ភោជនីយដ្ឋាន​បម្រើអាហារបែប​ចិន​កំពុង​ពេញនិយម ខណៈ​ទេសចរ​ចិន​កើនឡើង

មួយរយៈ​ចុងក្រោយ​នេះ ភោជនីយដ្ឋាន​ដែល​បម្រើ​សេវាកម្ម​លើ​ម្ហូបអាហារ​បែប​ចិន​បាន​បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ប្រទេស​កម្ពុជាខណៈ​កំណើន​នៃ​ការ​ទទួលទាន​ម្ហូបអាហារ​បែប​ចិន​របស់​ប្រជាជន​កម្ពុជា​ក៏​កំពុងមាន​ការកើនឡើង​ដែរ ដូច្នេះហើយ​បានជា​មាន​អ្នកជំនួញ​មួយចំនួន​ងាក​មក​ចាប់អារម្មណ៍​លើ​ការវិនិយោគ​ផ្នែក​ភោជនីយដ្ឋាន​បម្រើ​ម្ហូបអាហារ​បែប​ចិន។

លោក Herfried Hasenoehrl នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HGB Group ជា​ក្រុមហ៊ុន​នាំ​េប្រ៊ន​ដ៍​ភោជនីយដ្ឋាន​ចិន Little Sheep Hot Pot មកកាន់​កម្ពុជា​មានប្រសាសន៍​ថា ហាង​លក់​ម្ហូបអាហារ​បែប​ចិន​ដែល​ទើប​បង្ហាញ​វត្ដ​មាននៅ​កម្ពុ​ជាមួយនេះ​នឹង​ផ្តល់ជូន​នូវ​រសជាតិ​ពិសេស​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា និង​ភ្ញៀវទេសចរ​ចិន​ដែល​កំពុងមាន​លំហូរ​មកកាន់​ប្រទេស​កម្ពុជា​ច្រើន និង​ជា​ចំណែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ទាំងនោះ​ឱ្យ​ស្នាក់​កម្ពុជា​បាន​កាន់តែ​យូរ​ជាងពេលមុន។

លោក​បន្ដថា “ទីផ្សារ​គោលដៅ​របស់​យើង គឺ​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ និង​ភ្ញៀវ​ចិន​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​វត្តមាន​ភោជនីយដ្ឋាន The Little Sheep បាន​ជួយ និង​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​ចិន​ស្នាក់នៅ​ប្រទេស​កម្ពុជា​បានយូរ​ជាង​មុន​ផងដែរ។ មូល​ហេតុដែល​ក្រុមហ៊ុន HGB ចាប់អារម្មណ៍​នាំយក​ភោជនីយដ្ឋាន “The Little Sheep” ចូលមក​កាន់​ប្រទេស​កម្ពុជា​នេះ មិនមែន​ត្រឹមតែ​ដោយសារ​វា​ជា​េប្រ៊ន​ដ៍​លំដាប់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ចង់ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ជម្រើស​កាន់តែច្រើន​នៅពេល​ពួកគាត់​ចង់​ចេញមក​បរិភោគ​ម្ហូប
អាហារ​នៅ​ខាងក្រៅ​ផ្ទះ”។

Little Sheep Hot Pot ជា​ភោជនីយដ្ឋាន​ដែល​ទទួលជោគជ័យ​យ៉ាង​ធំធេង​ក្នុង​រយៈពេល 18 ឆ្នាំ​មកហើយ​នៅតាម​ដង​វិថី​អាល់​លែ​ន លេខ22 ក្នុង​ទីក្រុង​បាវ​ទូ នៃ​រដ្ឋ​ម៉ុង​ហ្គោ​លី ជាមួយនឹង​បណ្តាញ​ទូទាំង​ពិភពលោក​នៅក្នុង 120តំបន់ និង​ទីក្រុង​នានា​ដែលមាន​ហាង​ជិត 300កន្លែង​ទៀត​នៅតាម​បណ្ដា​ទីក្រុងធំៗ ដូចជា​សៀង​ហៃ ហុងកុង តូ​ក្យូ ញូវយ៉ក និង​តូ​រ៉ុ​ន​តូ​ជាដើម។

