បុគ្គលិក​បែបណា​ដែល​ធ្វើឱ្យ​ម្ចាស់​ក្រុមហ៊ុន​ជួប​ផល​លំបាក?

នៅក្នុង​ចង្វាក់​ផលិតកម្ម ឬ​នៅក្នុង​ក្រុមហ៊ុន​មួយ​ធនធានមនុស្ស​គឺជា​រឿង​សំខាន់បំផុត​ដែល​អាចជួយ​សម្រេច​លទ្ធផល និង​ទិសដៅ​របស់​ក្រុមហ៊ុន​បាន។ ប្រសិនបើ​នៅក្នុង​ក្រុមហ៊ុន​មួយ​សម្បូរ​ទៅដោយ​មនុស្ស​ដែលមាន​គំនិត​អវិជ្ជមាន និង​ខ្វះ​ភាព​សកម្ម​ក្នុង​ការងារ នោះ​ក្រុមហ៊ុន​នឹង​ជួប​ផល​លំបាក​ជាក់​ជាមិនខាន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឆាក់ សុជាតិ ជា​សហគ្រិន​វ័យក្មេង​មួយរូប​បាន​លើកឡើងថា បុគ្គលិក​ដែល​ធ្វើឱ្យ​ម្ចាស់​ក្រុមហ៊ុន​លំបាក គឺ​ភាគច្រើន​ជា​បុគ្គលិក​ដែល​មិន​យល់​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​មិនដឹងថា រាល់ថ្ងៃ​គាត់​ធ្វើ​ការងារ​ដើម្បី​សម្រេច​គោលដៅ​អ្វីខ្លះ​ឡើយ។

ម្យ៉ាងវិញទៀត នៅពេលដែល​បុគ្គលិក​មិនដឹង​ពី​ទិសដៅ​របស់​ក្រុមហ៊ុន ភាគច្រើន​គាត់​ធ្វើការ​គឺ​ដើម្បី​តែ​ប្រាក់ខែ និង​ផលប្រយោជន៍​របស់ខ្លួន-ឯង​សុទ្ធសាធ ដែល​កត្តា​នេះហើយ​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន នឹង​មិនអាច​សម្រេច​គោលដៅ​ស្របគ្នា​ជាមួយ​ម្ចាស់​អាជីវកម្ម​បានឡើយ។

លោក សុជាតិ បានលើកឡើង​ផងដែរ​ថា បុគ្គលិក​ដែល​ល្អ ជា​បុគ្គលិក​ដែល​ខំ​អភិវឌ្ឍ​ខ្លួនឯង​រហូត ទោះជា​ប្រាក់ខែ​នៅពេលនេះ​តិច មិន​សម​នឹង​ការ​ខំប្រឹងប្រែង​ធ្វើ​ការងារ​របស់ខ្លួន​ក៏ដោយ។ បុគ្គលិក​មួយចំនួន​ដែល​មិន​ខំប្រឹង​ធ្វើ​ការងារ មិន​ព្រម​ខំប្រឹង​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង ភាគច្រើន​ធ្វើឱ្យ​អ្នកដឹកនាំ​ត្រូវ​រវល់​ច្រើន​ជាមួយនឹង​ការតម្រង់ទិស​ពួកគាត់ ម្យ៉ាងទៀត​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​កាន់តែ​យូរ កាន់តែ​បង្កើត​បញ្ហា​ដល់​ក្រុមហ៊ុន​មិនចេះចប់ ព្រោះ​ជាក់ស្តែង​ម្ចាស់​ក្រុមហ៊ុន​នឹងមិន​ដំឡើង​ប្រាក់ខែ​ឱ្យទៅ​បុគ្គលិក​ណា​ដែល​មិនមាន​ការអភិវឌ្ឍ​នោះទេ ដូច្នេះ

គាត់​នៅ​ធ្វើការ​យូរ​ជាងគេ តែ​ទទួលបាន​ប្រាក់ខែ​តិចជាង​អ្នក​ចូល​ក្រោយ ប្រសិនជា​គាត់​ដឹង​ពី​បញ្ហា​នេះ​គាត់​នឹងមិន​សប្បាយចិត្ត​ហើយ​តែងតែ​បង្កើតជា​បញ្ហា​ឱ្យ​ក្រុមហ៊ុន​ដោះស្រាយ​ឥតឈប់ឈរ។ បុគ្គលិក​ប្រភេទ​នេះ​ភាព​ច្រើន​មិនសូវ​ផ្លាស់ប្តូរ​ការងារ​ទៅ​កន្លែង​ថ្មី​ទេ ព្រោះតែ​សមត្ថភាព​មាន​កម្រិត មិនបាន​ខំប្រឹង​អភិវឌ្ឍ​ខ្លួន ដូច្នេះ​ទោះជា​ទៅ​សម្ភាស​រក​ការងារ​នៅ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏​គេ​មិនឱ្យ​ប្រាក់ខែ​ច្រើនជាង​កន្លែងចាស់​ដែរ។

