ភ្នំពេញ – ជាដំណោះស្រាយក្នុងការជួយសម្រួលដល់ការលំបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដោយសារតែមានការកកស្ទះស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងត្រង់ចំណុចច្រមុះជ្រូក ឬកែងផ្លូវ271ជាមួយនឹងផ្លូវសម្ដេចតេជោ និងមួយទៀតត្រង់ចំណុចរង្វង់មូលចោមចៅនោះ រដ្ឋបាលសាលារាជធានីភ្នំពេញបានសម្រេចសាងសង់ស្ពានអាកាសត្រង់ចំណុច2នេះបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅ និងចេញចូលជាប្រចាំក្នុងរង្វង់ 3លាននាក់ ពិសេសរថយន្ដបានចេញចូលធ្វើចរាចរយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានប្រជាជនធ្វើដំណើរចេញចូលមកពីតាមបណ្ដាខេត្ដនានាយ៉ាងច្រើនទៀតផង ដូច្នេះក្នុងនាមសាលារាជធានីភ្នំពេញ យើងចាំបាច់ត្រូវតែគិតគូរបន្ថែមដើម្បីធ្វើយ៉ាងណាជូយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងនៅពេលមានការកកស្ទះចរាចរណ៍។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ «នៅក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញ នៅពេលធ្វើស្ពានអាកាសផ្លូវចោមចៅ និងស្ពានអាកាសនៅត្រង់ម្ដុំច្រមុះជ្រូកជិតក្បាលថ្នល់ (ផ្លូវអគ្គមហាសេនាបតីតេជោហ៊ុនសែន កែងនឹងផ្លូវ271 )ហើយ យើងមានគម្រោងធ្វើស្ពានអាកាស ឬអាចធ្វើផ្លូវក្រោមដីបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបងប្អូនពលរដ្ឋយើងអាចធ្វើដំណើរទៅមកបានដោយសុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍»។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសសរុបចំនួន5ទីតាំងហើយ ក្នុងនោះមានដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស7មករា ស្ពានអាកាសតិចណូ ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាសផ្សារដីហុយដែលស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី៕