លោក ជី សិលា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន យីន​កុក ហ៊្វូដខប ជា​សម្ព័ន្ធ​ក្រុមហ៊ុនមេ​របស់​ភោជនីយដ្ឋាន The Asian kitchen ដែល​បម្រើ​សេវាកម្ម​ម្ហូប​បែប​អាស៊ាន និង​ចិន​បាន​លើកឡើងថា មូលហេតុ​ដែលយើង​បង្កើត The Asian kitchen នៅក្នុង​ទីផ្សារ​ម្ហូបអាហារ​កម្ពុជា ក៏​ព្រោះតែ​វា​ជា​ភោជនីយ​ដ្ខា​ន​បម្រើ​សេវាកម្ម​មុខម្ហូប​បែប​អាស៊ាន និង​ចិន ព្រោះ​យើង​គិតថា ប្រភេទ​ម្ហូប​ទាំងនេះ​វា​សាមញ្ញ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ​អាច​ហូប​បាន និង​កំពុង​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​យើង។

លោក​បាន​ប្រាប់​បន្ដថា បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​ចំពោះ​ការបម្រើ​ម្ហូបអាហារ​របស់​យើង​ហើយ​នោះ លោក​ក៏​នឹងមាន​គម្រោង​បើក​នូវ​សាខា​បន្ថែមទៀត​ដែលមាន​ទីតាំងនៅ Exchange Square Mall ផងដែរ។

ទោះបីជា​យ៉ាងណា លោក ជី សិលា បាន​សម្ដែង​នូវ​គំនិត​សុទិដ្ឋិនិយម​ទៅលើ​អតិថិជន​ក្នុងស្រុក​ចំនួន 90%ថា​នឹង​អាច​ជំរុញ​ភោជនីយដ្ឋាន The Asian Kitchen ឱ្យ​ទទួលបាន​ភាពជោគជ័យ​ ​និង​ឈានទៅដល់​ការពង្រីក​អាជីវកម្ម​បន្ដបន្ទាប់​ទៀត ព្រោះ​អតិថិជន​ក្នុងស្រុក​ដែលមាន​អាយុ​ក្រោម 30 ឆ្នាំ បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​របៀប​រស់នៅរ​បស់​ពួកគេ​យ៉ាង​លឿន ដោយ​និយម​ចូលចិត្ត​ការទទួល​ទាន​អាហារ​នៅក្រៅ​ផ្ទះ ជាពិសេស​អាហារ​បែប​ចិន​តែម្ដង ខណៈដែល​ពួកគេ​ជាប់រវល់​ការងារ។

ភោជនីយដ្ឋាន The Asian Kitchen បើក​បម្រើ​ម្ហូបអាហារ​បែប​អាស៊ាន ពិសេស​ត្រូវបាន​ផ្ដោតទៅលើ​ម្ហូបអាហារ​បែប​ចិន មានដូចជា​ជ្រូក មាន់ ទាខ្វៃ ជាដើម។ ភោជនីយដ្ឋាន​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន​កម្ពុជា និង​ក្រុមហ៊ុន​មកពី​ប្រទេស​សិង្ហ​បុរី។

លោក គួច សុខលី ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា​បាន​លើកឡើងថា៖ “បច្ចុប្បន្ន​បើទោះជា​ចំនួន​ភោជនីយដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​ជា​បន្ដបន្ទាប់ ពិសេស​នៅ​រាជធានី​ក្រុងភ្នំពេញ​ក៏ដោយ ប៉ុន្ដែ​ខ្ញុំ​យល់ថា ក៏​វា​នៅតែ​មិនទាន់​អាចបំពេញ​តម្រូវការ​ស​ម្រា​ប់​អតិថិជន​ដែល​និយម​ចេញមក​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ផ្ទះ​បាន​គ្រប់គ្រាន់​នៅឡើយ​ដែរ”។

