សារៈសំខាន់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​ចំពោះ​កម្ចី​ពី​ធនាគារ

លោកសាស្ត្រាចារ្យ ឃឹម​ សារិទ្ធ / លោកសាន្ត ច័ន្ទកុម្ភៈ / លោក​ស៊ឹម ចាន់​គីរីរ័ត្ន

បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា គ្រប់​អាជីវកម្ម​កំពុង​រីកដុះដាល​ដូច​ផ្សិត តែ​ភាគច្រើន​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មិនសូវ​បានគិត​គូរ​ពី​បញ្ជីស្នាម​គណនេយ្យ​តាម​ក្បួនខ្នាត​ហិរញ្ញវត្ថុ​ច្បាស់លាស់​នៅឡើយ​ទេ​ដោយសារតែ​ម្ចាស់​អាជីវកម្ម​នៅ​មិនទាន់​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​នេះ។

តើ​អ្វី​ទៅជា​របាយការណ៍​ហិរញ្ញវត្ថុ?
សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម និង​ធុរកិច្ច លោក ឃឹម សារិទ្ធ បាន​លើកឡើងថា របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​របាយការណ៍​ដែល​រៀបចំឡើង​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​គណនេយ្យ ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យឃើញ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មួយ ដូចជា​ចំណូល ចំណាយ ទ្រព្យសកម្ម ទ្រព្យអកម្ម និង​លំហូរ​សាច់ប្រាក់​ចេញ-ចូល​ជាដើម។ តាមរយៈ​របាយការណ៍​ហិរញ្ញវត្ថុ​យើង​អាច​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួមទាំង​សក្តានុពល​របស់​ក្រុមហ៊ុន​នោះ​ទៀតផង។

លោក​សាស្ត្រាចារ្យ ឃឹម សារិទ្ធ បាន​និយាយថា៖ “របាយការណ៍​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម​ផ្ទាល់ និង​អង្គភាព​ខាងក្រៅ​ដែល​ពាក់ព័ន្ធ​នឹង​អាជីវកម្ម”។

អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ថា សម្រាប់​ម្ចាស់​ស្ថាប័ន​ផ្ទាល់ គឺ​គាត់​អាច​នឹង​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​បានល្អ ប្រសិនបើ​គាត់​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​ពេលខ្លះ​គាត់​ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បណ្ដាក់​ទុន​បន្ថែម​បាន​ទៀតផង។ ម្យ៉ាងវិញទៀត សម្រាប់​ភាគី​ពាក់ព័ន្ធ​ដូចជា​ដៃគូ​អាជីវកម្ម និង​ម្ចាស់បំណុល​ជាដើម ក៏​អាច​នឹង​ប្រើ​របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ជា​មូលដ្ឋាន​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​របស់​ក្រុមហ៊ុន​នោះ​ផងដែរ។

លោក សាន្ត ច័ន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ថ្វីដ្បិតតែ​ការផ្តល់​កម្ចី​នៅ​កម្ពុជា​គេ​ពឹង​ផ្អែកលើ​ទ្រព្យ​តម្កល់ តែ​គេ​ក៏​ឱ្យ​តម្លៃ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ផងដែរ ព្រោះថា​ គម្រោង​កម្ចី​សម្រាប់​អាជីវកម្ម គឺ​ទាមទារ​ចាំបាច់​ត្រូវ​ដឹង​ពី​ស្ថានភាព​អាជីវកម្ម​ឱ្យបាន​ច្បាស់លាស់​ជាមុនសិន។

