អាជ្ញាធរ​នឹង​ចាត់ការ​ដាច់ខាត​លើ​ក្រុម​ឡាន​ឈ្នួល​លើផ្លូវ​សហព័ន្ធរុស្ស៊ី

ខណៈ​មើលឃើញថា ផ្លូវ​សហព័ន្ធរុស្ស៊ី ជា​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ប្រតិភូ​ជាតិ និង​អន្ដរជាតិ​ឆ្លងកាត់​នោះ កាលពីពេលថ្មីៗនេះ​សាលា​រាជធានី​ភ្នំពេញ​បាន​ចាត់វិធានការ​ក្ដៅ​បន្ថែមទៀត​លើ​បញ្ហា​ចរាចរណ៍​នៅលើ​ដងផ្លូវ​នេះ​ដើម្បីឱ្យ​ការធ្វើដំណើរ​កាន់តែ​មាន​ភាពងាយស្រួល និង​មាន​សណ្ដាប់ធ្នាប់​ឡើង។

ដើម្បី​ជា​មុខមាត់​ប្រទេសជាតិ​ខណៈ​មាន​ប្រតិភូ​អន្ដរជាតិ​ឆ្លងកាត់​ផ្លូវ​នេះ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នៃ​ការធ្វើ​អាជីវកម្ម​របស់​រថយន្ដ​ឈ្នួល​នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី  សាលា​រាជធានី​ភ្នំពេញ​បានដាក់​កំហិត​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តឹងរ៉ឹង​លើ​រថយន្ដឈ្នួល​ទាំងឡាយណា​ដែល​បាន​យក​ចិញ្ចើមផ្លូវ​ធ្វើជា​ចំណត​របស់ខ្លួន​ដើម្បី​ធ្វើ​អាជីវកម្ម​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ​នៅតាម​ដងផ្លូវ​មួយ​នេះ។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ពិនិត្យឡើងវិញ​ជុំវិញ​បញ្ហា​អាជីវកម្ម​រថយន្ដឈ្នួល​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​ថា នឹងត្រូវ​រៀបចំ​បែបណា​ឱ្យ​ម្ចាស់​រថយន្ដ​ទាំងអស់នោះ​ត្រូវ​ទៅរក​កន្លែង​ចត​ឱ្យបាន​ត្រឹមត្រូវ។ អាជ្ញាធរ​ទាំងអស់​មិន​ត្រូវ​សម្ងំ​នៅ​ស្ងៀម​ទេ។ មិនតែប៉ុណ្ណោះ​ឯកឧត្ដម​បាន​បន្ទោ​សទៀ​ត​ថា សព្វថ្ងៃ​កិច្ចការ​នេះ​ធ្វើឡើង​មិន​ខុសពី​ការ​វែក​ចក​នោះទេ។

គួរ​បញ្ជាក់ថា សព្វថ្ងៃ​មាន​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​សហព័ន្ធរុស្ស៊ី​ជាច្រើន​តែងមាន​ការ​រអ៊ូ​រទាំ​ចំពោះ​រថយន្ដឈ្នួល​ដែល​យក​ចំណីផ្លូវ​ធ្វើជា​ចំណត​ដើម្បី​ចាប់​ម៉ូយ​ដែល​បង្កឱ្យមាន​ការកកស្ទះ និង​បង្ក​ភាព​រញ៉េរញ៉ៃ​ប្រសេចប្រសាច គ្មាន​សណ្ដាប់ធ្នាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​បាន។

អភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា៖«អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ច្បាស់លាស់ កន្លែង​ណា​ធ្វើ​កំណត់ហេតុ​ហើយ ត្រូវ​ប្រើ​ឡានស្ទូច​យកទៅ​ទុក បើ​ខ្វះ​កន្លែង​ចាំ​រក​កន្លែង​បន្ដទៀត ឬ​ត្រូវ​ជួល​ដី​គេ​ក៏បាន ច្បាប់​គឺ​ច្បាប់!»៕

Advertisement