ទោះបី​ជាមាន​ភោជនីយដ្ឋាន​ជាច្រើន​មាន​បម្រើ​ម្ហូបអាហារ​ជាច្រើន​មុខ​មកពី​បណ្ដា​ប្រទេសផ្សេងៗគ្នា​នៅលើ​ពិភពលោក​ដូចជា ចិន ជប៉ុន កូរ៉េ អឺរ៉ុ​បអុីតាលី​ជាដើម​ក៏ដោយ ក៏​ពលរដ្ឋ​កម្ពុជា​នៅតែមាន​ការពេញនិយម​ទៅលើ​ម្ហូបអាហារ​បែប​ចិន​ច្រើនជាង​ម្ហូបអាហារ​មកពី​ប្រទេសផ្សេងៗដែរ ដោយសារតែ​គ្រឿងផ្សំ និង​របៀបរបប​នៃ​ការ​ចម្អិន​អាហារ និង​រសជាតិ​អាចឱ្យ​ពួកគេ​ទទួលយកបាន និង​មានការ​ពេញនិយម​ទៀតផង។

អ្នកស្រី DENISE LUM នាយិកា​គ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​នៃ​ភោជនីយដ្ឋាន Emperors of China បាន​បញ្ជាក់ថា ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​តាំងពី​ឆ្នាំ2012មកម៉្លេះ ជាមួយនឹង​គំនិតថ្មីៗនៃ​ការច្នៃ​ម្ហូប​បែប​ក្វាង​ទុង​សម័យ​ទំនើប ដោយ​ផ្ដោតទៅលើ​បរិបទថ្មីៗនៅ​ទីក្រុង​ហុងកុង និង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ផ្ដល់នូវ“អាហារ​ឌី​ម​សាំ”ច្រើន​ជម្រើស​ជាមួយ​មុខម្ហូប​ឈ្ងុយឆ្ងាញ់​ជាច្រើន​ទៀត​ដូចជា មាន់ ទា និង​សាច់ជ្រូក​ខ្វៃ បាយ​មាន់​ហៃណាំ ឈុត​ស៊ុប​ពិសេស ឈុត​ម៉ា​ឡា ស្លាបមាន់​បំពង​ស្រួយ និង​មុខម្ហូប​ជាច្រើន​មុខ​ផ្សេងទៀត។

នាយិកា​គ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​នៃ​ភោជនីយដ្ឋាន Emperors of China បានបញ្ជាក់​បន្ដថា មូល​ហេតុដែល​អ្នកវិនិយោគ​សម្រេចចិត្ត​បោះទុន​វិនិយោគ​បង្កើត​ភោជនីយដ្ឋាន​បែប​ចិន​នៅក្នុង​ទឹកដី​កម្ពុជា គឺ​ដោយសារតែ​ពួកគេ​សង្កេតឃើញ​ប្រជាជនកម្ពុជា​កាន់តែ​មាន​ការពេញនិយម​ទទួលទាន​ម្ហូបអាហារ​បែប​ចិន ពិសេស​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឱ្យបាន​ច្រើន ដូច្នេះ​ការបង្កើត​ភោជនីយដ្ឋាន​បែប​ចិន​ជា​ជម្រើស​កាន់តែ​ល្អប្រសើរ​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំងនោះ​ឱ្យ​កាន់តែ​ចង់​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​បានយូរ​ឡើង។

គួរ​បញ្ជាក់ផងដែរថា បច្ចុប្បន្ន​នេះប្រជាពលរដ្ឋ​កម្ពុជា​មានការ​ពេញនិយម​ទទួលទាន​អាហារ​ចិន​ចំនួន 3មុខ​គឺ 1.អាហារ​ឌី​ម​សាំ 2.អាហារ​បែប​ខ្វៃ និង3.អាហារ​បែប​ស៊ុប៕

Advertisement