9ខែ​ដើមឆ្នាំ2017 កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង1,500លាន​ដុល្លារ

ភ្នំពេញ៖ ត្រឹម​រយៈពេល 9ខែ​ដើមឆ្នាំ 2017 នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា ការប្រមូល​ពន្ធដារ​ពី​ពលរដ្ឋ ដូចជា​អាជីវករ និង​វិនិយោគិន ម្ចាស់​សហគ្រាស​ក្រុមហ៊ុនផ្សេងៗបាន​ប្រមាណ​ជាជាង 1,500លាន​ដុល្លារ​អាមេរិក។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ឱ្យដឹងថា ចំណូល​ពន្ធ​ខែកញ្ញា 2017 តាម​ប្រព័ន្ធ online  មាន​ចំនួន 529.92ពាន់លាន​រៀល ស្មើនឹង 132.48លាន​ដុល្លារ សម្រេចបាន92.65% នៃ​ផែនការ ឯ​លទ្ធផល​ប្រចាំត្រីមាស​ទី3 ឆ្នាំ2017 ធៀប​នឹង​ផែនការ​ឆ្នាំ2017 ចំណូល​សរុប 6186.20ប៊ី​លាន​រៀល​ស្មើនឹង 1,546.55លាន​ដុល្លារ ស្មើនឹង 90.15%នៃ​ផែន​ការសរុប។

ចំណែក​រយៈពេល8ខែ​ដើមឆ្នាំ2017 អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ​បាន​ប្រមាណ​ជា 5,657 ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជា 1,414.43លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​សម្រេចបាន​ប្រមាណ​ជា 82.43% នៃ​ផែនការ​កំណត់ដោយ​ច្បាប់។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មានប្រសាសន៍ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ2014 – 2018 ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ គឺ​មិនមាន​ការបង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​ទេ ដោយ​គ្រាន់តែ​មានតែ​ពង្រឹង​លើ​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ុណ្ណោះ។

លើសពីនេះ រដ្ឋាភិបាល​បានគិត​គូរ​ដល់​ប្រជាពលរដ្ឋ​អ្នករកស៊ី​តូចតាច តាមរយៈ​ការលុបចោល​នូវ​របប​ម៉ៅការ ស្របតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2016 ដែល​ក្នុងនោះ ប្រជាពលរដ្ឋ​អាជីវករ​តូចតាច​បែប​លក្ខណៈ​គ្រួសារ​ដូច​រៀបរាប់​ខាងលើ ហើយ​មាន​កម្រិត​ផលរបរ​ក្រោម 250លាន​រៀល គឺជា​កម្មវត្ថុ​នៃ​ការលើកលែង​ពន្ធ និង​មិនមាន​កាតព្វកិច្ច​សារពើពន្ធ​ទេ៕

Advertisement