អ្នកជំនាញ​បរទេស​ចង់ឱ្យ​យុវជន​តាម​ខេត្តឆ្ងាយៗរៀន​ជំនាញ​ឱ្យបាន​ច្រើន

ភ្នំពេញ៖ លោកស្រី ខា​រី​ន សា​លឺ​ណូ (Carin Salerno) នាយិកា​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​បា​ន​លើកឡើងថា រដ្ឋាភិបាល​ស្វ៊ី​សនឹង​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​ងាយ​រងគ្រោះ និង​ក្រីក្រ​នៅតាម​ខេត្តផ្សេងៗទៀត​ក្នុងប្រទេស​កម្ពុជា​ដើម្បីឱ្យ​យុវជន​ទាំងនោះ​ទទួលបាន​នូវ​ឱកាស​ការងារ​សមរម្យ​នៅក្នុង​សង្គម។

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី26 តុលា ម្សិលមិញ លោកស្រី​នាយិកា​បាន​ពិភាក្សា​ការងារ​អំពី​គម្រោង​រួមគ្នា​រវាង​អង្គការសហប្រជាជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ផ្តល់ឱកាស​ការងារ​ទៅដល់​យុវជន​ដែល​គម្រោង​នេះ​ភាគី​ស្វ៊ី​ស​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ស្វ៊ី​ស​ដែល​បាន​ជួយ​ដល់ គម្រោង​អភិវឌ្ឍន៍​ជំនាញ​ដល់​យុវជន​ងាយ​រងគ្រោះ និង​ក្រីក្រ​កម្ពុជា​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តព្រះវិហារ ដោយ​បណ្តុះបណ្តាល​លើ​ជំនាញ​បដិសណ្ឋារកិច្ច ជួលជុល​គ្រឿងយន្ត​កសិកម្ម កែស​ម្ជ​ស្ស និង​ជំនាញ​ផ្នែក​សម្អាងការ។

ឯកឧត្តម​បញ្ជាក់ថា ថ្មីៗនេះ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ បាន ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​រួមគ្នា​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ឱកាស​ការងារ​យុវជន។ ក្រៅពី​ជួយ​លើ​ការងារ​បណ្តុះបណ្តាល រដ្ឋាភិបាល​ស្វ៊ី​ស​តាមរយៈ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិ​ច្ចស​ប្រតិបត្តិការ​បាន​ជួយ​គាំទ្រ​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដូច្នេះ​គម្រោង​ទាំងអស់នេះ​ពិតជា​បានផ្តល់​វឌ្ឍនភាព និង​ផ្តល់ឱកាស​ច្រើន​ទៅដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​ដែល​បាត់បង់​ឱកាស ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ឬក៏​ខេត្តឆ្ងាយៗអាច​ទទួលបាន​ឱកាស​ថ្មី​ឡើងវិញ តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ។

https://i.istockimg.com/file_thumbview_approve/18952756/1/stock-photo-18952756-repairing-car-with-computer.jpg.jpg

គេ​សង្កេតឃើញថា នៅពេលដែល​យុវជន​រៀន​ចេះ​ជំនាញ​អ្វីមួយ​ច្បាស់លាស់​ហើយ មិន​ថា​ជំនាញ​បដិសណ្ឋារកិច្ច គ្រឿងយន្ត អេឡិចត្រូនិក កសិកម្ម កែ​សម្ផស្ស ឬ​សម្អាងការ​នោះទេ ពួកគេ​នឹងមិន​សូវ​ធ្វើ​ចំណាកស្រុក ឬ​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​នោះទេ ប៉ុន្តែ​ពួកគេ​នឹង​បង្កើត​ការងារ​ដោយ​ខ្លួនឯង រកប្រាក់​ចំណូល​បាន​សមរម្យ ដូច​ពាក្យចាស់​លោក​ថា«ចេះ​ស្ទាក់ស្ទើរ​ល្ងីល្ងើ​ឥត​បទ ចេះ​ប្រាកដ​ប្រាក់​រត់តាម​ហៅ»៕

Advertisement