ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង​នៅតែ​អាច​រក្សា​ស្ថិរភាព​របស់ខ្លួន​បានល្អ​ប្រសើរ

បើទោះជា​បច្ចុប្បន្ន​មានការ​លើកឡើងថា សកម្មភាព​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅ​កម្ពុជា ហាក់​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ដោយសារតែ​ការបោះឆ្នោត​ជិត​ឈានចូល​មកដល់​នោះ ក៏​សកម្មភាព​នៃ​ការទិញ លក់ និង​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាត់ដំបង​មិនមាន​អ្វី​ជា​បញ្ហា​ចោត​នោះទេ។

បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ឃី រៀល​អ៊ី​ស្ទេ​ត ប្រចាំ​ខេត្ដ​បាត់ដំបង លោក សៀក នារ​តី បាន​និយាយថា ស្ថានភាព​អចលនទ្រព្យ​នៅ​ក្រុង​បាត់ដំបង ពេលនេះ​គឺមាន​ភាពល្អប្រសើរ​ជាធម្មតា នេះ​មានន័យថា តម្លៃ និង​សកម្មភាព​នៃ​ការទិញ លក់ គឺ​នៅ​ធម្មតា​ដដែល ដែល​ស្ថានភាព​បែបនេះ​មាន​តាំងពី​ឆ្នាំមុន​មកម្ល៉េះ។ លោក បន្ដទៀតថា ទោះជា​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​កម្ពុជា ជិត​ឈានចូល​មកដល់​ក៏ដោយ ក៏​ស្ថានភាព​នៃ​ការទិញ លក់​អចលនទ្រព្យ​នៅក្នុង​ខេត្តបាត់ដំបង មិនមាន​ការ​ថមថយ​នោះទេ។

បច្ចុប្បន្ន​ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង ម្ដុំ​ផ្សារណាត់ និង​ផ្សារ​ថ្មី មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ចន្លោះ​ពី1,000-1,500ដុល្លារ រីឯ​នៅ​តំបន់​ក្រវាត់ក្រុង អាចមាន​តម្លៃ​ក្នុង​រង្វង់​ពី250-600ដុល្លារ។ លោក នារ​តី បាន​ប្រាប់​ឱ្យដឹងទៀតថា មូល​ហេតុដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាត់ដំបង​អាច​រក្សាបាន​ភាពរឹងមាំ​នោះ គឺ​ដោយសារ​តែមាន​កត្តាធំៗចំនួន2 គឺ​ទី1 កត្តា​ប្រជាជន និង​អ្នករក​ស៊ីក្នុង​វិស័យនេះ​នៅតែមាន​ជំនឿ​លើ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ទី2 ក្រុង​បាត់ដំបង ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​តំបន់​កម្សាន្ត និង​ប្រាសាទបុរាណ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ។

បាត់ដំបង ត្រូវបាន​គេ​ដឹងថា​ជា​ខេត្ត​មាន​សក្ដានុពល​មួយ​ក្នុងចំណោម​ខេត្ដ​ក្រុង​ដែលមាន​សក្ដានុពល​ទាំង​បួន​របស់​កម្ពុជា​ក្រៅពី​រាជធានី​ភ្នំពេញ ដែលមាន​ដូចជា ខេត្ដ​សៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ចាម។ បាត់ដំបង ជា​ខេត្ត​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន មាន​សកម្មភាព​ពាណិជ្ជ​ល្អប្រសើរ មាន​តំបន់​ទេសចរណ៍ និង​ប្រាសាទបុរាណ ព្រមទាំង​មាន​ព្រំប្រទល់​នៅជាប់​ជាមួយ​ប្រទេស​ថៃ ដែល​បង្កលក្ខណៈ​អំណោយផល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ។

នាពេលថ្មីៗនេះ​ក្រុង​បាត់ដំបង ក៏​កំពុងតែ​ត្រៀម​សម្រាប់​ការដាក់បញ្ចូល​អគារចាស់ៗ រួមទាំង​វត្ដ​អា​រ៉ា​ម និង​ផ្សារ​ដែល​ត្រូវបាន​សាងសង់ឡើង​នា​សម័យ​អាណានិគម​បារាំង ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ផងដែរ។

លោក សៀក នារ​តី បាន​អះអាងថា៖ «តាមរយៈ​បទពិសោធ​ខ្ញុំ​ដែល​ធ្វើការ​ងារ​លើ​ផ្នែក​អចលនទ្រព្យ​នៅ​ខេត្ដ​បាត់ដំបង ខ្ញុំ​គិតថា​ស្ថានភាព​ដីធ្លី​នៅទីនេះ​នឹង​មិនមាន​បញ្ហា​អ្វី​នោះទេ គឺ​នៅតែ​មានឱកាស​សម្រាប់​ការទិញ​លក់បាន​យ៉ាង​ល្អ។ ប្រសិនបើ​គម្រោង​របស់​អាជ្ញាធរ​ខេត្ដ​ដែល​កំពុង​ធ្វើ​ជាមួយ​អង្គការ UNESCO អាច​ឈានដល់​ភាពជោគជ័យ ខ្ញុំ​ជឿថា​ភ្ញៀវទេសចរ​នឹងមាន​កំណើន​បន្ថែមទៀត ហើយ​ពេលនោះ​អ្នកវិនិយោគ​កាន់តែ​មានឱកាស​ច្រើន​សម្រាប់​ការប្រកប​អាជីវកម្ម ក៏ដូចជា​ការសង់​សណ្ឋាគារ ផ្សារ​ទំនើប និង​អា​ផាត​មិន ជាដើម»។

យ៉ាងណា ក៏លោក​បាន​ចែករំលែក​បទពិសោធ​ថា លោក​មិនអាច​សន្ម​ត់​ថា​អចលនទ្រព្យ​នៅក្នុង​បាត់ដំបង​នឹងមាន​ការអភិវឌ្ឍ​កម្រិតណា​នោះទេ ប៉ុន្ដែ​តាមរយៈ​សក្ដានុពល​ដែល​ក្រុង​បាត់ដំបង​មាន គឺ​អ្នកវិនិយោគ​គួរតែ​ចាប់ផ្ដើម​គិតគូរ​ពី​ការវិនិយោគ​ពី​ពេលនេះ​តទៅ ព្រោះ​អាច​ថា​ជា​ពេលវេលា​មួយ​ស័ក្តិសម​បំផុត៕

Advertisement