ការចំណាយ​ពេល​វេលា​យូរ​ក្នុងការ​ធ្វើដំណើរ​ក្នុង​ទីក្រុង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​កាណូត​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ក្រុង​តាមផ្លូវ​ទឹក​នៅមុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះហើយ។

តាម​ការប្រកាស​របស់​ក្រសួង​កាលពី​សប្តាហ៍​មុន បានឱ្យដឹងថា នាវា​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរការ​នាពេលឆាប់ៗនេះ​បានសម្រេច 95%ហើយ គិត​ត្រឹម​ចុង​សប្តាហ៍​មុននេះ។

លោក ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​គូសបញ្ជាក់​ប្រាប់ឱ្យដឹង​នាថ្មីៗនេះ​ថា ក្រុមការងារ​កំពុងតែ​សាងសង់​ចំណត​កំពង់ផែ​ទាំង 5ទីតាំងដំណាលៗគ្នា​ដើម្បីឱ្យ​សម្រេចបាន​ទៅតាម​ផែនការ​នៃ​ការគ្រោងទុក​ដែល​បាន​កំណត់ថា​នឹង​ដាក់ឱ្យ​ដំណើរការ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មកដល់។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពីពេលថ្មីៗនេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ដាក់ឱ្យ​ដំណើរការ​សេវា​ដឹក​អ្នកដំណើរ​ទៅមក​ព្រែក​ព្នៅ-ភ្នំពេញ-តាខ្មៅ នៅ​ថ្ងៃទី6 ខែមេសា ខាងមុខនេះ ដែលជា​ប្រវត្តិសាស្ត្រ​លើកដំបូង របស់​កម្ពុជា​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​គោក និង​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ដល់​អ្នកធ្វើដំណើ​រ​ចូល-ចេញ និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ។

លោក​បន្តថា ការដាក់ឱ្យ​ដំណើរការ​លើកដំបូង​នៅ​ថ្ងៃទី6 ខែមេសា ឆ្នាំ2018 ខាងមុខនេះ នឹងមាន​កាណូត​ដឹក​អ្នកដំណើរ​ចំនួន 3គ្រឿង ក្នុងនោះ 2គ្រឿង​ជា​កាណូត​របស់​ក្រុមហ៊ុន Royal Express Boat ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន 60នាក់ និង3គ្រឿង​ទៀត​ជា​កាណូត​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​កំពុង​សាងសង់​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន 54នាក់ និង​មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព។

ជាមួយ​កាណូត 3គ្រឿង​ជា​ជំហាន​ដំបូង​នេះ​នឹងធ្វើ​ចរាចរ​ផ្តល់​សេវា​ដឹក​អ្នកដំណើរ​ដោយ​ចេញដំណើរ​ពី​ព្រែក​ព្នៅ​ឆ្ពោះទៅ​ក្រុង​តាខ្មៅ​ដែលមាន​ចម្ងាយ​ផ្លូវ​សរុប​ប្រមាណ 25គីឡូម៉ែត្រ និង​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ជា​មធ្យម 34នាទី មាន​ចំណត​ផែ​ចំនួន5 រួមមាន​ចំណត​ផែ​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ។

ឯកឧត្តម​សង្ឃឹមថា ការដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ទីក្រុង​តាមផ្លូវ​ទឹក​នេះ​នឹង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណោះស្រាយ​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​ធ្វើឱ្យ​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀតផង៕

Advertisement