លោក សាន្ត ច័ន្ទ​កុម្ភៈ បាន​និយាយថា៖ “ការ​ដែលមាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់​គឺជា​រឿង​សំខាន់​មួយ​ដែល​ពាណិជ្ជករ​ត្រូវ​ដឹង ព្រោះថា ពួកគាត់​អាច​ត្រូវការ​ទុន​បន្ថែម​គ្រប់ពេល ហើយ​ពេលខ្លះ​គាត់​ត្រូវការ​ខ្ចីលុយ​ពី​ធនាគារ ដូច្នេះ​របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​ទំនុកចិត្ត​មួយ​ដែល​អាច​បញ្ជាក់​ដល់​ធនា​គា​រថា​គាត់​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​សង​ត្រឡប់​ទៅ​ធនាគារ​វិញ ដែល​ធ្វើឱ្យ​គាត់​ងាយ​ទទួលបានជោគជ័យ​លើ​ការស្នើសុំ​កម្ចី”។

លោក ច័ន្ទ​កុម្ភៈ បាន​បន្ថែមទៀតថា អ្នករកស៊ី​គាត់​អាចមាន​ទ្រព្យ​បញ្ចាំ​មួយចំនួន​ដែលមាន​កម្រិត​មិន​ច្រើនពេក​នោះទេ តែ​តម្រូវ​ការខ្ចី​របស់គាត់​គឺ​លើសពី​ទ្រព្យ​បញ្ចាំ​ទាំងអស់នោះ​ទៅទៀត ហេតុនេះ​ប្រសិនបើ​គាត់​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់ និង​អាជីវកម្ម​រឹងមាំ​ល្អ​ហើយ គាត់​អាចនឹងទទួល​បាន​លទ្ធ​ភាព​នៃ​ការខ្ចី​ក្នុង​ចំនួន​ខ្ពស់​បាន។ Accounting Partner នៃ​ក្រុមហ៊ុន REACHS &Partner Co., Ltd លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ អ្នករកស៊ី​ជាច្រើន​បានធ្វើ​ការរកស៊ី​តាម​ទម្លាប់ ហើយ​មិនសូវ​ខ្វាយខ្វល់​ច្រើន​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ប៉ុន្មាន​នោះទេ។ អ្នក​កាន់​បញ្ជី​របស់គាត់ ភាគច្រើន​ជាម​នុស្ស​ដែល​ម្ចាស់​អាជីវកម្ម​ទុកចិត្ត​បំផុត អាចជា​កូន ជា​ប្រពន្ធ ឬ​ជា​សាច់ញាតិ​ជាដើម ដែល​ពេលខ្លះ​គាត់​ធ្វើការ​កត់ត្រា​តែ​ក្នុង​សៀវភៅ​ធម្មតា។ កត្តា​នេះ​ធ្វើឱ្យ​គាត់​មាន​ផល​លំបាក​ក្នុង​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​នៅពេលដែល​គាត់​ត្រូវការ​ជា​ចាំបាច់។

លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​និយាយថា៖ ជាធម្មតា​អ្នករកស៊ី​តែងតែ​យក​ប្លង់ដី ឬប្លង់​ផ្ទះ​ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​ស្ទើរតែ​ទាំងអស់​ដើម្បី​យកលុយ​មកប្រកបរបររក​ស៊ី តែ​នៅពេលដែល​គាត់​កំពុង​កាក់កប ហើយ​ចង់​ពង្រីក​អាជីវកម្ម​ឱ្យធំឡើងបន្ថែមទៀតគាត់​អាច​នឹង​មិនមាន​ទុន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​ថ្មី​នោះទេ ព្រោះ​គាត់​គ្មាន​ទ្រព្យ​បន្ថែម​ដើម្បី​ដាក់​ទៅឱ្យ​ធនាគារ​បន្តទៀត​ឡើយ តែ​ប្រសិនបើ​គាត់​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹមត្រូវ នោះ​គាត់​នឹងមិន​ទាល់​លុយ​សម្រាប់​រកស៊ី​នោះឡើយ ព្រោះថា នៅពេលដែល​គាត់​ត្រូវការ​លុយរកសុីបន្ថែម របាយការណ៍​ហិរញ្ញវត្ថុ​គឺជា​ឯកសារ​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​ធនាគារ​យល់ព្រម​ផ្តល់​កម្ចី​បន្ថែម​សម្រាប់​គាត់​ដើម្បី​ពង្រីក​អាជីវកម្ម៕

Advertisement