ផ្ទុយទៅវិញ​បុគ្គលិក​ដែល​ខំប្រឹង​ធ្វើការ ខំប្រឹង​អភិវឌ្ឍ​ខ្លួន​រាល់ថ្ងៃ មានន័យថា គេ​ធ្វើការ​ដើម្បី​ចំណេះដឹង ព្រោះ​គេ​បាន​ខំប្រឹងប្រែង​ធ្វើ​ការងារ​បណ្តើរ និង​សិក្សា​រៀនសូត្រ​បណ្តើរគេ​នឹង​ចេះដឹង​ការងារ​ច្រើន​នៅក្នុង​ក្រុមហ៊ុន គេ​បាន​គិតថា ត្រូវ​ខំប្រឹង​ដើម្បីឱ្យ​ក្លាយជា​មនុស្ស​សំខាន់​របស់​ក្រុមហ៊ុន ថ្ងៃក្រោយ​ក្រុមហ៊ុន​អត់​គេ​មិនបាន​ឡើយ ដូច្នេះ​បើទោះជា​បច្ចុប្បន្ន​ប្រាក់ខែ​មិន​ច្រើន​ដូច​អ្វីដែល​គេ​ចង់បាន​ក៏ដោយ តែ​គេ​បានដាក់​គោលដៅ​របស់គេ​ថា 1ឆ្នាំ ឬ2ឆ្នាំ​ទៀត​គេ​នឹង​ទទួលបាន​នូវ​អ្វីដែល​គេ​គ្រោងទុក បើទោះជា​ក្រុមហ៊ុន​ចាស់​មិន​ផ្តល់ឱ្យ​ច្រើន ក៏មាន​ក្រុមហ៊ុន​ផ្សេង​ចាំ​ទទួលយក​គេ​ដែរ សំខាន់​ឱ្យ​តែមាន​សមត្ថភាព។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​លោក រិ​ន  រ៉ាវុធ សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង និង​ជា​អ្នកគ្រប់គ្រង​ធនធានមនុស្ស​បានលើកឡើង​ថា បុគ្គលិក​ដែល​តែងតែ​ធ្វើឱ្យ​ម្ចាស់​ស្ថាប័ន​លំបាក ភាគច្រើន​ជា​អ្នក​ដែល​មិន​ព្យាយាម​សម្រប​ខ្លួន​ជាមួយនឹង​ផ្នែក​ដទៃ​ក្នុង​ស្ថាប័ន (គ្មាន​Team Work) ដែល​ពេលខ្លះ​គាត់​មិនអាច​ធ្វើការ​ទំនាក់ទំនង​ល្អ​ក្នុង​ស្ថាប័ន ហើយ​តែងតែមាន​ជម្លោះ​ជាមួយ​បុគ្គលិក​ដទៃ ថែមទៀតផង។ ម្យ៉ាងវិញទៀត អ្នក​ដែល​មិនអាច​សម្រប​ខ្លួន​បាន​ជាមួយនឹង​ផ្នែក​ដទៃ តែងតែ​ធ្វើ​ការងារ​ដោយ​យល់​តែ​តាម​អារម្មណ៍​របស់ខ្លួន ឬ​ធ្វើ​តែ​ជំនាញ​របស់ខ្លួន​តែប៉ុណ្ណោះ មិនបាន​យល់​ពី​អារម្មណ៍​អ្នកដទៃ ឬ​មិត្ត​រួមការ​ងារ ឬ​ស្មារតី​នៃ​ការធ្វើការងារ​រួមគ្នា​មក​អនុវត្ត​ក្នុង​ក្រុមហ៊ុន​នោះទេ។

លោក រិ​ន រ៉ាវុធ បាន​និយាយថា៖ “នៅក្នុង​ក្រុមហ៊ុន មាន​ប្រភេទ​បុគ្គលិកផ្សេងៗគ្នា ដែល​បុគ្គលិក​ខ្លះ​ជា​ទ្រព្យ និង​បុគ្គលិក​ខ្លះ​ជា​បន្ទុក។ អ្នក​ដែលជា​បន្ទុក​របស់​ក្រុមហ៊ុន​ភាគច្រើន ជា​អ្នក​ដែល​ធ្វើ​ការងារ​ដើម្បី​តែ​ធ្វើការ ធ្វើការ​បាន​លទ្ធផល​តិច តែ​ចង់បាន​ភាព​សំខាន់​ខ្លាំង ដែល​ចំណុច​នេះ​អាចធ្វើឱ្យ​គាត់​ងាយ​ថ្នាំងថ្នាក់​ជាមួយ​ថ្នាក់លើ​នៅពេលដែល​គាត់​មិន​ទទួលបាន​ប្រយោជន៍​ដូច​ការរំពឹងទុក ខណៈ​គាត់​មិនបាន​ខំប្រឹងប្រែង​ឱ្យ​ខ្លាំង​ឡើយ។

សាស្ត្រាចារ្យ រូបនេះ បានលើកឡើង​ផងដែរ​ថា​បុគ្គលិក​ដែលជា​បន្ទុក តែងតែ​ចូលចិត្ត​សម្តែង​ច្រើនជាង​ការធ្វើ​ពិតប្រាកដ ព្រោះថា អ្វីដែល​គាត់​ចង់បាន​គឺ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មុខមាត់ ឬ​ភាព​សុខ​ស្រួល​ច្រើនជាង​ការធ្វើការងារ​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ពិតប្រាកដ។ គាត់​តែងតែ​រំពឹងថា ក្រុមហ៊ុន​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​គាត់ ទាំង​គាត់​ខ្លួនឯង​ភ្លេច​គិតថា គាត់​មិនបាន​ធ្វើ​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​វិញ​ផង​នោះ៕

Advertisement